ខេត្តស្ទឹងត្រែង ៖ នគរបាលក្រុងដែលជានារីស្រស់សោភាម្នាក់បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានមកលោតទឹកពីលើស្ពានសេកុង បង្កការភ្ញាក់ផ្អើលវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៥ ឧសភា ២០២៤ ស្ថិតនៅស្ពានមិត្តភាពកម្ពុជា-ចិនសេកុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ នារីជានគរបាលក្រុងរូបនោះបានជិះរថយន្តម៉ាក កាមរីពណ៌ទឹកប្រាក់បើកបរដល់ចំណុចកណ្ដាលស្ពាន ក៏បានលោតពីលើស្ពានទម្លាក់ខ្លួនទៅក្នុងទឹកភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកធ្វើដំណើរ ព្រមទាំងអ្នកនេសាទនៅលើផ្ទៃទឹក ហើយភ្លាមនោះដែរ អ្នកនេសាទក៏បានបើកទូកទៅចំណុចកើតហេតុចុះរាវរក និងបង់សំណាញ់ តែរហូតមកទល់ពេលនេះនៅពុំទាន់ប្រទះឃើញនៅឡើយទេ ។
ទាក់ទិនករណីខាងលើនេះ គេនៅពុំទាន់ដឹងច្បាស់ថា តើនារីដែលជានគរបាលចរាចរណ៍ស្រស់ស្អាតរូបនោះមានរឿងអ្វីនោះទេ ប៉ុន្តែអ្នកខ្លះបានបង្ហើបថា ទំនងជាមានវិបត្តិក្នុងគ្រួសាររបស់នាងដែលធ្វើឲ្យឈឺចាប់ខ្លាំងរហូតសម្រេចធ្វើការបញ្ចប់ជីវិតបែបនេះ ។
នារីនគរបាលរូបនោះមានឈ្មោះអាយ សុធារ៉ា មានឋានៈជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ នាងត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ដោយសារតែទង្វល់ល្អៗជាច្រើន ជាមួយប្រជាពលរដ្ឋក្នុងពេលបំពេញភារកិច្ច និងការងារក្នុងស្ថាប័នរបស់ខ្លួន ។ នាងក៏ត្រូវបានមនុស្សដែលនៅជុំវិញខ្លួនមានការកោតសរសើរជាច្រើនថា ជាមនុស្សម៉ឺងម៉ាត់រឹងមាំប្រាកដប្រជាក្នុងការងាររបស់ខ្លួនផងដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ សារព័ត៌មានកោះសន្តិភាពយើងនៅមិនទាន់បានការផ្ដល់បទសម្ភាសន៍លំអិតពាក់ព័ន្ធករណីនេះឡើយដោយសារក្រុមគ្រួសារមានការក្តុកក្តួលអួលដើមកយំគ្រប់គ្នា ។
បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនបានចេញទូកម៉ាស៊ីនស្វះស្វែងចុះរាវរកតាមលទ្ធភាពយ៉ាងកុះករផងដែរ តែពុំទាន់មានដំណឹងអ្វីឡើយ ។
ចែករំលែកព័តមាននេះ