ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ត្រូវ​ត្រៀម​អ្វីខ្លះ​សម្រាប់​ការ​ណាត់ជួប​វេជ្ជសាស្ត្រ​នៅ​ក្រៅប្រទេស ?

7 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ ដំណើរ​កំសាន្ត​សុខភាព​នៅ​ក្រៅប្រទេស​កំពុង​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ដូច្នេះ​រឿង​ចាំបាច់​ជា​ច្រើន​ដែល​អ្នក​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្រេចបាច់ សម្រាប់​ការ​ណាត់ជួប​វេជ្ជសាស្ត្រ​នៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​ដំណើរ​កំសាន្ត​ប្រកបដោយ​ភាព​រីករាយ ចំណេញ​ពេលវេលា និង​ចំណាយ​លុយកាក់​ប្រកប​ដោយ​ប្រសិទ្ធភាព ។ ចំណុច​សំខាន់​ទី…

បាងកក ៖ ដំណើរ​កំសាន្ត​សុខភាព​នៅ​ក្រៅប្រទេស​កំពុង​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ដូច្នេះ​រឿង​ចាំបាច់​ជា​ច្រើន​ដែល​អ្នក​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្រេចបាច់ សម្រាប់​ការ​ណាត់ជួប​វេជ្ជសាស្ត្រ​នៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​ដំណើរ​កំសាន្ត​ប្រកបដោយ​ភាព​រីករាយ ចំណេញ​ពេលវេលា និង​ចំណាយ​លុយកាក់​ប្រកប​ដោយ​ប្រសិទ្ធភាព ។

ចំណុច​សំខាន់​ទី ១ នោះ​គឺ​អ្នក​ត្រូវ​កត់ត្រា​ទុក​នូវ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អ្នក ហើយ​ចាត់​អាទិភាព​នៃ​បញ្ហា​ដែល​អ្នក​ចង់​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ ឧទាហរណ៍ តើ​អ្នកមាន​រោគ​សញ្ញា​ថ្មី ដែល​អ្នក​ចង់​សួរ​គ្រូពេទ្យ​ទេ? តើ​អ្នក​ចង់​ចាក់​ថ្នាំ​បង្ការ​រោគ​ដែរ​ឬទេ? តើ​អ្នក​ព្រួយបារម្ភ​អំពី​របៀប​ដែល​ការ​ព្យាបាល​ថា ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែរ​ឬទេ?

លោក​វេជ្ជបណ្ឌិត ឈី​រ៉ា​ផាត អ៊ុ​កា​ឈុ​ក ( Chirapat Ukachoke ) ដែល​ជា​ប្រធាន​ផ្នែក​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ Phyathai 3 Hospital នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ មាន​ប្រសាសន៍​ថា ដំណើរ​កំសាន្ត​ទេសចរណ៍​សុខភាព គឺ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​សុខភាព​ក្រៅប្រទេស ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព ឬ​ក៏​ព្យ​បា​បាល​សុខភាព ត្រូវ​រៀបចំ​នូវ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ត្រូវ​នាំ​យក​ជាមួយ​នូវ​កំណត់​ត្រា​វេជ្ជសាស្ត្រ អំពី​ប្រវត្តិ​វេជ្ជសាស្ត្រ​កន្លង​ដែល​បងប្អូន​ធ្លាប់​ពិនិត្យ ឬ​ក៏​ធ្លាប់​ទទួល​ការ​ព្យាបាល​ពី​មុន​មក ។ មាន​ន័យ​ថា បងប្អូន​ត្រូវ​នាំ​មក​ជាមួយ​នូវ​រាល់​កំណត់​ត្រា​វេជ្ជសាស្ដ្រ​ពី​មុន​ៗ និង​ការ​ស៊ើប​អង្កេត​​មន្ទីរពិសោធន៍​ទាំងអស់​, ក៏​ដូច​ជា CT Scanning ឬ CD នៃ​ការ​ស្កេ​ន MRI ប្រសិន​បើ​ពួក​គេ​មាន​។

លោក​បន្ត​ទៀត​ថា​៖ «​ប្រសិនបើ​បងប្អូន​ធ្លាប់​ទទួល​ការ​ព្យាបាល​តាម​រយៈ​ការ​ទទួលទាន​ថ្នាំ គឺ​ត្រូវ​យក​មក​ជាមួយ​នូវ​ប្រវត្តិសាស្ត្រ​នៃ​ការ​ព្យាបាល​មុន​ៗ ហើយ​ពួក​គេ​គួរតែ​នាំ​យក​ថ្នាំ​ទាំងអស់​ដែល​ពួក​គេ ធ្លាប់​ទទួលទាន ទៅ​ជាមួយ ប្រសិនបើ​ពួក​គេ​មក​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ ដូច្នេះ​ពួក​គេ​អាច​ទទួល​បាន​នូវ​ការ​ព្យាបាល ជា​ពិសេស​ថា តើ​ការ​ព្យាបាល​បន្ត​គួរតែ​មានការ​កែប្រែ​នូវ​ការ​ព្យាបាល​របស់​ពួក​គេ​ឬ​អត់​»​។

ចំណុច​សំខាន់​មួយទៀត​នោះ​គឺថា អ្នក​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ថា អ្នក​នឹង​នាំ​សមាជិកគ្រួសារ ឬ​មិត្ត​ណា​ម្នាក់​ទៅ​ជាមួយ​អ្នក​សម្រាប់​ការ​ពិនិត្យ និង​ព្យាបាល​នៅ​ក្រៅ​ប្រទេស ។ ពេល​ខ្លះ​វា​មាន​ប្រយោជន៍​ក្នុង​ការ​នាំ​សមាជិកគ្រួសារ ឬ​មិត្ត​ជិត​ស្និទ្ធ​ទៅ​ជា​មួយ​​អ្នក ដូច្នេះ​ចូរ​ឱ្យ​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​របស់​អ្នកដឹង​ជា​មុន​នូវ​អ្វី​ដែល​អ្នក​ចង់បាន​សម្រាប់​ធ្វើ​ដំណើរ​ទេសចរណ៍​សុខភាព ព្រោះថា ដៃគូ​របស់​អ្នក​អាច​រំលឹក​អ្នក​នូវ​អ្វី​ដែល​អ្នក​គ្រោង​នឹង​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ប្រសិនបើ​អ្នក​ភ្លេច ហើយ​ពួក​គាត់​ក៏​អាច​កត់​ចំណាំ​សម្រាប់​អ្នក ហើយ​អាច​ជួយ​អ្នក​ចង​ចាំ​នូវ​អ្វី​ដែល​គ្រូពេទ្យ​និយាយ​ប្រាប់​អ្នក​។

លោក រ៉ា​តា​ភុង អាម​ហាន​វង់ ( Ratapong Ambhanwong) អនុប្រធាន​មន្ទីរពេទ្យ Bangkok Hospital ដែល​ជា​មន្ទីរពេទ្យ​កម្រិត​ខ្ពស់​មួយ​នៅ​ចំ​កណ្តាល​ក្រុង​បាងកក​មាន​ប្រសាសន៍​ថា សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​កំសាន្ត​ទេសចរណ៍​សុខភាព គឺ​មិនបាច់​ព្រួយ​បារ​ម្ម​ណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ទិដ្ឋាការ​ហួសពេល​នោះ​ទេ តួយ៉ាង​បងប្អូន​អាច​ធ្វើ​ដំណើរ​​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ដោយ​គ្រាន់តែ​កាន់​លិខិតឆ្លងដែន​ជា​អ្នកទេសចរ​ធម្មតា បន្ទាប់​មក​បើសិនជា​ធ្វើការ​ពិនិត្យ​សុខភាព​ទៅ​រក​ឃើញ​ថា មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវការ​សង្គ្រោះ​បន្ទាន់ និង​ត្រូវ​ស្នាក់​នៅ​មន្ទីរពេទ្យ​រយៈពេល​យូរ គឺ​ខាង​មន្ទីរពេទ្យ Bangkok Hospital គឺ​ខាង​មន្ទីរពេទ្យ​នឹង​ជួយ​សម្រួល​តាម​រយៈ​ការ​សាកសួរ​អ្នកជំងឺ​អំពី​កាល​បរិច្ឆេទ​ផុតកំណត់​នៃ​ទិដ្ឋាការ ព្រោះ​មន្ទីរពេទ្យ​បាន​សហការ​ជាមួយនឹង​មន្ត្រី​អន្តោ​ប្រវេសន៍​ថៃ ដែល​មន្ត្រី​អន្តោប្រវេសន៍​ចុះ​ពន្យា​ពេល​ទិដ្ឋាការ​ដល់​មន្ទីរពេទ្យ​រៀងរាល់ថ្ងៃ​សៅរ៍ ។

ចំណុច​សំខាន់​មួយទៀត គឺ​លោក​អ្នក​គួរ​ស្នើ​សុំ​អ្នកបកប្រែ ប្រសិនបើ​អ្នកដឹង​ថា អ្នក​មិន​អាច​ទំនាក់ទំនង​បាន​ល្អជា​ភាសា​អង់គ្លេស ឬ​ប្រសិនបើ​វេជ្ជបណ្ឌិត​ដែល​អ្នក​បាន​ជ្រើស​រើស ឬ​ត្រូវ​បាន​ណាត់ជួប​នៅ​ក្រៅប្រទេស មិន​និយាយ​ភាសា​របស់​អ្នក ដូច្នេះ​ចាំបាច់​អ្នក​ត្រូវ​សួរ​ទៅ​ការិយាល័យ​វេជ្ជបណ្ឌិត ដើម្បី​ផ្តល់​អ្នកបកប្រែ​។ ករណី​ខ្លះ​បើ​ទោះបីជា គ្រូ​ពេទ្យ​​និយាយ​ភាសា​អង់គ្លេស ហើយ​រូប​អ្នក​ផ្ទាល់​អាច​ធ្វើ​ទំនាក់​ទំនងជា​ភាសា​អង់គ្លេស​ក៏​ពិតមែន តែ​ពាក្យ​មួយ​ចំនួន​ទាក់ទង​នឹង​លក្ខខណ្ឌ​វេជ្ជសាស្ដ្រ ជា​ភាសា​អង់គ្លេស​គឺ​អ្នក​មិន​អាច​យល់​បាន ដូច្នេះ​ត្រូវ​រក​អ្នកបកប្រែ​ដែល​និយាយ​ភាសា​កំណើត​របស់​អ្នក ។

ប្រាកដ​ណាស់ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​និយាយ​ជា​ភាសា​កំណើត​របស់​​អ្នក ជា​ពិសេស​នៅ​ពេល​និយាយ​អំពី​រឿង​រសើប​ៗ និង​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ដែល​ត្រូវការ​វះកាត់ ឬ​ក៏​ព្យាបាល​បែប​បច្ចេកវិទ្យា​ទំនើប ។ ដូច្នេះ​អ្នក​អាច​យល់​ពី​រោគ​វិនិច្ឆ័យ​របស់​អ្ន ក​ឬ​ការ​ណែនាំ​ដែល​គ្រូពេទ្យ​ប្រាប់​អ្នក​។

ជាក់ស្តែង​មន្ទីរពេទ្យ Bangkok Hosptial, Bumrungrad International, Central General Hospital, Chularat ជាដើម​សុទ្ធតែ​មាន​សេវាកម្ម​នៃ​ការ​ពន្យា​ពេល​វី​សា​នៅ​នឹង​កន្លែង​តែ​ម្តង និង​មាន​ជនជាតិ​ខ្មែរ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ ដើម្បី​សម្រួល​ដល់​អ្នកទេសចរ​សុខភាព​ពី​ប្រ​ទស​កម្ពុជា​ផង​ដែរ​។

លោក ភាព សុ​ផា អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ និង​ជា​ប្រធាន​គ្រប់គ្រង​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​កម្ពុជា ប្រចាំ​ក្រុម​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ (Chularat Hospital Group) មាន​ប្រសាសន៍​ថា ទេស​ចរណ៍​សុខភាព​មក​ពី​ប្រទេស​កម្ពុជា​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ គឺ​មាន​ចំនួន​​ប្រមាណ​ជា ៣០ នាក់​ក្នុង​មួយ​ខែ ចូល​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ Chularat 3 International Hospital ដែល​មាន​ចម្ងាយ​ប្រមាណ​ត្រឹមតែ ២០ គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ និង​ជា​មន្ទីរពេទ្យ​ដែល​គ្រប់គ្រង​ដោយ Chularat Hospital Group ហើយ​ភាគច្រើន​អ្នកជំងឺ​កម្ពុជា​គឺ​មាន​បញ្ហា​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​បេះដូង មហារីក​ថ្លើម ក៏​ដូច​ជា​ជំងឺ​រលាក​សន្លាក់ និង​បញ្ហា​ក្រពះ ពោះវៀន ជាដើម ។

លោក ភាព សុ​ផា បន្ត​ថា ដោយសារ​តែ​មន្ទីរពេទ្យ​របស់​លោក​ធ្វើការ​សហការ​ជាមួយនឹង​បណ្តា​មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា ហើយ​មន្ទីរពេទ្យ​របស់​លោក​ក៏​ផ្តោត​លើ​អតិថិជន​ជា​ជនជាតិ​កម្ពុជា​ផង​នោះ ដូច្នេះ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បញ្ជូន​បន្ត​ពី​ប្រទេស​កម្ពុជា មក​មន្ទីរពេទ្យ​របស់​លោក គឺ​ខាង​ពេទ្យ​នឹង​ជួយ​រៀបចំ​នូវ​ដំណើរការ​ទាំងមូល​ក្នុង​ការ​ទទួល​យក​អ្នកជំងឺ​ពី​ទឹកដី​កម្ពុជា​ចូល​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។

លោក ភាព សុ​ផា បន្ត​ថា​៖ «​នៅ​ពេល​ដែល​ខាង​មន្ទីរពេទ្យ​នៅ​ខ្មែរ​ទំនាក់ទំនង​មក​ខាង​យើង​​ថា ត្រូវការ​ប​ញ្ជួ​ន​អ្នកជំងឺ​ធ្ងន់ធ្ងរ ដូច​ជា​អ្នក​កើត​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរ​ក្បាល ឬ​ក៏​អ្នក​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​ដោយសារ​តែ​ជំងឺ​បេះដូង គឺ​យើង​នឹង​ទាក់ទង​ទៅ​ប៉ូលិស​នៅ​ព្រំដែន​ថា មាន​អ្នកជំងឺ​ឈ្មោះ​នេះ ឬ​ក៏​ឈ្មោះ​នោះ ត្រូវការ​ឆ្លង​ដែន​មក​ព្យា​បាល​​ជា​បន្ទាន់ គឺ​យើង​សម្រួល​នៅ​ច្រកព្រំដែន​ជូន​អ្នកជំងឺ​។ បន្ទាប់​មក​ទៀត គឺ​យើង​យក​ឡាន​សង្គ្រោះ​បន្ទាន់​ទៅ​ទទួល​នៅ​ព្រំដែន​តែ​ម្តង​។ ករណី​ខ្លះ​ទៀត គឺ​ខាង​មន្ទីរពេទ្យ​នៅ​ខ្មែរ​គ្រាន់តែ​ថត​ប​ញ្ជួ​ន​អត្តសញ្ញាណប័ណ្ណ​អ្នកជំងឺ​គឺ​គ្រប់គ្រាន់​ហើយ មិន​ចាំបាច់​មាន​លិខិត​ឆ្លងដែន​នោះ​ទេ » ។

ប្រធាន​គ្រប់គ្រង​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​កម្ពុជា ប្រចាំ​ក្រុម​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ (Chularat Hospital Group) បាន​បន្ត​ទៀត​ថា ដោយសារ​តែ​មន្ទីរពេទ្យ​មាន​ទស្សនៈវិស័យ​ទាក់​ទាញ​​អតិថិជន​ខ្មែរ ហេតុ​ដូច្នេះ​ហើយ​ទើប​មន្ទីរពេទ្យ​របស់​លោក​ដែល​មាន​ជំនាញ​ឯក​ទេស​​ខាង​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ការ​ព្យាបាល​ជំងឺ​បេះដូង​ជាដើម​បាន​សាងសង់ និង​ដាក់​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​សាខា​មន្ទីរពេទ្យ​នៅ​ខេត្ត​បា​ជី​ន​បុរី (Prachin Buri) ដែល​មានឈ្មោះ​ថា មន្ទីរពេទ្យ​អន្តរជាតិ ចូឡា​រ៉ាត់ ៣០៤ ដែល​មាន​ចម្ងាយ​ពី​ជាយ​ដែន​ប៉ោយ​ប៉ែ​ត នៃ​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ប្រមាណ ១០០ គីឡូម៉ែត្រ ដែល​គោលដៅ​សំខាន់​គឺ​ផ្តល់​សេវា​ដល់​ប្រជាជន​កម្ពុជា និង​ថៃ​តែ​ម្តង លើ​ការ​ព្យាបាល​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន​ប្រភេទ​ដូច​ជា ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺមហារីក និង​ជំងឺ​បេះដូង​ជាដើម ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ