អីយ៉ា! កីឡាករ ម៉ឺន សុភា បង្ហាញ​មុខ​អនាគត​ភរិយាដ៏​ស្រស់​ស្អាតហើយ


រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កណ្ដាប់ដៃ​ដែក​បំបែក​សិលា ម៉ឺ​ន សុភា សិស្ស​គុន​ប្រចាំ
សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១៨ បាន​ភ្ជាប់ពាក្យជាមួយ​នារី​រូប​ស្រស់​ម្នាក់​ជា​កូន​អ្នក​កំពង់ស្ពឺ ។

ក្នុង​បទ​សម្ភាស​ខ្លី​តាម​ទូរស័ព្ទ​ជាមួយ​អ្នក​យកព័ត៌មាន​កោះសន្តិភាព ម្ចាស់​មេដាយមាស​កីឡាជាតិ​លើក​ទី​១​រូប​នេះ បាន​បង្ហាញ​អត្តសញ្ញាណគូ​ដណ្ដឹង​របស់​ខ្លួន​ថា អនាគត​ភរិយា​​​របស់ លោក​ឈ្មោះ នួន ស្រី​ណា អាយុ​២២​ឆ្នាំ ជា​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ។ នាង​ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ដែល​មាន​ឪពុក​ម្ដាយជា​កសិករ ។

លោក​បញ្ជាក់​ថា មុន​នឹង​ឈានដល់​ពិធី​ភ្ជាប់ពាក្យ​នេះ លោក និង​នាង​បាន​ទាក់ទង​ស្គាល់​​ចិត្តថ្លើម​គ្នា​ដោយ​មាន​ចាស់ទុំ​ទាំង​សងខាង​ជួយ​ដឹង​ឮ​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយនិង​មាន​គម្រោង​រៀប​ការ​ក្រាប​ក្បាល​ដល់​កន្ទេល​នៅ​ឆ្នាំ​ក្រោយ​ទៀត​ផង។

ពេល​សាកសួរ​ពី​ប្រវត្តិ និង​ស្នាដៃ​នៅ​ក្នុងពិភព​ប្រដាល់ ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេ​ម​ឆ្នាំ
២០១៧​វិញ្ញាសា​ប្រដាល់សេរី​កីឡាករ ម៉ឺន សុភា បាន​បង្ហើប​ប្រាប់​ពី​ប្រវត្តិ​របស់​ខ្លួន​មុន​ចូល​ប្រឡូក​អាជីព​ជា​អ្នក​ប្រដាល់​លើ​សង្វៀន​ថា លោក​ធ្លាប់​ធ្វើ​ជា​សន្តិសុខ​យាម ឡាន​ម៉ូតូ នៅ​ក្លិប​ប្រដាល់​មួយ​កន្លែង​នៅ​ខេត្តកណ្ដាល អំឡុង​៨​ឆ្នាំ​មុន ។ ប៉ុន្តែ​ដោយសារ​តែ​កាយ​សម្បទា​លោក​អំណោយផល រួម​ទាំង​មាន​និស្ស័យ​លើ​ប្រដាល់​គុន​ខ្មែរ​ផង​លោក
ក៏​សម្រេចចិត្ត​ហ្វឹកហាត់​ប្រដាល់​ផង និង​ធ្វើការ​ជា​សន្តិសុខ​ផង​ចាប់ពី​ពេល​នោះ​មក​។

អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ​កម្ពុជា មាន​ប្រភព​មក​ពី​ខេត្តកណ្ដាល​រូប​នេះ រំលឹក​ថា ក្រោយ​ហ្វឹកហាត់​សាកល្បង​មួយ​រយៈ គ្រូបង្វឹក​ប្រចាំ​ក្លិប​លោក ភេ ឌី ក៏​បាន​ជំរុញ​បន្ថែម​រហូត​ផ្ដល់​ឱកាស​ឱ្យ​លោក​ឡើង​រេញ​អំឡុង​ឆ្នាំ​២០១០​។

អ្នក​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​បច្ចុប្បន្ន​ជ្រក​ក្រោម​ដំបូល​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ដែល​មាន​លោក ធន់ សុភា ជា​គ្រូបង្វឹក​រូប​នេះ មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​រហូត​ក្លាយជា​កីឡាករ​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តូច​ធំ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​សរុប​ប្រមាណ​ជិត​១០០​លើក​ដោយ​ដណ្ដើម​បាន​ពាន​និង​មេដាយ​ជា​ច្រើន។

ជាក់ស្ដែង ក្រៅពី​ដណ្ដើម​បាន​មេដាយមាស​កីឡា​ជាតិ​លើក​ទី​១ និង​មេដាយ​ប្រាក់​ស៊ី​ហ្គេម​​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក​ក៏ដណ្ដើម​បាន​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ
ក្រាម​​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​២០១៧​ទៀត​ផង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ