អីយ៉ា! ជើងថ្មី វាយបំបាក់ជើងចាស់ ឱ្យហាលអាវបានសម្រេច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយចំណាយការប្រកួតយ៉ាងស្វិតស្វាញនៅប៉ុស្ដិ៍លេខ៥ ទីបំផុតអ្នកប្រដាល់វ័យក្មេង សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក បានក្លាយជាអ្នកបាត់បង់ឱកាសឡើងទៅកាន់វគ្គបន្តក្នុងវគ្គ១៦នាក់យ៉ាងគួរសោកស្ដាយ ដោយសារតែគូប្រកួតវ័យក្មេងដែលមានគេប៉ាន់ស្មានថា អាចនឹងមិនអាចទៅរួច…
កីឡាករ ណាម ម៉ូរ៉ាក់ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដណ្ដើមបានជោគជ័យគួរឱ្យសរសើរ បើទោះជាគេទើបតែមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតជ្រើសរើសជើងឯកនោះជាលើកដំបូង។
ការប្រកួតដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ ជ្រើសរើសកំពូលជើងឯកTV5 BOXING KNOCK OUT SERIES (K-Cement) នៅស្ទូឌីយូប៉ុស្តីលេខ៥ ស្ថិតក្នុងភូមិព្រែកថ្លឹង កាលពីថ្ងៃសៅរ៍ ទី៧ កក្កដា ឆ្នាំ២០១៨នេះ នៅតែធ្វើឱ្យមានការចាប់អារម្មណ៍ដដែល ជាពិសេសក្នុងពេលដែលកីឡាករក្មេងច្រើននាក់ បានក្លាយជាអ្នកហាលអាវជាបន្តបន្ទាប់។
ការប្រកួតដែលជាសប្តាហ៍ទី៥នេះ កីឡាករជើងថ្មី២រូបក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នេះ នៅតែបន្តទម្លាក់គ្នា ដោយកីឡាករ ណាម ម៉ូរ៉ាក់ បានក្លាយជាអ្នកដណ្ដើមកៅអីបានបន្តទៅវគ្គ១៦នាក់ បើទោះជាកីឡាករម៉ូរ៉ាក់ ទើបតែឡើងប្រកួតបានតែជាង២០ដង ហើយកីឡាករ ខេវិន ដែលធ្លាក់មកហាលអាវធ្លាប់ប្រកួតរហូតដល់ជាង៦០ដងនៅលើរេញ។
នេះជាការបញ្ចប់សប្ដាហ៍ទី៥ហើយ ដែលប៉ុស្ដិ៍លេខ៥ បន្តស្វែងរកអ្នកឡើងអង្គុយកៅអី១៦នាក់ ដើម្បីបន្តការប្រកួតចាញ់ធ្លាក់ៗក្នុងចំណោមកីឡាករទូទាំងប្រទេស៣២រូបក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ឱ្យធ្វើជាម្ចាស់ជើងឯករដូវកាលទី៣៕

ចែករំលែកព័តមាននេះ