ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​គុន​ដាវ​ដ្បិតថា ​មិនសូវលេចធ្លោ តែ​សកម្ម​មិនធម្មតា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​កីឡា​ផ្សេង​ទៀត គេ​កត់​សម្គាល់ថា កីឡា​គុន​ដាវ ហាក់​មិន​សូវ​លេចធ្លោ​ប៉ុន្មាន​ទេ ខណៈ​ដែល​មហាជន​ខ្លះ​មិន​ចាប់អារម្មណ៍​នឹង​កីឡា​ប្រភេទ​នេះ​ផង ដោយសារ​តែ​គុន​ដាវ ក៏​មិនមែន​ជា​ចំណាប់អារម្មណ៍​របស់​យុវវ័យ​ក្មេង​ៗ​ចង់ហាត់​ដើម្បី​​ក្លាយជា​អ្នកជំនាញ ឬ​ជា​អ្នក​ឯកទេស…

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​កីឡា​ផ្សេង​ទៀត គេ​កត់​សម្គាល់ថា កីឡា​គុន​ដាវ ហាក់​មិន​សូវ​លេចធ្លោ​ប៉ុន្មាន​ទេ ខណៈ​ដែល​មហាជន​ខ្លះ​មិន​ចាប់អារម្មណ៍​នឹង​កីឡា​ប្រភេទ​នេះ​ផង ដោយសារ​តែ​គុន​ដាវ ក៏​មិនមែន​ជា​ចំណាប់អារម្មណ៍​របស់​យុវវ័យ​ក្មេង​ៗ​ចង់ហាត់​ដើម្បី​​ក្លាយជា​អ្នកជំនាញ ឬ​ជា​អ្នក​ឯកទេស ។ ទោះបី​យ៉ាងណា គេ​មើលឃើញ​ថា កីឡា​ប្រភេទ​នេះ​នៅ​តែ​មាន​សកម្មភាព​រស់រវើក ដោយ​ក្រៅពី​បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​របស់​ខ្លួន​ដូច​គ្នា​នឹង​កីឡាផ្សេង​ទៀត​ក៏​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចេញ​​ប្រកួត​ជា​ហូរហែ​នៅ​ក្រៅប្រទេស​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ខ្លះ​និង​មិនល្អ​ខ្លះ​ផង
ដែរ​។

ថ្វី​ដ្បិតតែ​ជា​ប្រភេទ​កីឡា​គ្រោះថ្នាក់ មិនសូវ​មាន​សុវត្ថិភាព និង​មិនសូវ​ទទួល​ការ​ចាប់​អារម្មណ៍​ហ្វឹកហាត់​ពី​សំណាក់​ក្មេង​ៗ ប៉ុន្តែ​គេ​ដឹង​ថា​សហព័ន្ធ​កីឡា​គុន​ដាវ បាន​ជំរុញ​ឱ្យ​កីឡាករ​កីឡាការិនី​របស់​ខ្លួន​មានមុខ​លើ​ឆាក​អន្តរជាតិ ដោយ​នាំ​មក​នូវ​មេដាយ​ជូន​ជាតិ​មិន​ដែល​ខាន​នា​ពេល​កន្លង​មក ។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ​កីឡា​​មួយ​នេះ​ទើបតែ​បញ្ចប់​ការ​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ប៉ុណ្ណោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ សាកលវិទ្យាល័យ​អាស៊ី លើក​ទី​១៧ ។ ដោយ​ក្នុង​ពេល​នោះ​អត្ត​ព​លិ​ក​របស់​កម្ពុជា​ឈ្នះ​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១ ក្នុង​ចំណោម​អត្ត​ព​លិ​ក​ដែល​បាន​ចេញ​ប្រកួត​តំណាង​កម្ពុជា​លើ​វិញ្ញាសា​ចំនួន​៥​ដែល​បាន​បញ្ជូន​ទៅ​។

លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​ថ្លែង​ថា បើ​ទោះជា​កីឡា​គុន​​ដាវ​មិនមែន​ជា​កីឡា​ដែល​ពលរដ្ឋ​ខ្មែរ យុវវ័យ​ខ្មែរ​ពេញ​និយម​ដូច​គ្នា​នឹង​កីឡា​តេ​ក្វា​ន់​ដូ និង​បាល់ទាត់​ជាដើម ប៉ុន្តែ​លោក​ថា អ្នកឯកទេស ឬ​ធនធាន​កីឡាករ​ជម្រើសជាតិ​របស់​​កីឡា​ប្រភេទនេះ គឺ​នៅ​តែ​មាន ដោយ​ក្នុង​ពេល​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ម្ដង​ៗ នៅ​តែ​មាន​អ្នក​ដាក់​ពាក្យ​ចូលរួម​ប្រកួត និង​មាន​អ្នក​ចង់​ក្លាយជា​កីឡាករ​ជម្រើស​ជាតិ​​ទៀត​ផង ។ លោក​ថា​កីឡាករ​ប្រភេទ​នេះ បើ​ធៀប​នឹង​កីឡាករ​ប្រភេទ​ផ្សេង គឺ​មិន​សូវ​មាន​ច្រើន​នោះ​ទេ ដោយសារ​តែ​អ្នក​ហ្វឹកហាត់​ភាគច្រើន​យល់​ថា ជា​កីឡា​គ្រោះថ្នាក់ ហើយ​សម្រាប់​អាណាព្យាបាល​ទៀត​សោត ក៏​មិនសូវ​លើកទឹកចិត្ត​ឱ្យ​កូនចៅ​របស់​ខ្លួន​បាន​ហ្វឹកហាត់​ដោយ​ស្រួល​ដែរ ។

បើ​ទោះជា​កីឡា​ប្រភេទ​នេះ ត្រូវ​បានការ​ពារ​ដោយ​សម្លៀក​​បំពាក់ និង​គ្រឿង​សុវត្ថិភាព ប៉ុន្តែ​​លោក​ថា អ្នក​ហ្វឹកហាត់​ខ្លះ​នៅ​តែ​មានការ​ញញើត ដោយ​យល់​ថា កីឡា​គុន​ដាវ គឺជា​កីឡា​គ្រោះថ្នាក់​ដែល​នាំ​ឱ្យ​កីឡាករ​ខ្លះ​តស៊ូ​ហ្វឹកហា​ត់​បាន​មួយរ​យៈមក​ហើយ បែរជា​ត្រូវ​បំបាក់ទឹកចិត្ត​ដោយសារ​តែ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ចេះ​តែ​យល់​បែប​នេះ​បែប​នោះ​ហើយ​មិនសូវ​មានការ​លើកទឹកចិត្ត ។ ប៉ុន្តែ​លោក​ថា បើ​ធៀប​នឹង​រយៈពេល​មុន កីឡា​គុន​ដាវ ក៏​បាន​ទទួលស្គាល់ និង​មានការ​ចាប់​អារម្មណ៍​ជាង​មុន​ផង​ដែរ ដោយសារ​តែ​មានឱកាស​បាន​ចេញប្រកួត​ញឹកញាប់​នៅ​ក្រៅ​ប្រទេស ហើយ​ជា​លទ្ធផល​ក៏​មាន​បណ្ដា​ប្រទេស​ច្រើន​ឡើង​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កីឡា​ការិនី​កម្ពុជា​បាន​ចេញ​ប្រកួត និង​បាន​ទៅ​ហ្វឹក​ហាត់​​ដែល​ធ្វើ​ឱ្យ​ពួក​គេ​សប្បាយចិត្ត ហើយ​​បាន​តស៊ូ​ជាមួយ​គុន​ដាវ​យូរ​ៗ​ខុស​ពី​មួយ​រយៈពេល​មុន ។ លោក​ថា​កីឡា​មួយ​នេះ មិន​បាន​ស្ងប់ស្ងាត់​សកម្មភាព​នោះ​ទេ ដោយ​មុន​ពេល​ចាកចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ក៏​មាន​សកម្មភាព​ជា​ហូរហែ​ផង​ដែរ បើ​ទោះជា​កីឡាករ​កីឡាការិនី​របស់​សហព័ន្ធ​នេះ​រាង​ខ្សត់​ជាងគេ​បន្តិច​ក្ដី ។

លោក​រំលឹក​ពី​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ទើបតែ​ជោគជ័យ​ថា គឺជា​ការ​ប្រកួត​​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមិថុនា ដោយ​មាន​សាកល​វិទ្យា​ល័យ និង​វិទ្យា​ស្ថាន​​ចំនួន១៩​ស្ថាប័ន​មក​ពី​ប្រទេស​ផ្សេង​ៗ​ចូលរួម ។ លោក​នៅ​តែ​យល់​ថា បើ​ទោះជា​អត្ត​ព​លិ​ក​កម្ពុជា​មិន​ទទួល​បាន​មេដាយមាស ប៉ុន្តែ​លោក​ថា​គឺជា​សញ្ញាណ​វិជ្ជមាន​ហើយ​សម្រាប់​កីឡា​គុន​ដាវ​របស់​កម្ពុជា ។ លោក​ថា នៅ​ក្នុង​កីឡា​គុន​ដាវ កីឡា​ករ​​ដែល​មាន​សមត្ថភាព និង​កេរ្តិ៍ឈ្មោះ​រួម​មាន កីឡាការិនី យី លី​ហ្សា​, កីឡាការិនី ជុំ សុ​វ​ណ្ណា​រ៉ុ​ង​, កីឡាការិនី រៀម ចាន់​ដា​រ៉ា​រស្មី​, កីឡាករ ជឹ​ម ធា​រ៉ា​, កីឡាករ ឃឹម សា​មាន​, កីឡា​ករ ថុ​ង តាំង​ជី​ន និង​កីឡាករ សំ សិទ្ធិ​បញ្ញា ដែល​កីឡាករ​ទាំងនេះ​សុទ្ធសឹងតែ​ជា​សមាស​ភាព​​ជើង​ខ្លាំង​ប្រចាំ​សហព័ន្ធ​។

គួរ​បញ្ជាក់​ថា កីឡា​គុន​ដាវ​ដែល​ភាសាបរទេស​ហៅ​ថា Fencing មិនមែន​ជា​កីឡា​របស់​កម្ពុ​ជា​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក និង​មាន​ប្រភព​កំណើត​ពី​កីឡា​បុរាណ និង​ជា​កីឡា​ប្រពៃណី​របស់​លោក​ខាងលិច ដែល​តាម​ការ​សិក្សា​គឺ​មាន​ដើម​កំណើត​តាំងពី​១២០០​ឆ្នាំ​មុន​គ្រិស្ដសករាជ នៅ​ក្នុង​ប្រទេស​អេ​ហ្សុ​ី​ប ទីក្រុង​រ៉ូ​ម ។ កីឡា​នេះ​ត្រូវ​បាន​នាំ​មក​បង្ហាត់​ដោយ សាលា​គុន​ដាវ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​បារាំង ដោយ​ព្រះ​អង្គ​ម្ចាស់ Charles ទី​៤ ហើយ​ក៏​ត្រូវ​បាន​សាយភាយ​នៅ​ពាសពេញ​ពិភពលោក ។ កីឡា​ប្រភេទ​នេះ ត្រូវ​បាន​នាំ​មក​ប្រទេស​កម្ពុជា​តាំងពី​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០​តាម​រយៈ​នយោបាយ​ពង្រីក​ទឹកដី​របស់​ប្រទេស​បារាំង ។ បើ​តាម​លោក សុខ អាង អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បន្ត​ថា វិញ្ញាសា​សំខាន់​របស់​គុន​ដាវ​រួម​មាន​វិញ្ញាសា​ដាវ​តូច​ឯកត្តជន វិញ្ញាសា​ដាវ​ធំ​បុរស​ជា​ក្រុម វិញ្ញាសា​ដាវ​ធំ​ឯកត្តជន និង​វិញ្ញាសា​គុន​ដាវ​នារី​ជា​ក្រុម​ជាដើម ។ កីឡា​នេះ​មាន​ផលវិបាក​ច្រើន​ជា​ពិសេស​គឺ​រឿង​សម្លៀក​បំពាក់ និង​គ្រឿង​ការពារ ដោយ​អាច​និយាយ​មិន​មាន​បម្រុង​ច្រើន​សម្រាប់​អ្នក​ចង់​ហាត់​មិនមែន​ជា​កីឡាករ​នោះ​ទេ ទើប​ក្នុង​ពេល​ខ្លះ​បើ​ទោះជា​មាន​អ្នក​ចង់​មក​ហ្វឹកហាត់​ច្រើន​លើស​កំណត់​ក៏​មិន​អាច​ទទួល​។

តាំងពី​ឆ្នាំ​២០០៨​មក កីឡា​នេះ​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​បន្ត​បន្ទាប់ ដែល​កាន់តែ​ធ្វើ​ឱ្យ​គេ​ទទួលស្គាល់​ពី​ភាព​រីក​ចម្រើន​របស់​កីឡា​នេះ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ