ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជនរា ជនពិការ និងអតីតយុទ្ធជន ចំនួនពីរឃុំ ស្មើនឹង២៣៩គ្រួសារ នៅសាលាស្រុកកែវសីមា នាព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងអតីតយុទ្ធជន -ល- ។
អភិបាលខេត្តថា ការនាំយកអំណោយ ផ្តល់ជូនពលរដ្ឋរងគ្រោះនាពេលនេះ គឺជាការចូលរួមចំណែកដោះស្រាយ នូវការខ្វះខាត របស់ពលរដ្ឋ បានមួយកម្រិត ជាពិសេសដើម្បីឱ្យពួកគាត់មានលទ្ធផលភាព ក្នុងការបង្កបង្កើនផល និងប្រកប មុខរបរផ្សេងៗបន្ថែមទៀត។ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាព កាន់តែល្អប្រសើរឡើង ជាពិសេសត្រូវចូលរួមសំអាតអនាម័យជុំវិញផ្ទះឱ្យបានស្អាត តាមរយៈហូប ស្អាត រស់នៅស្អាត និងផឹកស្អាតផងដែរ។
ជាងនេះទៅទៀត លោក ស្វាយ សំអាង បានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ព្រោះសុខសន្តិភាពនេះ គឺជាកត្តាសំខាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ហើយក៏សូមឱ្យពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និតីកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
តាមការបញ្ជាក់ពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ខេត្តមណ្ឌលគិរី លោក ខឹម ចាន់ផល បានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះចំនួន២៣៩គ្រួសារ ស្មើនឹងពីរឃុំ គឺឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្ថិតនៅស្រុកកែវសីមា ដោយក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖ អង្គរ២០គីឡូក្រាម កន្ទេលនីឡុង១ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវផងដែរ៕
ចែករំលែកព័តមាននេះ