រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ ។ នេះបើតាមអាជ្ញាធរជាតិអប្សរាបានបង្ហាញនៅថ្ងៃទី១៥ ខែឧសភានេះ ។
លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាន និងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្គ្រប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ ។
តាមការលើកឡើងរបស់លោក អន សុភាព ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង ។
ក្រោយការសិក្សា និងពិនិត្យអ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតានៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក ។ ព្រះកេសធ្វើពីថ្មភក់នេះ មានបណ្ដោយ២០ស.ម ទទឹង១១ស.ម និងកម្ពស់១២ស.ម ។
ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះនៅខ្លោងទ្វារជ័យនេះ នៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដងនៅសម័យកណ្ដាល និងសម័យបារាំង ។
យ៉ាងណា លោក អន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នកពាក់ព័ន្ធ គេត្រូវកំណាយស្រាវជ្រាវនៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលនៅពេលនោះឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុលចម្លាក់កូរសមុទ្រទឹកដោះ នាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ