ដំណឹងថ្មី, អ្នកទេសចរដែលទៅកម្សាន្តនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ត្រូវបង់ប្រាក់ពន្ធ១០ដុល្លារចាប់ពីឆ្នាំ២០២៤តទៅដើម្បីយកថវិកានេះទៅចូលរួមចំណែកអភិរក្សវប្បធម៌។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលដែលទទួលបន្ទុកខាងវិស័យទេសចរណ៍។ កោះបាលីពឹងផ្អែកខ្លាំងទៅលើប្រាក់ចំណូលពីវិស័យទេសចរណ៍។ កោះនេះអាចទាក់ទាញភ្ញៀវអន្តរជាតិបានច្រើនណាស់។ មួយឆ្នាំៗចូលរាប់លាននាក់។ ដូច្នេះ គណៈអភិបាលកោះបាលីចង់យកឱកាសនេះដើម្បីគិតកម្រៃបន្ថែម។

អ្នកទេសចរបរទេសតម្រូវឱ្យបង់ពន្ធតែមួយដងគត់នៅពេលពួកគេទៅកម្សាន្តនៅកោះបាលី។ អភិបាលកោះបាលីប្រាប់ថាប្រាក់ពន្ធនេះអាចបង់តាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់តែភ្ញៀវបរទេសប៉ុណ្ណោះ។ ចំណែកភ្ញៀវក្នុងស្រុកមិនតម្រូវឱ្យបង់ទេ។ កាលពីឆ្នាំ២០២២, អ្នកទេសចរ២លាននាក់ទៅកម្សាន្តនៅលើកោះបាលី។ នេះបើយោងតាមតួលេខជាផ្លូវការរបស់ក្រសួង។

ចំពោះសំណួរថាបើតម្រូវឱ្យបង់ពន្ធដូច្នេះ តិចលោភ្ញៀវទេសចរមិនសូវទៅកម្សាន្តនៅលើកោះបាលី? អភិបាលកោះបាលីតបថា «គ្មានបញ្ហាហ្នឹងកើតឡើងទេ។ យើងនឹងយកថវិកាពីការបង់ពន្ធនេះទៅកែលម្អប្រព័ន្ធបរិស្ថាន និងវប្បធម៌។ យើងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាព។ ដូច្នេះ ភ្ញៀវដែលមកទីនេះនឹងមានផាសុកភាព និងសុវត្ថិភាពកាន់តែខ្លាំង»។

អាជ្ញាធរប្ដេជ្ញាថានឹងខិតខំបង្ក្រាបភ្ញៀវដែលមានចរិតខិលខូច ប្រព្រឹត្តអំពើមិនសមរម្យ បន្ទាប់ពីមានករណីភ្ញៀវខ្លះធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌នៅលើកោះបាលីដែលគោរពសាសនាហិណ្ឌូ។ កាលពីខែមិថុនា, ការិយាល័យអន្តោប្រវេសន៍បណ្ដេញនារីជនជាតិដាណឺម៉ាកម្នាក់ចេញទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីនារីរូបនោះជិះម៉ូតូបង្អួតកេរខ្មាសរបស់ខ្លួនដាក់អ្នកដទៃ។

អាជ្ញាធរចាត់ទុកថានេះជាអំពើអនាចារ និងអាសអាភាស។ កាលពីខែមេសា, នារីជនជាតិរុស្ស៊ីម្នាក់ក៏ត្រូវបណ្ដេញចេញពីប្រទេសឥណ្ឌូណេស៊ីផងដែរ បន្ទាប់ពីនារីនោះថតរូបអាក្រាតរបស់ខ្លួននៅពីមុខដើមឈើជាកន្លែងគោរពសក្ការៈ។ ដោយសារមានបញ្ហាញឹកញាប់បែបនេះ, អាជ្ញាធរក៏ផ្សព្វផ្សាយអំពីក្រមសីលធម៌សម្រាប់ភ្ញៀវដែលទៅកម្សាន្តនៅលើកោះបាលី៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍ (Bangkok Post)
https://www.bangkokpost.com/world/2610451/bali-to-impose-10-tourist-tax
នារីជនជាតិដាណឺម៉ាកដែលបង្ហាញកេរខ្មាសជាសាធារណៈនៅលើកោះបាលី (រូបខាងឆ្វេង)
នារីជនជាតិរុស្ស៊ី (រូបពាក់អាវខ្មៅ) ដែលថតអាក្រាតនៅមុខដើមឈើជាទីសក្ការៈនៅលើកោះបាលី



ចែករំលែកព័តមាននេះ