ជើងហោះហើរភ្នំពេញ-ញូវដែលី ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ នឹងក្លាយជាជើងហោះហើរថ្មីបំផុត ជាប្រវត្តិសាស្ត្រនៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ។
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមកម្មវិធីបើកក្នុងកម្មវិធីបង្ហាញផ្លូវទេសចរណ៍នេះ នៅទីក្រុងញូវដែលីរួចរាល់ហើយ ដើម្បីផ្សព្វផ្សាយការភ្ជាប់ជើងហោះហើរ ដោយផ្ទាល់លើកដំបូងភ្នំពេញ-ញូវដែលី ។ លោកឯកអគ្គរាជទូតបានថ្លែងថា ជើងហោះហើរត្រង់នេះនឹងធ្វើអោយអ្នកដំណើរចំណេញពេល ចំណាយតិចជាងមុន ហើយលោកក៏បានពន្យល់ អំពីសក្តានុពលផ្នែកវិស័យទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ ។
លោក កុយ គួង មានសុទិដ្ឋិនិយមចំពោះអនាគត ហើយរំពឹងថានឹងមានការកើនឡើងទ្វេដងនៃលំហូរទេសចរ រវាងប្រទេសទាំងពីរជារៀងរាល់ឆ្នាំ ។ លោកបានបន្តថា ការតភ្ជាប់ជើងហោះហើរត្រង់ និងបំពេញនូវតម្រូវការនៃកើនឡើងសម្រាប់វិស័យទេសចរណ៍វេជ្ជសាស្ត្រ សាសនា និងវប្បធម៌នៅក្នុងប្រទេសឥណ្ឌា ។
តាមការគ្រោងទុក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ទង់ជាតិរបស់កម្ពុជា នឹងដំណើរការដឹកជញ្ជូនចំនួនបួនជើងក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ។
មុនការរាតត្បាតដោយជំងឺកូវីដ-១៩ កម្ពុជាជាធម្មតាទទួលបានភ្ញៀវទេសចរពីប្រទេសឥណ្ឌាប្រមាណ ៧៥.០០០ នាក់ក្នុងមួយឆ្នាំ ខណៈដែលពលរដ្ឋកម្ពុជាជាច្រើននាក់បានចេញទៅចូលរួមទេសចរណ៍សាសនា និងវេជ្ជសាស្ត្រជាច្រើនផងដែរនៅឥណ្ឌា ៕
ចែករំលែកព័តមាននេះ