រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ។
ក្នុងដំណើរបំពេញទស្សនកិច្ច នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អមដំណើរដោយ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្ដេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី យូន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។
ក្នុងនោះថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ លោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និង លោកប្រធានរដ្ឋសភា គីម ជីនផ្យូ (Kim Jin-pyo)។
សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួម ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនកូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉ផងដែរ៕
ចែករំលែកព័តមាននេះ