ទីក្រុងឡុងដ៍៖រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសបិទស្ថានទូតរបស់ខ្លួននៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ជាបណ្ដោះអាសន្ន ដោយប្ដូរមកប្រតិបត្តិការងារពីចម្ងាយវិញ ចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះដុនដាបខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Aljazeera, Reuters និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី១៤ ខែមករានេះ។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ខឺ ស្ដាម័រ បានបញ្ជាក់ថា អង់គ្លេសកំពុងសហការជាមួយសម្ព័ន្ធមិត្តក្នុងការរៀបចំវិធានការទណ្ឌកម្មថ្មីៗបន្ថែមទៀតប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់។
ការបិទស្ថានទូតនេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាលទ្ធផលនៃជម្លោះដែលបានអូសបន្លាយជាច្រើនខែមកហើយ រវាងអ៊ីរ៉ង់ និងបណ្ដាប្រទេសលោកខាងលិច។ ភាពតានតឹងនេះបានហក់ឡើងខ្ពស់បំផុតបន្ទាប់ពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីពាក់កណ្ដាលឆ្នាំ ២០២៥ កន្លងទៅ ដែលក្នុងនោះអង់គ្លេសបានបង្ហាញជំហរគាំទ្រអ៊ីស្រាអែលយ៉ាងពេញទំហឹង។ ការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងផ្នែកកុងស៊ុលនាពេលនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភផ្នែកសន្តិសុខចំពោះមន្ត្រីការទូតអង់គ្លេស និងជាសញ្ញានៃការកាត់ផ្ដាច់ទំនាក់ទំនងការទូតដោយផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា៕
ចែករំលែកព័តមាននេះ