ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី១២ និង១៣ ធ្នូ ត្រូវនឹងថ្ងៃ៦ និង៧កើត ខែមិគសិរនេះនៅខេត្តកំពង់ឆ្នាំងត្រីប្រហុក ចាប់ផ្តើមត្រូវជាបណ្តើរៗហើយ ។ ការប្រមូលផលត្រីនៅឆ្នាំនេះគេរំពឹងថា នឹងមានការកើនឡើងជាងឆ្នាំកន្លងទៅ។ លោកកែវ ថាយ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយឱ្យដឹងថា គ្រាន់តែដើមដៃ ឬថ្ងៃ៦ និង៧កើត ខែមិគសិរដែលជាខែដំបូងតាមឡូត៍នេសាទត្រូវប្រមូលផលត្រីប្រហុក គឺតំលៃត្រីប្រហុកត្រឹមតែ៦០០ទៅ៨០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ទាបជាងឆ្នាំកន្លងទៅក្នុងខ្នើតនៃខែដូចគ្នានេះថ្លៃដល់ទៅ១.២០០រៀលឯណោះ ។ លោកជឿជាក់ថា ត្រីប្រហុកនឹងធ្លាក់ថ្លៃជាងនេះទៀតនៅក្នុងខ្នើតខែនេះ និងខ្នើតខែក្រោយៗទៀត ។
លោកបញ្ជាក់ថា មូលហេតុដែលលោកហ៊ាននិយាយថា ផលត្រីឆ្នាំនេះសំបូរជាងឆ្នាំកន្លងទៅ ព្រោះលោកមើលតាមតំលៃត្រីប្រហុកតាមទីផ្សារ តែកាលណាមានតំលៃទាបគឺត្រីសំបូរ ហើយ ប៉ុន្តែបើតំលៃថ្លៃគឺត្រីប្រហុកខ្សត់ ។
លោកផន សំបូរ អាជីវករឡូត៍នេសាទលេខ៥ ព្រែកពាមតាលាបាននិយាយប្រាប់តាមទូរស័ព្ទថា ថ្ងៃ៦ និង៧កើតត្រូវនឹងថ្ងៃទី១២ និង១៣ ធ្នូ ក្នុងឡូត៍នេសាទចាប់ត្រីប្រហុកបានជិត៤០តោន និងនៅថ្ងៃទី១៤ ធ្នូ ចាប់បានច្រើនជាងនេះទៀត ។ លោករំពឹងថា ក្នុងខ្នើតខែក្រោយៗទៀតត្រីប្រហុកពិតជាសំបូរជាងនេះទៀត ។ ទោះបីជាបែបនេះក្តីលោកបញ្ជាក់ថា មិនដល់ថ្នាក់បើកបង្ហូរត្រីចោលទេ ព្រោះខ្លាចបាក់របាំងធ្នួស ។
លោកនាយខណ្ឌរដ្ឋបាលជលផលបន្តថា ក្រៅពីឡូត៍លេខ៥នៅមានឡូត៍ដទៃទៀតក៏ត្រូវត្រីប្រហុកច្រើនដូចគ្នាដែរ ។ កត្តាច្រើនដែលនាំឱ្យផលត្រីសំបូរឡើងវិញ គឺដូចជាការបង្ក្រាបការនេសាទខុសច្បាប់ដោយកាប់បំផ្លាញចោលអួន និងលូស្បៃមុង របាំងព្រួល របាំងសាច់អួនក្រឡាញឹក ឧបករណ៍ឆក់ ទប់ស្កាត់ការកាប់ព្រៃលិចទឹកជាដើម ។ ដោយឡែកក្រៅពីត្រីប្រហុក ត្រីធំៗ ឬហៅថាត្រីមូល នៅខែនេះមិនទាន់ត្រូវប៉ុន្មានទេ តែអាចនឹងសំបូរជាងឆ្នាំកន្លងទៅដូចត្រីប្រហុកដែរ ៕
ចែករំលែកព័តមាននេះ