ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរីចូលរួម​បរិច្ចាគ​ឈាម​សម្រាប់​សង្គ្រោះអ្នកជំងឺ

8 ម៉ោង មុន
  • មណ្ឌលគិរី

ខេ​ត្ត​មណ្ឌលគិរី ៖ ក្រៅពី​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ប្រចាំ​ថ្ងៃ កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ឆ្លៀតពេល ដើម្បី​ចូលរួម​ជួយ​សម្រាល​បន្ទុក​ដល់​មន្ទីរពេទ្យ​ដែល​មាន​តម្រូវការ​ឈាម​ចាំបាច់​សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ និង​អ្នកជំងឺ​នានា លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល…

ខេ​ត្ត​មណ្ឌលគិរី ៖ ក្រៅពី​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ប្រចាំ​ថ្ងៃ កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ឆ្លៀតពេល ដើម្បី​ចូលរួម​ជួយ​សម្រាល​បន្ទុក​ដល់​មន្ទីរពេទ្យ​ដែល​មាន​តម្រូវការ​ឈាម​ចាំបាច់​សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ និង​អ្នកជំងឺ​នានា លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ​នៅព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱ​វាទ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​ ។

លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​មាន​ប្រសាសន៍​ថា ដោយ​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កង​យុ​ទ្ឋ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តែង​ផ្តាំផ្ញើ​រថា កម្លាំង​អាវុធហត្ថ​មិន​ត្រឹមតែ​មាន​តួនាទី​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​សង្គម​នោះ​ទេ កិច្ច​ការងារ​មនុស្សធម៌ ការងារ​សង្គម ក៏​ជា​ភារកិច្ច​ដ៏​សំខាន់​របស់​មន្ត្រី​កម្លាំង​អនុវត្ត​ផង​ដែរ​ ។

ជាក់ស្តែង​ នា​ពេល​នេះ​យោធិន​អាវុធហត្ថ​ចំនួន​៤១​នាក់ បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​យុ​ទ្ឋ​នា​ការ​បរិច្ចាគ​ឈាម​ជូន​មន្ត្រី​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ចំ​ថ្ងៃ​ទី​១៤​ កុម្ភៈ ដែល​ជា​ទិវា​នៃ​សេចក្តី​ស្រឡាញ់ និង​បាន​សបញ្ជាក់​ពី​ស្មារតី​ទទួលខុសត្រូវ​មួយ​ផ្នែក ក្នុង​នាម​អ្នក​ការពារ បង្ការ និង​សង្គ្រោះ ដែល​កម្លាំង​អាវុធហត្ថ​ទាំងអស់​បាន​ចំនាយ​ទាំង​កម្លាំងកាយ​ចិត្ត​ជូន​ដល់​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​របស់​ខ្លួន ​។

លោក​វេជ្ជបណ្ឌិត ប៊ុ​ន សួ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី និង​លោក​វេជ្ជបណ្ឌិត ទុ​យ ស្រស់ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​បាន​ថ្លែងអំណរគុណ​ជា​អនេក​ដល់​លោក​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱ​វ៉ា​ទ​ចូលរួម​បរិច្ចាគ​ឈាម​ជូន​ដល់​មន្ទីរពេទ្យ ដើម្បី​ទុក​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​អ្នកជំងឺ ឬ​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​នានា ខណៈ​ដែល​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី មាន​តម្រូវការ​ឈាម​ច្រើន​ដើម្បី​ជួយ​ដល់​អ្នកជំងឺ​។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា គ្រាប់​ឈាម​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​យើង មាន​អាយុ​ត្រឹមតែ ១២០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​បើ​យើង​បាន​បរិច្ចាគ​ផ្តល់​ឈាម​ចាស់ នឹង​ផ្លាស់​មក​កោសិកា​គ្រាប់​ឈាម​ថ្មី​មក​វិញ ជា​ពិសេស គឺ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​សប្បាយចិត្ត ពេល​បាន​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ​អ្នកជំងឺ ហើយ​វា​ក៏​ជា​អំពើ​ល្អ​មួយ​ក្នុង​សង្គម​ផង​ដែរ​។

ក្នុង​នាម​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត លោក​វេជ្ជបណ្ឌិត សូម​អំពាវនាវ បន្ថែម​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សប្បុរសជន ជួយ​បរិច្ចាគ​ឈាម ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់ និង​ការ​ធ្វើអំពើ​ល្អ​នៅ​ក្នុង​សង្គម ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស បាន​សង្គ្រោះ​មនុស្ស​ដែល​ទន្ទឹងរង់ចាំ​ការ​ឧបត្ថម្ភ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ