ប្រទេសលីប៊ី៖ ភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់ប្រទេសលីប៊ី កាលពីថ្ងៃទី១៤ ខែមករា កន្លងមកនេះ បានបើកប្រតិបត្តិការចុះឆ្មក់ជាបន្ទាន់ទៅលើកសិដ្ឋានឯកជនមួយក្នុងទីក្រុង Ajdabiya ភាគខាងកើតប្រទេស ដោយបានរកឃើញផ្នូរសពសមូហភាពដែលមានសាកសពជនអន្តោប្រវេសន៍ចំនួន ២១ នាក់ កប់នៅទីនោះយ៉ាងរន្ធត់។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៥ ខែមករានេះ។
ក្នុងកិច្ចប្រតិបត្តិការដដែលនេះ សមត្ថកិច្ចក៏បានរកឃើញមណ្ឌលឃុំឃាំងបណ្ដោះអាសន្នមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់បង្ខាំងជនអន្តោប្រវេសន៍ដោយខុសច្បាប់ ក្នុងនោះមានជនរងគ្រោះជាច្រើននាក់ត្រូវបានជួយសង្គ្រោះក្នុងស្ថានភាពសុខភាពទ្រុឌទ្រោម និងរងរបួសដោយគ្រាប់កាំភ្លើង។
យោងតាមរបាយការណ៍បឋម ជនសង្ស័យដែលជាម្ចាស់កសិដ្ឋាន និងជាអ្នកដៃដល់ក្នុងករណីឃាតកម្មនេះ គឺជាជនជាតិលីប៊ីដែលមានប្រវត្តិព្រហ្មទណ្ឌ ហើយបច្ចុប្បន្នត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់។
ហេតុការណ៍ដ៏សាហាវឃោរឃៅនេះ គឺជាផ្នែកមួយនៃវិបត្តិមនុស្សធម៌ដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសលីប៊ី ដែលជាចំណុចឆ្លងកាត់ដ៏គ្រោះថ្នាក់បំផុតសម្រាប់ជនអន្តោប្រវេសន៍មកពីតំបន់អាហ្វ្រិកដែលចង់ភៀសខ្លួនទៅកាន់អឺរ៉ុប។
ចាប់តាំងពីប្រទេសលីប៊ីធ្លាក់ក្នុងភាពចលាចលនយោបាយ ក្រុមឧក្រិដ្ឋជន និងក្រុមជួញដូរមនុស្សបានឆ្លៀតឱកាសបង្កើតមណ្ឌលបង្ខាំងមនុស្សខុសច្បាប់ជាច្រើន ដើម្បីធ្វើទារុណកម្ម និងជំរិតទារប្រាក់ពីជនអន្តោប្រវេសន៍យ៉ាងព្រៃផ្សៃ។ ផ្នូរសពសមូហភាពដែលរកឃើញនាពេលនេះ គឺជាភស្តុតាងថ្មីមួយទៀតដែលបង្ហាញពីវាសនាដ៏ជូរចត់របស់ជនអន្តោប្រវេសន៍ ដែលតែងតែធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជន មុនពេលពួកគេអាចសម្រេចក្ដីស្រមៃធ្វើដំណើរឆ្លងសមុទ្រទៅកាន់ដែនដីអឺរ៉ុប៕
ចែករំលែកព័តមាននេះ