តើជីវិតកីឡាករច្រើននាក់កំពុងបាត់ខ្លួនក្នុងល្អាងភ្នំយ៉ាងណាហើយ?
តាមព័ត៌មានពី Spring News របស់ប្រទេសថៃបានឱ្យដឹងថា នៅចំណុចល្អាងភ្នំសំណាងហ្លួង ខេត្តឈៀងរ៉ាយ ស្ថិតនៅភាគខាងជើងប្រទេសថៃ មានកីឡាករបាល់ទាត់វ័យក្មេងប្រហែល១៣នាក់ ព្រមទាំងគ្រូបង្វឹកផងនោះ បានបាត់ខ្លួននៅក្នុងល្អាងនេះចំនួន៣-៤ថ្ងៃមកហើយ…
តាមរបាយការណ៍ពីខេត្តឈៀងរ៉ាយបានឲ្យដឹងថា កាលពីថ្ងៃទី២៦ មិថុនា ខាងអាជ្ញាធរបានព្យាយាមជួយសង្គ្រោះក្មេងៗទាំងអស់ ដោយអាជ្ញាធរបានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតធំចំនួន៨គ្រឿងចេញពីល្អាងនោះ ។ ក្រុមជួយសង្គ្រោះមានទាហានថៃ និងប្រជាពលរដ្ឋផងដែរ ។ ដោយសារតែពិបាកក្នុងការជួយសង្គ្រោះ ទើបមានការបញ្ជាឲ្យដកថយកម្លាំង បន្ទាប់ពីមានទឹកជន់ច្រើននៅក្នុងល្អាងនោះ (គឺទឹកជន់ឡើងនៅក្នុងល្អាងជារឿយៗក្នុងកម្រិត៤សង់ទីម៉ែត្រក្នុង១ម៉ោង) ហើយក៏បានបន្តជួយសង្គ្រោះចាប់ពីម៉ោង៦ល្ងាចបន្តទៀត ។ នេះបើយោងតាមទាហានម្នាក់ស្ថិតក្នុងក្រុមជួយសង្គ្រោះ ឈ្មោះ Somchai Phonsing ។
នៅយប់ថ្ងៃទី២៦ មិថុនា ដដែលនេះ ក៏មានការសូត្រមន្ត និងបន់ស្រន់សូមឲ្យក្រុមក្មេងទាំងនោះត្រឡប់មកវិញផងដែរ ។ តាមប្រភពពីហ្វេសប៊ុក គឺមានការបួងសួងជាច្រើនពីសំណាក់សាច់ញាតិ ឪពុកម្តាយ និងប្រជាពលរដ្ឋទូទៅ ហើយពួកគេសរសេរពាក្យថា «ក្រុមប្លែកមុខ ពួកយើងចង់ជួបអ្នកទាំងអស់គ្នា បើពួកអ្នកទៅជាក្រុម គឺត្រូវត្រឡប់មកវិញជាក្រុមដែរ» ។ អាជ្ញាធរបាននាំយកដូចជាអាហារ និងថ្នាំពេទ្យផ្សេងៗទៅក្នុងល្អាងនោះ ។ មានការណែនាំទៅក្រុមអ្នកជួយសង្គ្រោះថា ត្រូវមានការប្រុងប្រយ័ត្នលើរឿងបរិយាកាសក្នុងល្អាង ខណៈមានភ្លៀងធ្លាក់មកបន្ថែមទៀត ដែលធ្វើឲ្យបរិមាណទឹកនៅក្នុងល្អាងនេះ កាន់តែជន់ឡើងខ្លាំងថែមទៀត ។
ពួកគេសន្និដ្ឋានថា ក្មេងៗទាំងនោះ តាំងពីបាត់ថ្ងៃបាត់ខ្លួន រហូតមកដល់ថ្ងៃទី២៦ មិថុនា និងមានកម្លាំងចុះខ្សោយ ឬមានសត្វទិច ឬខាំជាដើម ហើយពួកគេត្រូវជួបនឹងភាពងងឹត, ទឹកជន់មកជារឿយៗ និងជួបនឹងឧបសគ្គជាច្រើនទៀត នៅក្នុងល្អាងភ្នំនេះ ។ ពួកគេនិយាយទៀតថា ក្មេងជាកីឡាករបាល់ទាត់ទាំងអស់ត្រូវជួបនឹងហេតុការណ៍ភ្លៀងធ្លាក់ចូលទៅក្នុងល្អាង រួចបិទផ្លូវមិនឲ្យពួកគេចេញមកក្រៅបាន ។
អាជ្ញាធរបានប្រទះឃើញដានជើង ហើយក៏សន្និដ្ឋានថា គួរតែជាដានជើងរបស់ក្មេងៗ ប៉ុន្តែនៅតែរកមិនឃើញ ខណៈកម្រិតទឹកឡើងខ្ពស់ធ្វើឲ្យពិបាកក្នុងការស្វែងរក និងពិបាកបូមទឹកចេញមក ព្រោះមិនអាចបូមទឹកចេញមករយៈពេលយូរបានទេ និងមានភ្លៀងធ្លាក់ជាប់ៗគ្នា ។ ទោះជាយ៉ាងណា គេជឿថា ក្មេងៗទាំងនោះនឹងអាចយករកខ្លួនបាន ។

ចែករំលែកព័តមាននេះ