ចុម! ធ្វើរបងថ្មបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរ ផ្ទុះការតវ៉ានៅក្រុងស្វាយរៀង
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្នុងភូមិគយត្របែកលើកគ្នាតវ៉ាករណីបុរសម្នាក់ធ្វើរបងថ្ម បិទផ្លូវ
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្នុងភូមិគយត្របែកលើកគ្នាតវ៉ាករណីបុរសម្នាក់ធ្វើរបងថ្ម បិទផ្លូវ
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្នុងភូមិគយត្របែកលើកគ្នាតវ៉ាករណីបុរសម្នាក់ធ្វើរបងថ្ម បិទផ្លូវប្រជាពលរដ្ឋមិនធ្វើដំណើរទៅធ្វើស្រែចម្ការ ដោយប្រជាពលរដ្ឋចោទថា រំលោភយកផ្លូវសាធារណៈទៅធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋលើកគ្នាតវ៉ានេះកើតឡើងនៅព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០២៤ នៅចំណុចទ្វារទឹក ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងទំនាស់នេះជាប្រឡាយទឹកដៃទន្លេវ៉ៃគោក្រោម មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានធ្វើទ្វារទឹក បិទទឹកទុកនៅខែសម្រកដើម្បីទុកទឹកឱ្យប្រជាពលរដ្ឋធ្វើស្រែធ្វើចម្ការដាំបន្លែ ហើយប្រឡាយនេះគឺមានផ្លូវទំនប់សងខាងប្រឡាយ ប្រជាពលរដ្ឋធ្វើដំណើរទៅធ្វើស្រែ ចម្ការ រាល់ថ្ងៃ ។
ក្រោយមក មានឈ្មោះ ផន មានផ្ទះនៅខាងលិចប្រឡាយ បានធ្វើរបងឫស្សី អែបភ្លឺប្រឡាយ ហើយយកអំបែងដបមកចាក់លើផ្លូវ មិនឱ្យប្រជាពលរដ្ឋដើរបាន (មុតជើង) ប្រជាពលរដ្ឋដើរមិនកើតក៏មកដើរខាងកើតប្រឡាយ ក៏មានម្ចាស់ដីម្នាក់ខាងកើតប្រឡាយ បានដាំដើមប្រេងខ្យល់និងដើមអាកាស្យា នៅលើខ្នងទំនប់ប្រឡាយ កាលណោះខាងលោកមេភូមិមកឃាត់ គេថាគេសុំដាំដើមឈើ យកផលសិននៅពេលណារដ្ឋត្រូវការ រដ្ឋយកវិញចុះគេយល់ព្រមកាប់ដើមឈើចេញ ។
ពេលដើមប្រេងខ្យល់ធំបន្តិចគេធ្វើរបងហុមព័ទ្ធយកជាកម្មសិទ្ធិតែម្ដង លុះដល់ពេលប្រឡាយទឹកបាក់ដីរាក់ ប្រជាពលរដ្ឋបានស្នើរសុះឱ្យអាជ្ញាធរ កាយប្រឡាយដើម្បីបង្ហូយកទឹកពីទន្លេវ៉ៃគោ មន្ទីរធនធានទឹកនិងឧតុនិយមបានមកជីកស្តារប្រឡាយឱ្យគឺត្រូវអស់ច្រាំងប្រឡាយទាំងសងខាង នៅផ្លូវរួមតូច ស្រាប់តែនៅបន្មានថ្ងៃនេះឈ្មោះផន បានធ្វើរបងថ្ម បិទផ្លូវរំលោភយកដីផ្លូវភ្លឺប្រឡាយសាធារណៈទៅធ្វើជាកម្មសិទ្ធិតែម្ដង ហើយឈ្មោះ យ៉ា ក៏ចាក់ដីរំលោភយកផ្លូវដែរ ទើបប្រជាពលរដ្ឋលើកគ្នាតវ៉ា សូមឱ្យអាជ្ញាធរដោះស្រាយ បើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ ។
ចំណែកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា មាន ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយទន្លេវ៉ៃគោក្រោម គឺកំពុង ហ៊ុមព័ទ្ធ យកចំណីទន្លេដែលរាក់ គោក ដាំដំណាំ ដាំបន្លែ អ្នកខ្លះលួចចាក់ដីពង្រីកដីសង់លំនៅឋាន ធ្វើឱ្យ ទន្លេវ៉ៃគោក្រោមរួមតូច រាក់ ដោយសារប្រជាពលរដ្ឋរស់នៅតាមបណ្ដោយទន្លេនាំគ្នាដាំត្រកួនកញ្ឆែត លើផ្ទៃទឹកទន្លេ យកឈើមករាំងកាត់ទន្លេ ដាំបន្លែ អ្នកផ្នែកខាងលើវាតយកដីផ្លូវទំនប់ប្រឡាយ ធ្វើជាកម្មសិទ្ធិ សូមអាជ្ញាធរក្រុងមេត្តាចុះមកពិនិត្យមើលផង។
ទាក់ទិនករណីបិទផ្លូវរំលោភយកដីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិនេះ លោកចៅសង្កាត់រងទី២ សង្កាត់គយត្របែក បានប្រាប់អ្នកព័ត៌មានយើងថា លោកចៅសង្កាត់បានរាយការណ៍ទៅលោកអភិបាលក្រុងស្វាយរៀងហើយ លោកអភិបាលក្រុងស្វាយរៀងបានចាត់មន្ត្រីសុរិយោដី ចុះទៅពិនិត្យវាស់វែង បាញ់គំនុសប្លង់ដី ឈ្មោះ ផន និងឈ្មោះយ៉ា និងឈ្មោះទុំ ចន្ធី ត្រឹមណា និងដោះស្រាយបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរវិញ ។ ក៏ប៉ុន្តែមិនឃើញ មន្ត្រីសុរិយោដីក្រុងស្វាយរៀងចុះមកទេ អាជ្ញាធរសង្កាត់និងមេភូមិចុះមកដល់ទីតាំងទំនាស់ហើយមិនឃើញខាងក្រុងចុះមក។
ទាក់ទិនករណីនេះដែរ លោកឌីយ៉ាម៉ង់ ប្រធានការិយាល័យភូមិបាល និងសុរិយោដីក្រុងស្វាយរៀងបានមានប្រសាសន៍ថា លោកបានទទួលបណ្តឹងពីលោកចៅសង្កាត់គយត្របែកហើយ ក៏ប៉ុន្តែ នៅក្រុងស្វាយរៀងមានទំនាស់ដីធ្លីច្រើនកន្លែងមន្ត្រីលោកជាប់រវល់ទៅដោះស្រាយទំនាស់ដីធ្លីនៅសង្កាត់ព្រៃឆ្លាក់ ចាំល្ងាចម៉ោង២រសៀលសឹមលោកឱ្យមន្ត្រីចុះទៅ ពិនិត្យដោះស្រាយ ។ រហូតដល់ម៉ោង៣និង២០នាទីរសៀលមន្ត្រីសុរិយោដីបានចុះទៅពិនិត្យមើលឃើញថា ដីប្រឡាយគឺមានទំហំ២០ម៉ែត្រ វាស់វែងទៅលទ្ធផល់ឈ្មោះផន ធ្វើរបងថ្មរំលោភដីផ្លូវព្រែក៣,៦០ម៉ែត្រ ។
ការវាស់វែងកំណត់ព្រំដីនេះដែរ គឺមានលោកចៅសង្កាត់គយត្របែក មន្ត្រីសាលាក្រុងស្វាយរៀង មន្ត្រីភូមិបាលក្រុងស្វាយរៀងលោកស្រីមេភូមិគយត្របែក និងភាគីម្ចាស់ដីម្នាក់ ក្រោយពីការវាស់វែងបាញ់កំណត់ព្រំដី រួចហើយ ភាគីលោកស្រីទុំ ចន្ធី មិនព្រមផ្តិតមេដៃ នៅលើកំណត់ហេតុទេ គ្រាន់តែយល់ព្រម ទទួលតាមប្លង់ ដីដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ចំណែកអាជ្ញាធរ កំណត់ឱ្យអ្នកធ្វើរបងបិទផ្លូវវាយរបងចេញ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ ។
មន្ត្រីភូមិបាលបានឱ្យដឹងថា ដីប្រឡាយខាងមុខទទឹង២០ម៉ែត្របណ្តោយ១៣០ម៉ែត្រខាងក្រោយទទឹង៣០ម៉ែត្របណ្តោយ៣,០០០ម៉ែត្រ ដោយជួបរាំងស្ងួតចាប់ពីខែមិនាមកគោកទឹកតាមប្រឡាយទើបអាជ្ញាធរសុំឱ្យមន្ទីរធនធានទឹកនិងឧតុនិយមមកស្តារប្រឡាយយកទឹកពីទន្លេវ៉ៃគោ ទៅឱ្យប្រជាពលរដ្ឋបូមដាក់ស្រូវនិងបន្លែ ។ ប្រជាពលរដ្ឋរង់ចាំមើលថាតើ អ្នកធ្វើរបងបិតផ្លូវ វាយរបងចេញបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្ងៃណាទាន៕
ចែករំលែកព័តមាននេះ