ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​វគ្គ​2


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរ​ជាតិ​​ដែល​មានឈ្មោះ​ថា កំពូល​អ្នក​ប្រយុទ្ធកណ្ដាប់ដៃ​ដែក​វគ្គ​១​ពី​សំណាក់​ទស្សនិកជន​រួចមក កាលពី​ថ្ងៃអាទិត្យ ទី​១០ មិថុនា ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី សហការ​ជាមួយ​ក្រុមហ៊ុនISI Palm បាន​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួតប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​​ដែក​វគ្គ​២​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ជា​បន្ត​ទៀត​។

លោក ម៉ា ស៊ី​ថេ​ត អ្នកចាត់ការ​ទូទៅកម្ម​វិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដែល​មានឈ្មោះ​ថា កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​វគ្គ​២​លើក​នេះ​ប្រមូលផ្ដុំ​ទៅ​ដោយ​ជើង​ខ្លាំង​កម្ពុជា​-​ថៃ​ចំនួន​៨​រូប ។

សម្រាប់​កីឡាករ​កម្ពុជា​មាន​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​, ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​,ជា សំនៀង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និង​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ចំណែក​កីឡាករ​ថៃ​វិញ​មាន ផ្លា​យ​ណ​យ ប៉ប៉ៅ​អ៊ីន​, ដិ​ន​ណា​ផូ ស​.​ថា​ន់ យ៉ា​ឡាក់​, ក្រៀក​ក្រៃ ត​.​សិលា​ឆ័​យ និង​នី​វ​វ៉ាំ​ង​ច័ន្ទ ប៉ាក​ន​សុរិន្ទ ។ លោក​ឱ្យ​ដឹង​ទៀត​ថា​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ចំនួន​២​គូ​តាម​រូបមន្ត​សន្សំពិន្ទុ​វិល​ជុំ​ស្វែងរក​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ប្រចាំ​​ពូ​ល​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​។

លោក សុខ ចិ​ត្រា ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ISI Palm​បានឱ្យ​ដឹង​ថា គោលបំណង​សំខាន់​​ដែល​ក្រុមហ៊ុន​របស់​លោក​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​ឱ្យ​មាន​ការ​ប្រកួត​កីឡាប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​វគ្គ​២​លើក​នេះ គឺ​ដើម្បី​ចូលរួម​លើក​ស្ទួយ អភិរក្ស​និង​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ ក៏​ដូច​ជា​បម្រើ​អារម្មណ៍​ទស្សនិកជន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ផង​ដែរ ។

លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ក្រុមហ៊ុន​CBS​ដែល​បាន​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត ក្នុង​ការ​លើកតម្កើង​វិស័យ​ក្បាច់គុន​បុរាណ​ខ្មែរ ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​ប្អូន​ៗ​កីឡាករ​បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ជា​ពិសេស​ជំរុញ​ឱ្យ​យុវជន​ចូលរួម​លេង​កីឡា​ដើម្បី​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ​ជាដើម ។ លោក​សង្ឃឹមថា សម្រាប់​ការ​ប្រកួត​លើ​នេះ​នឹង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​។

លោក ហូរ រតនៈ ប្រធាន​ផ្នែក​ទីផ្សារ​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បានឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ប្រដាល់​​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ពេល​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រួម​ចំណែក​លើក​ស្ទួយ និង​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​ដែល​ជា​កេរ​មរតក​របស់​ដូនតា​ខ្មែរ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ក៏​ដូច​ជា​ពង្រីក​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ ។ ជាមួយ​គ្នា​នេះ លោក​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ISI​ជា​ដៃគូ​សហការ​ឧបត្ថម្ភ​ជួយ​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ប្រកួត​ជា​បន្តបន្ទាប់ ។ ជា​ពិសេស​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​រដូវ​កាល​ទី​២ ដែល​មាន​កីឡាករ​ថៃ​៤​នាក់ និង​កីឡាករ​កម្ពុជា​៤​នាក់​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។

លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​មាន​​ប្រសាសន៍​​ក្រើនរំលឹក​ដល់​មន្ត្រី​គណៈកម្មការ អាជ្ញាកណ្ដាល ចៅក្រម​ទាំងអស់​ធ្វើ​យ៉ាង​ណា​កាត់ក្ដី​ឱ្យ​មាន​ភាព​សុក្រឹត យុត្តិធម៌ និង​មាន​តម្លាភាព ។ លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​កីឡា​ករ​ទាំងអស់​ត្រូវ​តែ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ព្រោះ​ក្រុមហ៊ុន​គេ​ខំ​ចំណាយ​លុយ​មក​ជួយ​កីឡាករ​ខ្មែរ​ម្ដង​ៗ​អស់​ច្រើន​ណាស់ ។ ដូច្នេះ អ្វី​ដែល​ជា​ការ​តបស្នង​ត្រឡប់​ទៅ​​វិញ​យើង​ត្រូវ​តែ​ប្រើប្រាស់​សមត្ថភាព​ឱ្យ​អស់ ប្រកួត​ឱ្យ​មានការ​ទាក់ទាញ ដើម្បី​ឱ្យ​គេ​មាន​​ទឹកចិត្ត​ជួយ​យើង​លើក​ក្រោយ​ទៀត ។ លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​និយម​​ទស្សនាការ​ប្រកួត​ប្រដាល់ សូម​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ដល់​កីឡាករ​ខ្មែរ​ក៏​ដូច​ជា​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ឱ្យ​កាន់​តែ​មានការ​រីក​ចម្រើន​ខ្លាំង​ឡើង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ