ក្រុងវ៉ាស៊ីនតោន៖ ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថាការសម្លាប់បាតុករនៅអ៊ីរ៉ង់ហាក់បានបញ្ឈប់ក៏ដោយ ប៉ុន្តែក្រសួងរតនាគារសហរដ្ឋអាម៉េរិកនៅតែបន្តវិធានការក្ដៅ ដោយបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១១ នាក់ និងអង្គភាពចំនួន ១៣ បន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី១៦ ខែមករានេះ។
ទណ្ឌកម្មនេះមានគោលដៅទៅលើមន្ត្រីកងឆ្មាំបដិវត្តន៍អ៊ិស្លាម មន្ត្រីក្នុងវិស័យថាមពល ពន្ធនាគារក្នុងស្រុក និងក្រុមហ៊ុនមួយចំនួននៅអារ៉ាប់រួម ដែលត្រូវបានចោទថាជាប់ពាក់ព័ន្ធនឹងរបបដឹកនាំអ៊ីរ៉ង់។ ជាលទ្ធផល ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវបង្កក ហើយរាល់ប្រតិបត្តិការអាជីវកម្មជាមួយអាម៉េរិកនឹងត្រូវកាត់ផ្ដាច់ទាំងស្រុង។
វិធានការទណ្ឌកម្មថ្មីនេះ កើតឡើងចំពេលដែលអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពចលាចល ដោយសាររលកបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានផ្ទុះឡើងតាំងពីចុងឆ្នាំ ២០២៥។ ដំបូងឡើយ បាតុករទាមទារតែដំណោះស្រាយបញ្ហាសេដ្ឋកិច្ច ប៉ុន្តែវាបានវិវត្តទៅជាហិង្សា និងការបង្រ្កាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរ។ ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាងថា ស្ថានការណ៍ត្រូវបានគ្រប់គ្រងបានទាំងស្រុង និងជំរុញឱ្យអាម៉េរិកប្រើផ្លូវការទូតជំនួសវិញ ទីក្រុងវ៉ាស៊ីនតោននៅតែប្រើប្រាស់ «អាវុធសេដ្ឋកិច្ច» ដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ និងបង្ហាញជំហរគាំទ្រដល់ក្រុមបាតុករ៕
ចែករំលែកព័តមាននេះ