ខេត្តស្ទឹងត្រែង ៖ ក្នុងរដូវបិទនេសាទដែលត្រូវបានប្រកាស ចាប់ពីថ្ងៃទី១ ខែឧសភា ២០២៤ ក្រុមអភិរក្សព្រៃមេពូជ បានបង្កើនការចុះល្បាតតាមតំបន់សំខាន់ៗមួយចំនួន និងបានប្រទះឃើញក្រុមជនល្មើសប្រព្រឹត្តសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំងពេលថ្ងៃ និងពេលយប់ ។

លោកនីវី មន្ត្រីឧទ្យានុរក្សប្រចាំតំបន់រាមសារបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ ឧសភា ឧសភា ២០២៤ ក្រុមការងាររួមសហការជាមួយប្រជាសហគមន៍នេសាទ នៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង និងឃុំអូរស្វាយ-ឃុំកោះស្នែង ក្នុងស្រុកបូរីអូរស្វាយសែនជ័យបានបង្ក្រាប៣ករណីនៅថ្ងៃទី៥មាន២ករណី និងថ្ងៃទី៦មួយករណីដោយដកហូតសម្ភារ និងឧបករណ៍ល្មើសច្បាប់មួយចំនួនទៀត ។
ក្នុងចំណោម៣ករណីនោះ ជនសង្ស័យមួយក្រុមមានគ្នា២នាក់បានទម្លាក់ឧបករណ៍ចោលទៅក្នុងទឹកនិងបើកទូករត់គេចខ្លួនខណៈក្រុមការងារប្រដេញទូកតាមចាប់ ។
ដោយឡែក នៅវេលាម៉ោង៣ និង៣នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ក្រុមការងារល្បាតក៏បានជួបក្រុមជនល្មើសកំពុងធ្វើសកម្មភាពឆក់ត្រីពេលនោះក្រុមល្បាតបានដេញចាប់តែក្រុមជនល្មើសរត់ចោលទូកម៉ាស៊ីនក្រុមល្បាតក៏បានដកហូតវត្ថុតាងទាំងនោះរួមមានទូកឈើក្បាលស្រួច១គ្រឿងម៉ាស៊ីនកម្លាំង២០សេសធីបីសី១គ្រឿងអាគុយ៥០Ah១គ្រឿងដុំឆក់សេរីថ្មី ១គ្រឿងច្រវ៉ាក់ជាប់ កន្ត្រងដងត្រី១ខ្សែភ្លើង៥ម៉ែត្រ ។ វត្ថុតាងទាំងនេះបានរក្សាទុក្ខនៅស្នាក់ការរងកំបោរ ។
លោកថង កង ប្រជាសហគមន៍នេសាទបញ្ជាក់ថា ជនសង្ស័យទាំងនេះមានចរិកព្រហើនកោងកាចមិនចូលរួមគោរពច្បាប់ជលផលនោះទេ ព្រោះនៅក្នុងរដូវបិទនេសាទ ជនទាំងនេះបានប្រើប្រាស់ឧបករណ៍ឆក់ធ្វើសកម្មភាពឆក់ត្រីទាំងថ្ងៃ ដោយមិនកោតខ្លាចកម្លាំងសមត្ថកិច្ចណាមួយឡើយ ។
លោកបន្តថា តំណាងឱ្យប្រជាសហគមន៍នេសាទ សូមអំពាវនាវដល់ប្រជាអ្នកនេសាទទាំងអស់ កុំព្យាយាមប្រើឧបករណ៍នេសាទខុសច្បាប់បែបនេះ ព្រោះវាជាទង្វើបំផ្លាញធនធានមច្ឆជាតិរបស់ខ្លួនឯងតែប៉ុណ្ណោះ ។
លោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែង សូមលើកទឹកចិត្តទៅក្រុមអភិរក្សត្រីមេពូជ ហើយសូមឱ្យរួមគ្នាបង្កើនសកម្មភាពចុះល្បាតឱ្យបានញឹកញាប់ ចំណែកអាជ្ញាធរនិងជួយឧបត្ថម្ភគាំទ្រសម្ភារគ្រឿបរិភោគ ផ្សេងៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នាក្នុងរដូវបិទនេសាទ ។
ចំពោះករណីនេះប្រជាសហគមន៍នេសាទ និងកម្លាំងល្បាតស្នើសុំទៅមន្ត្រីជំនាញជលផលនិងប៉ុស្តិ៍រដ្ឋបាលឃុំឱ្យជួយអន្តរាគមន៍និងបន្ថែមកម្លាំងផង ព្រោះសហគមន៍មានគ្នាតិចដែនអភិរក្សមានទំហំធំនិងមានប្រវែងជាង៤០គីឡូម៉ែត្រ ឯណោះមិនអាចគ្រប់គ្រងបានទាំងស្រុងនោះទេ ៕
ចែករំលែកព័តមាននេះ