លោកស្នងការ ជួន ណា​រិ​ន្ទ នាំ​យក​សម្ភារ​សិក្សា ចែក​ជូន​សិស្ស​អនុ​វិទ្យាល័យ​ដូងប្រេង​តា​នៃ


ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​សហការី នាំ​យក​សម្ភារ​សិក្សា និង​អាហារ​សម្រន់ មាន នំ​បញ្ចុក​សម្លការី​នំប៉័ង យក​ទៅ​ចែក​ជូន​ក្មួយ​ៗ​សិស្សានុសិស្ស នៅ​អនុ​វិទ្យាល័យ ដូងប្រេង​តា​នៃ ក្នុងស្រុក​ព្រៃ​នប់ ដើម្បី​បាន​បរិភោគ​ជួបជុំ​គ្នា​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ នឹករលឹក​ដោយ​មានការ​ចូលរួម​ពី សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​អ្នក​អាណាព្យាបាល​សិស្ស សរុប​ចំនួន​៣០០​នាក់​។

សិស្សសាលា​អនុ​វិទ្យាល័យ​ដូងប្រេង​តា​នៃ ត្រូវ​បាន​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ជួយ​ឧបត្ថម្ភ​គាំទ្រ អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ​។ គួរ​បញ្ជាក់​ផង​ដែរ ក្មួយ​ៗ​សិស្ស​អនុ​វិទ្យាល័យ​ដូងប្រេង​តា​នៃ ដែល​មាន​លំនៅ​ឋាន​ឆ្ងាយ​ៗ​ពី​សាលារៀន​ជា​ច្រើន​ឆ្នាំ​កន្លង​មក តែងតែ​បក់ដៃ​សុំ​រថយន្ត​ធំ​ៗ​ជិះ​មក​សាលារៀន​ទាំង​ទៅ និង​មក​។ ដោយ​ឃើញ​ពី​ការ​លំបាក​របស់​កូនក្មួយ​ទាំងនោះ ជំហាន​ដំបូង លោកស្នងការ​បាន​ជួល​យានយន្ត​២​គ្រឿង​ជា​បណ្តោះអាសន្ន ដើម្បី​ដឹក​សិស្ស​ទាំងនោះ​គឺ​៖ រថយន្ត​មួយ​គ្រឿង បើក​តាម​ផ្លូវ​គ្រួ​ស​ក្រហម​ចូល​ទៅ​ដឹក​សិស្ស​៣​កន្លែង​មាន​ភូមិ​អន្លង់​ក្រពើ​នៅ​ក្បែរ​ជើងភ្នំ​កំចាយ ភូមិ​ចម្ការ​ដំឡូង និង​ភូមិ​មនោ​រម្យ​។ រីឯ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត ដឹក​សិស្ស​នៅ​ភូមិ​តា​ពៅ តាម​ផ្លូវជាតិ​លេខ​៤​។

ដោយ​មានការ​ចូលរួម​ឧបត្ថម្ភ​ថវិកា ពី​សប្បុរសជន នៅ​ខែមករា ឆ្នាំ​២០១៦ លោកស្នងការ​ទិញ​បាន​រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង រៀបចំ​បំពាក់​កៅអី​សម្រាប់​ដឹក​ជញ្ជូន​សិស្ស បី​ភូមិ​មាន​អន្លង់​ក្រពើ ចម្ការ​ដំឡូង និង​ភូមិ​មនោ​រម្យ រហូត​មក​ដល់​បច្ចុប្បន្ន​។ ដោយ​ជួល​មន្ត្រី​ចូល​និវត្តន៍​ម្នាក់ បើកបរ​ជា​ប្រចាំ ថ្លៃ​ឈ្នួល​ប្រចាំខែ ចំនួន​៥០​ម៉ឺន​រៀល និង​ចំណាយ​ប្រេង​អស់​ចំនួន​៦០០​លី​ត្រ​ក្នុង​មួយ​ខែ លោក​ឧកញ៉ា​ចិត្តធម៌ ទៀ វិចិត្រ ជា​អ្នក​ឧបត្ថម្ភ​ប្រេង និង​ជួល​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​តម្លៃ​៦០​ម៉ឺន​រៀល​ក្នុង​១​ខែ​។

មាន​មតិ​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​នា​ពេល​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ផ្តាំផ្ញើ​ឲ្យ​កូនក្មួយ​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ស្តាប់​បង្គាប់ការ​ទូន្មាន​របស់​ឪពុក​ម្ដាយ និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ចៀស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន និង​គ្រឿង​អបាយមុខ​ផ្សេង​ៗ​ទាំងឡាយ ធ្វើខ្លួន​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ សាក​សមជា​អ្នក​បន្តវេន​ទៅ​ថ្ងៃ​អនាគត​។ ក្នុង​ឱកាស​នោះ​ដែរ លោកស្នងការ​បាន​ចែក​ជូន​ថវិកា​ដល់​សិស្ស​ចំនួន​១៨២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៥.០០០​រៀល លោកគ្រូ​អ្នកគ្រូ​ចំនួន​១១​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៥០.០០០​រៀល និង​អាណាព្យាបាល​សិស្ស​ចំនួន​៧០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​២.០០០០​រៀល​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ