ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកកោះញែក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បាននាំយកជំនួយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារ ដែលរងនូវគ្រោះអគ្គីភ័យ ក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីសម្រាលការលំបាកដែលប្រជាពលរដ្ឋជួបប្រទះបញ្ហាប្រឈមជាក់ស្តែង។
លោក សី ទូច អភិបាលស្រុកកោះញែក មានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចាត់ឲ្យអាជ្ញាធរស្រុក និងមានការចូលរួមពីសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត សាខាកាកបាទក្រហមខេត្ត នាំយកនូវសម្ភារប្រើប្រាស់ គ្រឿងឧភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងនូវទុក្ខលំបាកបានមួយគ្រា ពីគ្រោះអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង។
លោកអភិបាលស្រុក បានផ្តាំផ្ញើដល់គ្រួសារ ដែលរងគ្រោះអកុសលភ្លើងឆេះផ្ទះខាងលើនេះ ត្រូវបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត កុំមានការបាក់ទឹកចិត្ត និងថែទាំសុខភាពកាយចិត្តឲ្យបានប្រសើរ ។ ហើយលោកអភិបាលក៏ផ្តាំដល់ប្រជាពលរដ្ឋផ្សេងទៀតទាំងអស់ ត្រូវយកចិត្តកាប់ឆ្ការព្រៃ និងសម្អាតជុំវិញផ្ទះ ព្រោះ
រដូវនេះមានភាពរាំងស្ងួត និងខ្យល់បោកបក់រាល់ថ្ងៃ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលមកពីភ្លើងឆេះព្រៃជាដើម ។ ហើយម្យ៉ាងវិញទៀតកុំនាំគ្នាដុតព្រៃឬស្មៅងាប់ដែលវាអាចរាលដាល់ដល់លំនៅឋាន ឬឆេះដល់ទ្រព្យសម្បត្តិនានារបស់អ្នកភូមិ។
គួរបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសារខាងលើនេះ កើតកាលវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី៨ ខែមករា បានរងការខូចខាតផ្ទះទំហំ៥ម៉ែត្រគុណនិង ៦ ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី។ មូលហេតុនៃការឆេះផ្ទះនេះ បណ្ដាលមកពីភ្លើងឆេះព្រៃរាលដាល ខណៈម្ចាស់មិននៅផ្ទះ ទើបបណ្ដាលឱ្យឆេះអស់ទាំងស្រុង តែហេតុការនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឬស្លាប់ឡើយ។
លោក ខ្វែង ក្រាក់ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុកដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលទុក្ខលំបាករបស់គាត់ពេលដែលគាត់កំពុងតែមានភាពខ្វះខាតដោយសារភ្លើងឆេះផ្ទះ៕
ចែករំលែកព័តមាននេះ