ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា លោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាខេត្ត ដំណាងលោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ មន្ត្រីសាខា មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត អាជ្ញាធរសមត្តិកិច្ចមូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១៤គ្រួសារ ក្នុងនោះមានកម្មករកម្មការិនីរោងចក្រស្នាក់នៅបន្ទប់ជួលមួយចំនួន ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះទាំងស្រុង ស្ថិតនៅក្នុង ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពីសំណាក់លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់គ្រួសារគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះ លោក បានក្រើនរំលឹកដល់គ្រួសាររងគ្រោះអោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានាពិសេស គ្រោះអគ្គិភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែសណាមួយ។ ហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។
សម្ភារៈសាខាផ្ដល់ជូន ១៣គ្រួសារ ដែលរងការប៉ះពាល់ស្រាលក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ តង់១ កន្ទេល១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០ម៉ឺនរៀល ។ ចំណែកមួយគ្រួសារទៀតរងគ្រោះឆេះផ្ទះអស់ទាំងស្រុង ៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ តង់១ កន្ទេល១ សម្ភារៈផ្ទះបាយ ១ឈុត ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/649fdb3ac4db67fa0d2af1f11809e00a.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/13755603e09b7777ffbaf3d5524601e7.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/27bd19ce76f8de3950ce277e008c5258.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/dda0173e15d6fcf586a897bdc7a40e10.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/03132a7ba48b2180ebc583a928669dcc.jpg)
ចែករំលែកព័តមាននេះ