ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្ត​​ប្រាប់​៣ចំណុច​សំខាន់ៗទៅកាន់​អាជីវករទាក់ទងការរុះរើ​ផ្សារ​ផល្លារាត្រី​អង្គរ៥

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដឹកនាំ​ក្រុមការងារ​ដោយ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក បណ្ឌិត នូ ផល្លា…

ខេត្តសៀមរាប ៖ ដឹកនាំ​ក្រុមការងារ​ដោយ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ជួប​សំណេះសំណាល និង​ជម្រាប​ជូន​អាជីវករ​ផ្សារ​ផល្លា​រាត្រី​អង្គរ​៥ គ្មាន​ការ​រុះរើ​តូប​លក់ដូរ​ក្នុង​ផ្សារ​ផល្លា​
រាត្រី​អង្គរ​៥ ដូច​ការ​បំផុស​ព័ត៌មាន​បំផ្លើសការពិត​នោះ​ឡើយ កាលពី​​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨។

    លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជម្រាប​ជូន​អាជីវករ កុំ​មានការ​ភិតភ័យ ដូច​ព័ត៌មាន​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​ផ្សព្វ​ផ្យា​យ​បំផ្លើសការពិត​។

ជាក់ស្តែង ការ​បើកផ្លូវ​នេះ អាជ្ញាធរ​មិន​មាន​គម្រោង​ឈូស​តូប​លក់ដូរ​ក្នុង​ផ្សា​រទាំង​អស់នោះ​ទេ គឺ​គ្រាន់តែ​បើកផ្លូវ​តាម​អ្វី​ដែល​ម្ចាស់​ផ្សារ​ធ្លាប់​បាន​ព្រម​ពៀង​ជាមួយ​អាជ្ញាធរ​ខេត្ត និង​តាម​ការ​កំណត់​របស់​គណៈ
កម្មការ​រដ្ឋបាល​តែ​ប៉ុណ្ណោះ ។ ចំណុច​សំខាន់​ៗ មួយ​ចំនួន ដែល លោក អភិបាលខេត្ត បាន​ជម្រាប​ជូន​បងប្អូន​អាជីវករ​រួម​មាន​៖

១-​អាជ្ញាធរ​ខេត្ត អនុវត្ត​ការ​បើកផ្លូវ​ចំនួន​៦​ម៉ែត្រ តាម​គោលការណ៍​ច្បាប់​តែ​ប៉ុណ្ណោះ ២-​អាជីវករ​បន្ត​ការ​លក់ដូរ​ជា​ធម្មតា កុំ​ព្រួយបារម្ភ ឬ​ភ័យ​ខ្លាច​ការ​បិទ​ផ្សារ ឬ​ការ​ឈូស​តូប ដើម្បី​បើកផ្លូវ​នេះ និង​៣-​ការ​បើកផ្លូវ​នេះ គឺ​ការ​បង្កើត​បណ្តាញ​ផ្លូវ​ប្រទាក់ក្រឡា​នៃ​ការ​ភ្ជាប់បណ្តាញ​ផ្លូវ​ឡើង​វិញ ដើម្បី​សម្រួល​ចរាចរណ៍ ការ​កកស្ទះ និង​ប្រើប្រាស់​ក្នុង​ករណី​ចាំបាច់ ដូច​ជា​ការងារ សង្គ្រោះ​អគ្គី​ភ័យ និង​ការ​សង្គ្រោះ​បន្ទាន់​ជាដើម​។

អាជ្ញាធរ​ខេត្ត​សូម​ស្វាគមន៍​នូវ​រាល់​ការ​ស្នើ​សុំ​ការ​បំភ្លឺ​ព័ត៌មាន​បន្ថែម ឬ​ការ​ផ្តល់​ព័ត៌មាន ឬ​សំណូមពរ​ពី​សំណាក់​សារព័ត៌មាន​ជាតិ អន្តជាតិ និង​សាធារណជន​ទាំងអស់ ដើម្បី​ចៀសវាង​ការ​ភាន់ច្រឡំ​នានា​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​បើកផ្លូវ​៦​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​គ្រួសារ ដែល​រស់នៅ​ពី​ខាងក្រោយ​ផ្សារ​ផល្លា​រាត្រី​អង្គរ​៥​នោះ លោក អភិបាលខេត្ត​មិន​បាន​បញ្ជាក់​ជូន​ពួក​គាត់​ច្បាស់​ទេ ក្នុង​កិច្ច​សម្ភាសន៍ ជាមួយ​អ្នក​ព័ត៌មាន និង​ប្រជាពលរដ្ឋ ដែល​ពួក​គាត់​កំពុង​ស្នើ​សុំ​ថា ការ​បើកផ្លូវ​នោះ គឺ​នៅ​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា មួយ​នោះ​ទេ គឺ​រង់ចាំ និង​សួរ​ពី​ខាង​រដ្ឋបាល​ខេត្ត​ទៅ​វិញ ដូច្នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គិត​ថា ប្រហែល​សង្ឃឹម​ភាគតិច​ក្នុង​ការ​បើកផ្លូវ​នេះ​ណាស់ ព្រោះ​ពាក់ព័ន្ធ​ទៅ​នឹង​ក្បាលដី​របស់​ម្ចាស់​ផ្សារ​រាត្រី​អង្គរ​៥ ដែល​មានឈ្មោះ ប៉ិល ហូ​លី ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភុំ ផល្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ