ខេត្តកំពង់ស្ពឺ ៖ មនុស្សគ្រប់រូបកើតមកនៅក្នុងលោកនេះ តែងតែចង់បានសេចក្តីសុខ សុភ
មង្គល ហូបឆ្ងាញ់ ដេកស្រួល ប៉ុន្តែអ្វីៗទាំងអស់មិនដូចជាការគិតនោះទេ គឺជាដំណើរជីវិត
ទៅតាមព្រហ្មលិខិត ។ ជាក់ស្តែង ក្រុមគ្រួសារមួយមានជីវភាពខ្វះខាតខ្លាំង ដើរស៊ីឈ្នួលគេ
ដើររើសអេតចាយ និងសុំដីគេធ្វើខ្ទមជ្រក គ្រាន់បានរស់ឃើញពន្លឺព្រះអាទិត្យ១ថ្ងៃសម្រាប់តែ
១ថ្ងៃ ។

ប៉ុន្តែអ្វីៗមិនដូចការគិតនោះឡើយ ពេលនេះរកតែបាយហូប និងលុយទិញទឹកដោះគោឱ្យកូន និងចៅៗ មិនបានផង ដោយសារតែឪពុក និងកូនៗដែលជាមនុស្សពេញកម្លាំង ជាប់ចោទពីបទលួចដំឡូងគេ ។ ពេលនេះ ពួកគាត់ធ្លាក់ខ្លួនដើរសុំផ្ទះគេស្នាក់នៅ ហើយអ្នកជិតខាងអាណិត ហុចអង្ករមួយកំប៉ុង និងលុយកាក់តិចតួច បានដាំបបរ និងទិញទឹកដោះគោឲ្យកូន និងចៅៗ បៅតែប៉ុណ្ណោះ ។ គ្រួសារដ៏តោកយ៉ាកនេះ ធ្លាប់ត្រូវបានកោះសន្តិភាពចុះផ្សាយ១លេខរួចមកហើយ តែមិនអាចធ្វើឲ្យជីវិតដ៏កម្សត់នេះអូសទាញបេះដូងតុលាការបានឡើយ ។
ជួបជាមួយអ្នកយកព័ត៌មាន ស្ត្រីឈ្មោះ ថន ពិសី អាយុ២៣ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា ប្ដីរបស់នាងឈ្មោះ មី ផល្លាន់ អាយុ២៣ឆ្នាំ ប្រកបរបរស៊ីឈ្នួលគេ និងរើសអេតចាយ ហើយសុំផ្ទះគេស្នាក់នៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ស្រុកឱរ៉ាល់ ។ បច្ចុប្បន្នប្តីនាងជាប់ក្នុងពន្ធនាគារខេត្ត ដោយជាប់ចោទពីបទលួចដំឡូងគេ។
ប្តី ឪពុកក្មេក និងបងថ្លៃរបស់នាង ត្រូវបានតុលាការឃុំខ្លួនរយះពេលមួយសប្តាហ៍ហើយ ធ្វើ
ឲ្យក្រុមគ្រួសាររបស់នាងជួបការលំបាកខ្លាំងណាស់ ដោយសារតែគ្មានលុយទិញអង្ករ ទិញម្ហូប ទិញទឹកដោះគោឱ្យកូនតូចបៅ ។ រាល់ថ្ងៃនេះ បានអ្នកភូមិគេមានចិត្តអាណិតឱ្យអង្ករ មួយកំប៉ុង ពីរកំប៉ុង អ្នកខ្លះឱ្យ១គីឡូក្រាម ២គីឡូក្រាម និងលុយតិចតួចសម្រាប់ចំណាយផ្សេងៗ ។ គាត់មិនហ៊ានដាំបាយហូបទេ រាល់ថ្ងៃដាំតែបបរហូប ខ្លាចអស់អង្ករដែលគេឱ្យនោះគ្មានអីដាំហូបទៀត ។
កាលពីឪពុកក្មេក បងថ្លៃប្រុស និងប្តីរបស់នាងមិនទាន់ជាប់ពន្ធនាគារ ក្រុមគ្រួសារនាងមិនសូវជួបការលំបាកដល់ថ្នាក់នេះទេ ។ ពួកគាត់ដើរស៊ីឈ្នួលគេ ដើររើសអេតចាយបានលុយ៥ពាន់រៀល ១ម៉ឺនរៀល ២ម៉ឺនរៀល ដើម្បីមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ប៉ុន្តែ ចាប់តាំងពីពួកគាត់ទាំង៣នាក់ជាប់គុក គឺគ្រួសារគាត់វេទនាខ្លាំងណាស់សូម្បីតែចង់ហូបអីក៏គ្មានលុយដែរ ។
រាល់ថ្ងៃនេះ នាងនឹកនិងបារម្ភពីប្តី បងថ្លៃ និងឪពុកក្មេកខ្លាំងណាស់ ។ កូនតូចរបស់នាងស្រែកហៅរកឪពុក ស្រែកហៅរកតា នាងជាម្តាយអាណិតកូនខ្លាំងណាស់ យំរាល់ថ្ងៃ ឈឺក្តៅខ្លួនថែមទៀត ។ នាងសំណូមពរដល់តុលាការ ឯកឧត្តមអភិបាលខេត្ត ជាពិសេសសម្តេច ហ៊ុន ម៉ាណែត ជួយដោះលែងប្តី បងថ្លៃ និងឪពុកក្មេករបស់នាងឱ្យមានសេរីភាព បានមករស់នៅជួបជុំគ្រួសារដ៏កម្សត់មួយនេះវិញផង ។

ស្ត្រីម្នាក់ទៀតឈ្មោះ ស៊ុន យេន អាយុ២៣ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ មី ផល្លីន អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មី(សូរិយា) ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាប់ចោទពីបទលួចដំឡូង បាននិយាយដែរថា ចាប់តាំងពីសមត្ថកិច្ចចាប់ឃាត់ខ្លួនប្តីរបស់នាង ប្អូនថ្លៃប្រុស និងឪពុកក្មេកនាងដាក់ពន្ធនាគារខេត្តមក ក្រុមគ្រួសារនាង ម្តាយក្មេក ប្អូនថ្លៃ និងក្មួយតូចៗ បានសុំផ្ទះគេស្នាក់នៅ ហើយគ្មានលុយ និងបាយហូបនោះទេ ។
កាលប្តីនៅ គ្រាន់ដើររកលុយបាន ទិញអង្ករនិងសម្ភារៈ និងទិញទឹកដោះគោឱ្យកូនតូចអាយុទើបតែបាន៤ខែ បៅ ។ ប៉ុន្តែពេលនេះមិនមានលុយសោះ បានអ្នកភូមិជួយហុចអង្ករ និងលុយ
កាក់តិចតួចសម្រាប់ទិញពងទា ទឹកត្រី ទឹកស៊ីអុីវ ហូបជាមួយបបរតែប៉ុណ្ណោះ ។ សមត្ថកិច្ចនិងតុលាការឃុំខ្លួនប្តីនាង ប្អូនថ្លៃ និងឪពុកក្មេករបស់នាង ហាក់បីដូចជាសម្លាប់មនុស្សចំនួន៧
នាក់ឱ្យស្លាប់ដែរ ពីព្រោះថាមនុស្សទាំង៣នាក់ដែលជាប់ឃុំនោះ ជាអ្នកដើររកលុយមកចិញ្ចឹម
គ្រួសារ ។
នាងសូមលើកម្រាមដៃ១០ សំណូមពរដល់សាលាដំបូងខេត្ត ឯកឧត្តមអភិបាលខេត្ត និងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដោះលែងប្តីនាង ប្អូនថ្លៃ និងឪពុកក្មេករបស់នាងឱ្យមានសេរីភាពជួបក្រុមគ្រួសារវិញផង ។ចំណែកស្ត្រីចំណាស់ឈ្មោះ ម៉ា គិត អាយុុ៥៧ឆ្នាំ បារៀបរាប់ទាំងទឹកភ្នែកថា កាលពីអំឡុងឆ្នាំ២០២៣ ក្រុមគ្រួសារគាត់ធ្លាប់ធ្វើការជាមួយថៅកែឈ្មោះ វុទ្ធី ដោយស៊ីឈ្នួលដាំដំឡូង ហើយថៅកែនោះឱ្យថ្លៃឈ្នួលក្នុង១ហិកតា៣០ម៉ឺនរៀល ។
ក្នុងរយៈពេល២ទៅ៣ថ្ងៃ ក្រុមគ្រួសារគាត់ដាំដំឡូងបានប្រហែល១ហិកតាដែរប៉ុន្តែមិនដែលបានលុយគ្រប់ចំនួនទេ ។ស្ត្រីចំណាស់រូបនេះ និយាយទៀតថា ថៅកែ វុទ្ធី និងប្រពន្ធ បានឱ្យលុយមកក្រុមគ្រួសាររបស់គាត់តិចបំផុត គឺ ២ ៥០០រៀល ជួន ៥ ០០០រៀល និងច្រើនបំផុត៥០ម៉ឺនរៀល ។ បើតាមការប៉ាន់ស្មាន ក្នុង១រដូវស៊ីឈ្នួលដាំដំឡូងនោះ ក្រុមគ្រួសារគាត់អាចដាំបានចន្លោះពី៣០ហិកតាទៅ៤០ហិកតាដែរ ប៉ុន្តែថៅកែនោះមិនដែលបានវាស់ចំនួនពិតប្រាកដទេ ។ ដោយសារតែបែបនេះហើយ ទើបក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ ក្រុមគ្រួសារ់គាត់ក៏ឈប់ទៅស៊ីឈ្នួល និងធ្វើការជាមួយថៅកែ វុទ្ធី នោះ គឺជិត១ឆ្នាំហើយ ។

លុះមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយសារមានប្រជាពលរដ្ឋជាច្រើនបបួលគ្នាទៅរើសដំឡូង ដែលខាងក្រុមហ៊ុនគេប្រញាប់យកដីដាំអំពៅវិញ ក៏នាំគ្នាទៅរើស ។ ដោយឃើញប្រជាពលរដ្ឋនាំគ្នាទៅរើសដំឡូងនោះ រូបគាត់ក៏បានប្រាប់ប្តីនិងកូនៗថា ទៅរើសដំឡូងជាមួយអ្នកភូមិទៅ ក្រែងបានលុយខ្លះទិញអង្ករ និងចាយវាយផ្សេងៗ ។ ពេលនោះ ប្តីនិងកូនៗរបស់គាត់ បានជិះគោយន្តចាស់មួយគ្រឿង ៣នាក់ឪពុកនិងកូនៗ ស្រាប់តែត្រូវថៅកែ វុទ្ធី រូបនោះប្តឹងប្តីនិងកូនៗរបស់គាត់ និងអ្នកភូមិម្នាក់ទៀតឈ្មោះ ខ្មៅ ទ្រូ សរុប៤នាក់ យកទៅដាក់គុក ដោយចោទពីបទលួចដំឡូង ។
នៅពេលទទួលដំណឹងនេះភ្លាម រូបគាត់ជាប្រពន្ធ និងជាម្តាយ សែនរន្ធត់ចិត្តខ្លាំងណាស់ ដែលការឃុំខ្លួនប្ដី និងកូនៗរបស់គាត់ ហាក់បីដូចជាសម្លាប់គ្រួសារគាត់ឱ្យស្លាប់អុីចឹង ព្រោះរស់ទីពឹងប្តីនិងកូនៗ រកបានព្រឹកខ្វះល្ងាច បានលុយ ៥ ០០០រៀល ទៅ ១០ ០០០រៀល ទិញអង្ករ និងទឹកដោះគោចៅតូចៗ ដែលមានអាយុ៤ ទៅ៧ខែ ។
ជាចុងក្រោយ រូបគាត់ជាប្រពន្ធនិងជាម្តាយសំណូមពរដល់សាលាដំបូងខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ដោះលែងប្តីគាត់ និងកូនឈ្មោះ មី ផល្លាន់ និង ឈ្មោះ មី ផល្លី ព្រមទាំងអ្នកភូមិឈ្មោះ ខ្មៅ ទ្រូ ឱ្យមានសេរីភាពវិញផង ដើម្បីរស់ជួបជុំគ្រួសារ និងបានរកស៊ីចិញ្ចឹមកូនតូចៗ ដែលត្រូវការជីតា ត្រូវការឪពុក ស្រែកយំរករាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ