ក្រុងប៉ោយប៉ែត ៖ អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់៣ខ្នងសល់តែគ្រោងឆ្អឹង ដែលអគ្គិភ័យនេះផ្ដើមចេញពីក្មេងៗលេងបាយឡុកបាយឡខិតដែកកេះលេង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជិត១២ព្រឹកថ្ងៃទី១៤ មីនា ២០១៣ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ។ លំនៅឋានដែលត្រូវបានអគ្គិភ័យបំផ្លាញទាំង៣ខ្នងខាងលើគេពុំទាន់ស្គាល់អត្តសញ្ញាណម្ចាស់នៅឡើយទេ ដោយសារម្ចាស់នាំគ្នាចូលទៅរកស៊ីនៅផ្សារលុងក្លឿអស់សល់តែក្មេងៗ។
ហេតុការណ៍ឆាបឆេះនេះបើតាមប្រភពពីកន្លែងកើតហេតុប្រាប់ថា បណ្ដាលមកពីក្មេងៗមួយក្រុមនាំគ្នាលេងបាយឡុកបាយឡ ហើយក្មេងម្នាក់ឈ្មោះអាពាង បានយកដែកខិតដុតកន្លែងលេងនោះ ទើបបណ្ដាលឲ្យឆាបឆេះតែម្ដង។ នៅកន្លែងកើតហេតុគេពុំឃើញមានរថយន្តពន្លត់អគ្គិភ័យណាមួយបានចុះដល់កន្លែងកើតហេតុនោះឡើយ គឺមានតែប្រជាពលរដ្ឋនិងប៉ូលិសរដ្ឋបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែតបាននាំគ្នាជួយពន្លត់យ៉ាងសស្រាក់សស្រាំ។ លំនៅដ្ឋានទាំង៣ខ្នងខាងលើ២ខ្នងប្រក់ស្បូវនិង១ខ្នងប្រក់ស័ង្កសី ប៉ុន្តែបាំងជញ្ជាំងកៅស៊ូដូចគ្នា៕
ចែករំលែកព័តមាននេះ