រាជធានីភ្នំពេញ ៖ នារីម្នាក់ ដោយសារទុកចិត្តអនាគតប្អូនថ្លៃឱ្យឌុបទៅលេងម្តាយមីងនៅឯខេត្ត បែរជាជនគម្រក់ឌុបអនាគតបងថ្លៃចូលផ្ទះសំណាក់ បង្ខំរំលោភបានសម្រេច២ដង ទើបប្រាប់គូដណ្ដឹងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនអនាគតប្អូនថ្លៃថ្លើមធំ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែមិថុនា នៅវង់ប៊ីយ៉ាក្នុងបុរីញូវថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនជាប់ចោទឈ្មោះ ជាតិ ចាន់លីម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តាយមីងក្នុងសង្កាត់ចោមចៅ៣ និងមានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកនារីរងគ្រោះអាយុជាង២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅខេត្តតាកែវ ។ ប្រភពព័ត៌មានពីនារីរងគ្រោះឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែមិថុនា នាងបានទូរស័ព្ទហៅអនាគតប្អូនថ្លៃរូបនេះ ឱ្យជូននាងទៅលេងម្តាយមីងដែលត្រូវជាម្ដាយរបស់ជនជាប់ចោទនៅឯខេត្តកំពង់ស្ពឺ ព្រោះថារវាងគូដណ្តឹងនាងនិងប្អូនថ្លៃនេះ ពួកគេមានឪពុកតែមួយម្តាយទីទៃ ។ ពេលអនាគតប្អូនថ្លៃនេះឌុបនាងដល់ពាក់កណ្តាលផ្លូវ ដោយសារមាន
ភ្លៀងធ្លាក់យ៉ាងខ្លាំង ក៏បានឈប់ទិញអាវភ្លៀងនិងទិញបាយទុកហូប ។
លុះមកដល់មុខផ្ទះសំណាក់សន្តិភាព ម្តុំអូដឹម ប្អូនប្រុសគូដណ្តឹងរូបនេះបានឌុបនាងចូលផ្ទះសំណាក់ ដោយប្រាប់ថា ចូលជ្រកភ្លៀងហូបបាយសិន ចាំបន្តដំណើរទៅមុខទៀត រួចក៏នាំគ្នាចូលផ្ទះសំណាក់ទៅ ។ បន្ទាប់ពីហូបបាយរួច ស្រាប់តែអនាគតប្អូនថ្លៃរូបនេះ បានចាប់នាងច្របាច់កថែមទាំងគំរាមសម្លាប់ទៀត ទើបនាងមិនហ៊ានស្រែក ក៏ត្រូវចាប់រំលោភចំនួន២ដង ។ ក្រោយពីចាប់រំលោភនាងរួចហើយ អនាគតប្អូនថ្លៃគម្រក់នេះមិនបានជូននាងទៅផ្ទះម្តាយមីងឡើយ ដោយឱ្យម៉ូតូឌុបមួយទៀតជូនជំនួស តែនាងក៏បានត្រឡប់មកផ្ទះវិញ ។ លុះនៅថ្ងៃទី១៤ ខែមិថុនា គឺរំលងបានមួយថ្ងៃ នាងក៏ដាច់ចិត្តនិយាយប្រាប់គូដណ្តឹងពីរឿងរ៉ាវទាំងអស់ដែលកើតឡើង ។ប្រភពព័ត៌មានពីនារីរងគ្រោះឲ្យដឹងទៀតថានៅពេលដឹងរឿងរ៉ាវខាងលើ គូដណ្ដឹងនាងក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទជាប្អូនយកមកផ្តន្ទាទោស
តាមច្បាប់ ។ ថ្វីបើបែបនេះក្តី ដោយសារនាងមិនស្គាល់ទីតាំងផ្ទះសំណាក់ ទើបសមត្ថកិច្ចមិនទាន់ទទួលពាក្យបណ្តឹងពីជនរងគ្រោះ តែបានដឹកជនរងគ្រោះដើររកទីតាំងកើតហេតុតែរកពុំឃើញឡើយ។ លុះនៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២១ ខែមីនា គូដណ្ដឹងនាងឃើញប្អូនប្រុសម្តាយទីទៃកំពុងលេងបុកប៊ីយានៅក្នុងបុរីខាងលើ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។
សូមបញ្ជាក់ថា បើតាមបងប្រុសម្តាយទីទៃនិយាយថា ម្តាយមីងបានប្រាប់ថាប្អូនប្រុសនេះនាំស្រីមកជួលបន្ទប់ផ្ទះគាត់២ដងហើយ ដោយម្នាក់រំលោភមិនបានសងអស់១៥០ដុល្លារ និងម្នាក់ទៀតមិនបានសងដោយរត់គេចខ្លួន ។បន្ទាប់ពីត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យមិនបានសារភាពថាខ្លួនចាប់រំលោភនារី
រងគ្រោះឡើយ ដោយឆ្លើយថាខ្លួនត្រូវជនរងគ្រោះទូរស័ព្ទហៅមកផ្ទះសំណាក់មិនបានចាប់បង្ខំទេគឺព្រមព្រៀងគ្នា ។ តាមព័ត៌មានឲ្យដឹងទៀតថាម្ដាយមីងជនសង្ស័យបានសុំសម្របសម្រួលដោះស្រាយសងជំងឺចិត្ត ដោយនារីរងគ្រោះទាមទារចំនួន៣.០០០ដុល្លារ តែម្តាយមីងគ្មានលទ្ធភាពសង ហើយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ