រាជធានីភ្នំពេញ ៖ កូនប្រុសលោក គង់ គាំ អតីតអ្នកនយោបាយជើងចាស់ចំនួនពីររូបបានកំពុង ធ្វើនយោបាយប្រឆាំងគ្នា ដើម្បីកាន់អំណាចរៀងខ្លួនដោយម្នាក់ដើរគន្លងតាមអតីតបក្សប្រឆាំង និងម្នាក់ទៀតបានបង្កើតគណបក្សនយោបាយថ្មីដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២៩១៨នេះ។ លោក គង់ សភា អតីតសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ ហើយត្រូវបានតុលាការ កំពូលកាត់ក្តីមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយលោកស្ថិតក្នុងសមាជិកជាន់ខ្ពស់អតីត គណបក្សជាតិបានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខដែលផ្ទុយពីលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។
លោក គង់ សភា បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី៩ កក្កដានេះ បញ្ជាក់យ៉ាងដូច្នេះថា «ជំងឺដែលកាចសាហាវបំផុតនៅក្នុងសង្គមគឺជំងឺញៀន អំណាចរបស់ជនផ្តាច់ការ។ បើចង់បន្សាប ឬកម្ចាត់ជំងឺនេះទាល់តែរាស្ត្រទាំងអស់ស្រុះគ្នា ងើបឡើង ធ្វើពហិការមិនទៅបោះឆ្នោត ឈប់ខ្លាចការសំឡុតគំរាមកំហែង ដោយប្រើម្រាមដៃ ដេកផ្ទះនោះយើងទទួលជោគជ័យហើយ»។ សាររបស់លោក គង់ សភា គឺផ្ទុយពី គោលនយោបាយរបស់ប្អូនប្រុសគឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែរកំពុងខិតខំកៀរគរប្រជាពលរដ្ឋទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សខ្លួន តាមរយៈសារនយោបាយ និងចុះផ្ទាល់។ សូមជម្រាបថា លោក គង់ សភា ដែលគេដឹងថា ជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសពីនាក់ទៀត របស់លោក គង់ គាំ អតីតទីប្រឹក្សា គណបក្សសង្គ្រោះជាតិ គឺលោក គង់ បូរ៉ា និងលោក គង់ មុនីកា។
លោក គង់ សភា រួមទាំងលោក គង់ បូរ៉ា និងឪពុក (លោក គង់ គាំ) ធ្លាប់បានប្រកាសគាំទ្រចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរ របស់ប្អូនផងដែរ។ ជាងនេះលោកក៏បានជួយស្វែងរកស្នាមមេដៃជូនលោក គង់ មុនីកា ដាក់ទៅក្រសួងមហាផ្ទៃដើម្បី មានសិទ្ធិបង្កើតគណបក្សនយោបាយតាមកំណត់របស់ច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះបងប្អូនបង្កើតទាំងនេះ បានធ្វើនយោបាយប្រឆាំងគ្នាមួយ ចង់ឲ្យពលរដ្ឋទៅបោះឆ្នោត និងម្នាក់មិនឲ្យពលរដ្ឋទៅបោះឆ្នោត។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរដែលត្រូវបានគាំទ្រពីឪពុក និងបងៗ ហើយជាកូនពៅ លោក គង់ គាំ ធ្លាប់បានលើកឡើងថា បានជាលោកបង្កើតដោយសារលោកមើលឃើញថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ហើយគ្មានសង្ឃឹមថានឹងអាចរស់ឡើងវិញ ទើបលោកបង្កើតគណបក្សឆន្ទៈខ្មែរឡើង។
លោកក៏បានលើកឡើងថា ការបង្កើតគណបក្សនេះដោយមើលឃើញចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច។ លោកថា គណបក្សរបស់លោកពឹងផ្អែកលើការគាំទ្ររបស់អតីត គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជូន។ យ៉ាងណាក្តីការបង្កើតគណបក្សឆន្ទៈខ្មែរត្រូវបានថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិព្រមទាំងសកម្មជនមួយចំនួនគណបក្សនេះធ្វើការរិះគន់យ៉ាងខ្លាំងចំពោះលោក គង់ គាំ ដែលជំរុញឲ្យកូនបង្កើតគណបក្ស និងថាការបង្កើតគណបក្សចង់ស៊ីកេរ្តិ៍ ថែមទៀត។ សូមជម្រាបថា លោក គង់ គាំ លោក គង់ បូរ៉ា និងលោក គង់ សភា នៅក្នុងបក្សសម រង្ស៊ី និងសង្គ្រោះជាតិ ដើម្បីចង់ឲ្យកូនធ្វើនយោបាយ និងមានមុខមាត់ក្នុងសង្គមជាតិ៕
ចែករំលែកព័តមាននេះ