ខេត្តកំពង់ចាម ៖ ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទប់ទល់នឹងការឈ្លាន
ពានពីសំណាក់កងទ័ពសៀមតាមព្រំដែនខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូជាច្រើនប្រភេទចំនួន១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារក្នុងអង្គភាព ងាយស្រួលដល់ការការពារតាមបន្ទាត់ព្រំដែន ។

លោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារមានប្រសាសន៍ថា ក្នុងនាមឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។

លោកមេបញ្ជាការរងកងពលធំលេខ៣ មានប្រសាសន៍ទៀតថា ជាការពិតណាស់ សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបានឡើយ ។ ក្នុងពេលទទួលម៉ូតូ លោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកនឹងដឹកម៉ូតូទាំងអស់នេះទៅចែកជូនដល់កងកម្លាំងក្រោមឱវាទ ដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំ មិនពិបាកដូចពេលមុនទៀតនោះទេ ។ ក្នុងនាមមេបញ្ជាការ សូមប្ដេជ្ញាការពារបូរណភាពទឹកដីទប់ទល់មិនឱ្យទ័ពសៀមទន្ទ្រានយកដីកម្ពុជា សូម្បីតែមួយមិលី្លម៉ែត្រជាដាច់ខាត ។

សូមបញ្ជាក់ថា តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានចលនាសប្បុរសជន ដោយបាននាំយកអំណោយទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងនៅខេត្តព្រះវិហារនិងខេត្តឧត្តមានជ័យ ។ ជាមួយនេះ ក៏បានផ្ដល់អំណោយដល់កងកម្លាំងជួរមុខផងដែរ ។

ក្រៅពីនេះ ក៏សង្កេតឃើញមានសប្បុរសជនគ្រប់ទិសទីបានបង្កើតកម្លាំងមហាសាមគ្គីជាតិបរិច្ចាគធនធានផ្ទាល់ខ្លួន យកទៅចែកជូនដល់អ្នកភៀសសឹក ព្រមទាំងកម្លាំងប្រដាប់អាវុធជួរមុខ ធ្វើឲ្យពួកគាត់មានកម្លាំងចិត្ត ពុះពារតស៊ូក្រាញននៀលទប់ទល់ពីការឈ្លានពានរបស់ទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជា ៕






ចែករំលែកព័តមាននេះ