ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ ត្រូវការ​ឈ្នះ​ជើង​ខ្លាំង​ថៃ Pick Ka ស្អែក​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ មិថុនា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ មិថុនា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​កីឡាករ​ថៃ ដែលជា​ជើង​ខ្លាំង​មិនធម្មតា​ត្រូវ​ប៉ះ​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​ផា​ន់ គ្រាន់ ដែល​គេ​មិន​ទាន់​ដឹង​ថា​សមត្ថភាព​ប្រកួត​របស់​គេ​ល្អ​ដដែល​​ ឬធ្លាក់​ដល់​កម្រិត​ណា ។ នេះ​ជា​ការ​ប្រកួត​យ៉ាង​កម្រ​ខណៈ​មានការ​ទម្លាយ​ថា កីឡាករ​កម្ពុជា ក្លាហាន​ទទួលយក​ការ​ប្រកួត​នោះ ដើម្បី​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ក្នុង​រដូវ​កាល​ថ្មី បន្ទាប់​ពី​ស្ថាប័ន​មួយ​នេះ​ទើបតែ​បញ្ចប់​ការ​ប្រកួត​រដូវ​កាល​ចាស់​របស់​ខ្លួន​កាលពី​២​ស​ប្ដា​ហ៍​មុន ដោយ​កីឡាករ​វ័យក្មេង​២​រូប​បានគ្រង​​តំណែង​ជា​ម្ចាស់​ជើងឯក និង​ម្នាក់​ទៀត​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ជើងឯក​រង អម​ដោយ​ទឹក​ប្រាក់​​ច្រើន​លាន​ទៀត​ផង​។

ការ​ប្រកួត​ដែល​ចាប់ផ្ដើម​ធ្វើ​ពី​ម៉ោង​៥​ល្ងាច​តទៅ​ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរ​ការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ម្ចាស់​ខ្សែ​ក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ​ឈ្មោះ Pick Ka ដែល​កីឡាករ​រូប​នេះ ក្រៅពី​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​មាន​ថ្វីដៃ​បំបាក់​កីឡាករ​បរទេស និង​កីឡាករ​ថៃ​ដូច​គ្នា​រាប់​មិន​អស់​ផង​ដែរ ។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡា​ករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​មិត្តភាព​។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ​ក្នុង​ស​ប្ដា​ហ៍នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​មិត្តភាព​រវាង​កីឡាករ​ក្នុងស្រុក​ទេ​គឺ​ពិតជា​ធ្វើឱ្យ​អ្នក​ស្នេហា​វិស័យ​​ប្រដាល់​មានការ​ចាប់អារម្មណ៍ ។ លោក​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ដែល​មានការ​ចាប់អារម្មណ៍​ត្រូវ​បាន​សម្រាក​មួ​យ​ស​ប្ដា​ហ៍ ក៏​ប៉ុស្តិ៍​លេខ​៥​នៅ​តែ​បាន​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ ។ វត្ត​មាន​​សមាសភាព​គូ​អន្តរជាតិ ក៏​ត្រូវ​បាន​សម្រាំង​យ៉ាង​ពិសេស​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​ទស្សនា​​កាន់តែ​កន្ត្រាក់​អារម្មណ៍ នៅ​ពេល​កីឡាករ​ប្រកួត​គ្នា​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​​ជឿជាក់​ខ្លាំង​លើ​កីឡាករ ផា​ន់ គ្រាន់ ដោយសារ​តែ​កីឡាករ​រូប​នេះ ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ Pick Ka មាន​តែ​ផា​ន់ គ្រាន់ ម្នាក់​ប៉ុណ្ណោះ ដែល​លោក​សម្លឹង​ឃើញ​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ជា​ពិសេស​គឺ​អ្នក​ទាំង​ពីរ​មាន​ប្រភេទ​ទម្ងន់​ត្រូវ​គ្នា ។

លោក​បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា​មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ​ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ។ បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អក៏​លោក​នៅ​តែ​ប្រកាស​លើកទឹកចិត្ត​ចំពោះផា​ន់ គ្រាន់ ថា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន ពោល​គឺ​ល្អ​ជាង​ការ​ផ្គូផ្គង​ដាក់​កីឡាករ​កម្ពុជា​ផ្សេង​ឱ្យ​ជំនួស ។ ជំនួប​រវាង​ពួក​គេ លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា​ដោយសារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូបលោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​ម្ដង ។

លោក​ថា មួយគូ​នេះ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង​ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ​បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡា​ករ​ភាគី​ខាង​កម្ពុជា​ទៅ​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ​ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡាប្រដាល់ ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា ជំនួប​ពួក​គេ​នឹង​កាន់តែ​មានការ​ចាប់អារម្មណ៍ ដោយសារ​តែ​ក្នុង​ពេល​នោះ​ក៏​មាន​វត្តមាន​កីឡាករ​៤​រូប​ក្នុងចំណោម​៣២​រូប​ដែល​ទើប​ជ្រើសរើស​បាន​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​វគ្គ​ថ្មី​នៅ​ប៉ុស្ដិ៍​លេខ​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ