ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពាក្យ​ថា មនុស្ស និង​ម​នឹ​ស្ស​មួយ​ណា​ប្រពៃ​ជាង?

6 ឆ្នាំ មុន

មាន​ពាក្យ​ពីរ​ម៉ាត់​ដែល​ខ្មែរ​យើង​តែង​បញ្ចេញ​សំឡេង​ផ្សេង​គ្នា និង​ឱ្យ​និយម​ន័យ​ផ្សេង​គ្នា​។ អ្នក​ណា​ដែល​បញ្ចេញ​សំឡេង​ថា មនុស្ស​គេ​តែង​គិត​ថា អ្នក​នោះ​ជា​អ្នក​បាន​ទទួល​ការ​សិក្សា​ច្រើន​។ បើ​អ្នក​ណា​បញ្ចេញ​សំឡេង​ ម​នឹ​ស្ស​គេ​ថា អ្នក​នោះ​សម្រែ ឬ​គ្មាន​ការ​សិក្សា​។ ចុះ​ទាំង​ពីរ​ពាក្យ​នេះ…

មាន​ពាក្យ​ពីរ​ម៉ាត់​ដែល​ខ្មែរ​យើង​តែង​បញ្ចេញ​សំឡេង​ផ្សេង​គ្នា និង​ឱ្យ​និយម​ន័យ​ផ្សេង​គ្នា​។ អ្នក​ណា​ដែល​បញ្ចេញ​សំឡេង​ថា មនុស្ស​គេ​តែង​គិត​ថា អ្នក​នោះ​ជា​អ្នក​បាន​ទទួល​ការ​សិក្សា​ច្រើន​។ បើ​អ្នក​ណា​បញ្ចេញ​សំឡេង​ ម​នឹ​ស្ស​គេ​ថា អ្នក​នោះ​សម្រែ ឬ​គ្មាន​ការ​សិក្សា​។ ចុះ​ទាំង​ពីរ​ពាក្យ​នេះ តើ​ពាក្យ​ណា​ត្រូវ​ជាង?

មនុស្ស តាម​ភាសាបាលី​មក​ពី​ពាក្យ​ពីរ​ម៉ាត់​គឺ មន​=​ចិត្ត និង​ឧស្ស​=​ខ្ពស់ រួម​គ្នា​ទៅ​ជា​មនុស្ស ដែល​ប្រែ​តាម​ព្យញ្ជនៈ​ថា អ្នកមាន​ចិត្ត​ខ្ពស់​។ បានជា​លោក​ប្រើ​ពាក្យ មនុស្ស ព្រោះ​យល់​ថា ជា​អ្នកមាន​ចិត្ត​ខ្ពស់ គឺ​ខ្ពស់​ជាង​ពី​រឿង​ការងារ ខ្ពស់​ជាង​រោគ​ដទៃ​ខាង​ផ្លូវចិត្ត ដែល​តែងតែ​មក​បៀតបៀន​។ គឺ​បើ​អ្នក​ណា​ទៅ​ជាម​នុស្សហើយ អ្នក​នោះ​មិន​មាន​រោគ​លោភលន់​លើសលប់​ទេ​។

ចំណែកឯ ម​នឹ​ស្ស ខ្ញុំ​មិនដឹង​ថា​ពាក្យ​នេះ​មាននៅ​ក្នុង​ភាសាបាលី ឬ​ពុទ្ធវចនៈ​នានា​ទេ តែ​ពាក្យ​នេះ អាច​ញែក​ចេញ​ប្រែ ហើយ​មាន​ន័យ​បាន​ត្រូវ​ល្អ​ណាស់ ។ ម​នឹ​ស្ស​មក​ពី​ពាក្យ មនៈ​ប្រែ​ថា ចិត្ត និង​ឥ​ស្សៈ ប្រែ​ថា​ច្រណែន ឫស្យា ឈ្នានីស ភ្ជាប់​គ្នា​ទៅ​បានជា​ពាក្យ​ថា ម​នឹ​ស្ស​ដែល​អាច​ប្រែជា​អត្ថន័យ​ថា អ្នកមាន​ចិត្តឫស្យា ច្រណែនឈ្នានីស​គេ ។

រោគ​ច្រណែន​នេះ​ជា​រោគ​កាច​ណាស់​។ ច្រណែន​ព្រោះ​បាន​មិន​ស្មើគ្នា គេ​ធំ​ជាង​ខ្លួន វា​ប្រសើរ​ជាង​អញ វា​ចង់​មក​វាយឫក​ស្មើ​អញ​…​។ គឺ​សុទ្ធតែ​ជា​រោគ​កាច​ទាំងអស់ ជា​ពិសេស​ពេល​ដែល​វា​មក​កើត មក​ទំ​លើ​អ្នកធំ​ណា​ម្នាក់​ហើយ វា​នឹង​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់ មហន្តរាយ​ដល់​អ្នក​ដែល​វា​មក​ទំ​នោះ​ណាស់​ ។

មុន​ដំបូង វា​ធ្វើ​ឱ្យ​អ្នកជំងឺ ប្រកាច់ប្រកិន វង្វេង​លែង​ដឹង​ខុស​ត្រូវ អស់​សតិ វាយ​គេ​វាយ​ឯង រហូត​ហ៊ាន​ទៅ​សម្លាប់​ជីវិត​អ្នក​ដទៃ ហ៊ាន​ទៅ​ដណ្តើម​ទ្រព្យ​ស​ម្ប​ត្ត​គេ ហ៊ាន​ទៅ​បំផ្លាញ​សេចក្តីសុខ​របស់​ស្វាមី ភរិយា​គេ​ទៅ​ជា​ចេះ​និយាយ​កុហក ចេះ​និយាយ​អាក្រក់ សម្តី​លែង​ពីរោះពិសា ចេះ​និយាយ​ញុះញង់ ចេះ​និយាយ​សម្អុយ​កេរ្តិ៍ឈ្មោះ និយាយ​ប៉ប៉ាច់ប៉ប៉ោច​ពី​គេ ចិត្ត​គិតតែ​ពី​ចង់បាន​ចិត្ត​គិតតែ​រក​ឱកាស​ដើម្បី​ប្រទូស្ត​រ៉ា​យ​ឱ្យ​គេ​វិនាស ហើយ​ទីបំផុត ក៏​ទៅ​ជា​វិកលចរិត លែង​ដឹង​ខុស​ត្រូវ បាប​បុណ្យ គុណ​ទោស​អស់រលីង ព្រោះ​មេរោគ​ច្រណែន​វា​ឡើង​ដល់​កម្រិត​សញ្ញា​ក្បាល​ខ្មោច​ទៅ​ហើយ​។

និយាយ​រួម​អ្នកមាន​ចិត្ត​ឥស្ស ឬ​ម​នឹ​ស្ស​នេះ​អាច​ប្រព្រឹត្ត​នូវ​អកុសល​កម្មបទ​ទាំង​១០ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សន្តិសុខ​សង្គម​សម្បើម​ណាស់ បើ​មាន​ក្នុង​បុគ្គល​ណា គួរ​រក​ថ្នាំ​ព្យាបាល​ដោយ​ធម៌​មុទិតា មេត្តា ករុណា​ឱ្យ​បាន​ឆាប់ ។