មនុស្សជាច្រើនចូលចិត្តផឹកតែខ្មៅដើម្បីឲ្យឆាប់មានកម្លាំង ។ មានអំណះអំណាងបែបវិទ្យាសាស្ត្រដ៏ល្អមួយដែលបង្ហាញអំពីប្រសិទ្ធភាពរបស់តែនេះ ។ តែខ្មៅមានជាតិកាហ្វេអ៊ីនច្រើនណាស់ ។ វាក៏ផ្ទុកទៅដោយសារធាតុជួយភ្ញោចបន្តិចបន្តួចដែរឈ្មោះថា Theophylline។ សារធាតុទាំងពីរនេះអាចទៅបង្កើនល្បឿនចង្វាក់បេះដូង និងធ្វើឲ្យអ្នកមានអារម្មណ៍ប្រុងប្រយ័ត្នកាន់តែច្រើនបាន ។ តែបៃតងក៏សម្បូរទៅដោយសារធាតុផ្តល់សុខភាពច្រើនដែរនោះគឺ Polyphenols ដែលជាអង់ទីអុកស៊ីដង់សម្រាប់ជួយការពារកោសិកាពីការខូចខាតរបស់ DNA ។
អ្នកវិទ្យាសាស្ត្រមួយចំនួនគិតថា អង់ទីអុកស៊ីដង់ ពិសេសៗក្នុងតែដូចជា Polyphenols និង Catechins ប្រហែលជាជួយបង្ការជំងឺមហារីកមួយចំនួន ។ ឧទាហរណ៍ ការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា ស្ត្រីដែលផឹកតែខ្មៅជាទៀងទាត់មានការថយចុះនូវការប្រឈមនឹងជំងឺមហារីកក្រពេញអូវែជាងស្ត្រីដែលមិនបានផឹកតែនេះ ។ ប៉ុន្តែរឿងនេះក៏ត្រូវការការស្រាវជ្រាវបន្ថែមទៀតដែរ ។ លើសពីនេះទៅទៀត ការស្រាវជ្រាវបានបញ្ជាក់ទៀតថា តែខ្មៅមិនបានកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់, ក្រពះ ឬពោះវៀនធំនិងចុងពោះវៀនធំឡើយ ។ អំណះអំណាងដែលកាន់តែច្បាស់នោះគឺថា អង់ទីអុកស៊ីដង់ក្នុងតែខ្មៅប្រហែលជាជួយកាត់បន្ថយជំងឺក្រិនរឹងសរសៃឈាមបាន ជាពិសេសលើមនុស្សស្រីតែម្តង ។ វាក៏ប្រហែលជាជួយកាត់បន្ថយជំងឺគាំងបេះដូងដែរ ។ 
ការផឹកទឹកតែខ្មៅក្នុងកម្រិតមធ្យម (មួយទៅបួនពែងក្នុងមួយថ្ងៃ) ប្រហែលជាជួយបង្កើនសម្ពាធឈាមបានបន្តិច ប៉ុន្តែឥទ្ធិពលរបស់វាមិនមានរយៈពេលយូរនោះទេ ។ ការផឹកក្នុងចំនួនដូចគ្នានេះមិនមានជាប់ពាក់ព័ន្ធនឹងការលើសសម្ពាធឈាមរយៈពេលយូរឡើយ ។ ការសិក្សាជាលើកដំបូងលើមនុស្សបានបង្ហាញអោយដឹងថា ថ្នាំបំប៉នប្រភេទតែខ្មៅអាចបង្កើនការរំលាយអាហារ និងសម្ពាធឈាមបាន ។ ការប្រែប្រួលសម្ពាធឈាមអាចជារឿងមួយគួរអោយបារម្ភ ។ ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងតិចតួចប្រហែលជាមានប្រយោជន៍ចំពោះអ្នកវិលមុខដោយសារតែសម្ពាធឈាមចុះខ្សោយពេលក្រោកឈរ ៕
ស្រង់ពីគេហទំព័រសុខភាព
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ