ខេត្តរតនគិរី ៖ ឈើជ្រុងផែរួចជាច្រើនកំណាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងជំនាញបរិស្ថាន ចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រៃឈើ បានប្រទះឃើញជនមិនស្គាល់មុខបានដឹកមកទម្លាក់ចោលក្នុងព្រៃក្បែរចម្ការមួយកន្លែង ។

គំនរឈើដែលកម្លាំងសមត្ថកិច្ចប្រទះឃើញនោះ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចព្រៃក្បែរចម្ការមួយកន្លែង ក្នុងភូមិតាកុកភ្នង ឃុំបរខាំស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ការរុករកបទល្មើសព្រែឈើដែលប្រទះឃើញឈើជ្រុងផែរួចជាច្រើនកំណាត់ដែរ ដោយមានការទទួលបទបញ្ជាពីឯកឧត្ថម សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគីរី ក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តីព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តរតនគីរី លោក ហ្លីនត្វាន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងជំនាញបរិស្ថាន ចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រែឈើ។

តាមប្រភពការុករកនោះ ក៏បានប្រទះឃើញឈើជ្រុងផែរួចជាប្រភេទឈើឈ្លីក និងឈើផ្ចឹកដែលមានមុខកាត់ចាប់ពី៣០សង់ទីម៉ែត្រ ទៅ៤០សង់ទីម៉ែត្រ មានចំនួន៤៦កំណាត់ ដែលមានប្រវែងពី៣ម៉ែត្រ ទៅ៥ម៉ែត្រឯណោះ ប៉ុន្តែមិនទាន់បានវាស់វែងនៅឡើយ។

ឈើទាំងនោះជាឈើ ដែលជនក្រុមឈ្មួញមិនស្គាល់មុខបានដឹកយកមកទម្លាក់ទុកក្នុងព្រៃក្បែរចំការមួយកន្លែង ស្ថិតនៅ ភូមិឃុំខាងលើ។

ប្រភពបានបញ្ជាក់ថា បច្ចុប្បន្ន ជំនាញបរិស្ថានកំពុងដឹកជញ្ជូនវត្ថុតាងទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ដាវ មើម្បីបន្តនិតិវិធីតាមច្បាប់ព្រៃឈើ ៕
ចែករំលែកព័តមាននេះ