ទីក្រុងប្រ៊ុចសែល៖ អឺរ៉ុបចាប់ផ្ដើមបញ្ជូនកងទ័ពរបស់ខ្លួនទៅឈរជើងនៅលើកោះហ្គ្រីនលែនជាបណ្ដើៗហើយដើម្បីពង្រឹងសន្តិសុខនៅលើកោះនេះ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកត្រាំប្រកាសជាចំហតែម្ដងថាលោកត្រៀមប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះហ្គ្រីនលែនបើសិនការចរចាគ្នាដោយសន្តិវិធីគ្មានជោគជ័យ។ ការដាក់ពង្រាយកងទ័ពអឺរ៉ុបធ្វើឡើងចំពេលដែលដាណឺម៉ាក និងហ្គ្រីនលែនបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅវ៉ាស៊ីនតោនដើម្បីជួបអនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូ រូប៊ីអូ (Marco Rubio)។

បុគ្គលិកយោធារបស់អឺរ៉ុបចាប់ផ្ដើមធ្វើដំណើរទៅដល់ហ្គ្រីនលែនត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការជួបគ្នារវាងមន្ត្រីខាងលើនេះបានបិទបញ្ចប់ទៅដោយគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។ យូរៗទៅ ក្រុមប្រទេសនៅក្នុងសម្ព័ន្ធមិត្តជាមួយគ្នាចាប់ផ្ដើមមើលមុខគ្នាលែងចំ ហើយអាចប្រឈមមុខគ្នាដោយប្រដាប់អាវុធថែមទៀត។ អ្នកវិភាគបានប្រមើលឃើញថាបើសិនភាគីទាំង២អាមេរិក និងអឺរ៉ុបប៉ះគ្នាមែន អឺរ៉ុបមិនអាចឈ្នះអាមេរិកទេ។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកថ្លែងថាភាគីទាំង២និយាយមិនត្រូវគ្នាសូម្បីតែចំណុចជាមូលដ្ឋាន។ ប្រទេសបារាំង ស៊ុយអែត អាល្លឺម៉ង់ និងន័រវេប្រកាសថាពួកគេត្រៀមដាក់ពង្រាយបុគ្គលិកយោធានៅលើកោះហ្គ្រីនលែនក្នុងនាមជាក្រុមអ្នកសង្កេតការណ៍។ ចំណែករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថ្លែងថាអឺរ៉ុបបានបញ្ជូនក្រុមបេសកកម្មទៅសង្កេតការណ៍នៅហ្គ្រីនលែនជាបណ្ដើរៗហើយដើម្បីធានាសន្តិសុខសម្រាប់កោះនេះស្របពេលដែលរុស្ស៊ី និងចិនកំពុងវាតទីកាន់តែខ្លាំងនៅតំបន់អាកទិច។

ក្រសួងការពារជាតិអាល្លឺម៉ង់បញ្ជាក់ថាក្រុមអ្នកសង្កេតការណ៍នឹងឈរជើងនៅរដ្ឋធានីនូក (Nuuk) នៃកោះហ្គ្រីនលែនតបតាមការអញ្ជើញពីប្រទេសដាណឺម៉ាក។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង ថ្លែងថារដ្ឋាភិបាលរបស់លោកក៏ត្រៀមបញ្ជូនកងទ័ពជើងគោក ជើងអាកាស និងជើងទឹកទៅចូលរួមសមយុទ្ធយោធានៅលើកោះហ្គ្រីនលែនផងដែរ។ នេះបើយោងតាមការផ្សាយរបស់យួរ៉ូញូស៍ (Euro News) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ