ទីក្រុងឡុង៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅទ្វីបអឺរ៉ុបដូចជាវីសអ៊ែរ (Wizz Air) របស់ហុងគ្រី, លូសថាន់ហ្សារបស់អាល្លឺម៉ង់ (Lufthansa) និងប្រ៊ីតធីស អ៊ែវេរបស់អង់គ្លេស (British Airways) ជាដើមនៅតែបន្តហោះគេចពីដែនអាកាសរបស់អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ ពួកគេសុខចិត្តប្រើប្រាស់ផ្លូវអាកាសរបស់អាហ្វាហ្កានីស្ថាន និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលជំនួសវិញ។

នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យផ្សេងៗនៅពេលស្ថានភាពភូមិសាស្ត្រនយោបាយកំពុងតែមានបញ្ហាដោយសារការហែបាតុកម្មនៅអ៊ីរ៉ង់ដ៏ពុះកញ្ជ្រោលនៅអ៊ីរ៉ង់ និងបញ្ហាជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា។ មុនដំបូង អ៊ីរ៉ង់បិទជើងអាកាសរបស់ខ្លួន បន្ទាប់មកក៏បើកឡើងវិញដោយសារបារម្ភថាឆាកប្រយុទ្ធគ្នារវាងយោធាអ៊ីរ៉ង់ និងអាមេរិកអាចនឹងកើតមានឡើង។

ដូច្នេះ ជើងហោះហើរខ្លះត្រូវលុបចោល, ខ្លះត្រូវបង្វែរផ្លូវហោះហើរ និងខ្លះទៀតត្រូវពន្យារពេលហោះហើរ។ ទោះបីឥឡូវនេះ ជើងហោះហើរបើកឡើងវិញជាធម្មតាក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនរួមទាំងសិង្ហបុរី អ៊ែរឡាញ (Singapore Airlines) និងធីយូអាយ (TUI) នៅតែបន្តបើកវាងដែនអាកាសរបស់អ៊ីរ៉ង់ដដែល។ ក្រុមអ្នកជំនាញព្រមានថាហានិភ័យមិនទាន់ផុតរលត់ទៅវិញនៅឡើយទេ។

លោកអេរីក ឆ្កូថឹន (Eric Schouten) ជានាយកក្រុមហ៊ុនសន្តិសុខ និងប្រឹក្សាយោបល់អាកាសចរណ៍ប្រាប់ថាយើងសូមផ្ដល់អនុសាសន៍ទៅអ្នកដំណើរទាំងឡាយសូមកុំកក់សំបុត្រក្រុមហ៊ុនដែលហោះកាត់ដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់នៅអំឡុងពេល៧ថ្ងៃគិតចាប់ពីពេលនេះតទៅ។ បន្ទាប់ពីរយៈពេលនេះ យើងនឹងវាយតម្លៃសភាពការណ៍ឡើងវិញ។ លោកថ្លែងបន្តទៀតថាគេត្រូវតែបន្តឃ្លាំមើលស្ថានការណ៍វិវត្តនៅក្នុងតំបន់ឱ្យបានដិតដល់ព្រោះជួនកាលនៅសុខៗដែនអាកាសស្រាប់តែបិទទាំងស្រុង ដូច្នេះជើងហោះហើរត្រូវរាំងស្ទះមួយរំពេច។ នេះបើតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ