ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ថា​ការ​សម្រេចចិត្ត​របស់ Zidane ពិតជា​មិនធម្មតា

5 ឆ្នាំ មុន

លោក Pep Guardiola គ្រូបង្វឹក​ក្រុម​មេឃ​ខៀវ Manchester City បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​របស់​លោក​ពាក់ព័ន្ធ​នឹងគ្រូបង្វឹក Zinedine Zidane ដែល​បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុម​អធិរាជ​ស…

លោក Pep Guardiola គ្រូបង្វឹក​ក្រុម​មេឃ​ខៀវ Manchester City បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​របស់​លោក​ពាក់ព័ន្ធ​នឹងគ្រូបង្វឹក Zinedine Zidane ដែល​បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុម​អធិរាជ​ស Real Madrid ក្រោយ​ពី​បាន​នាំ​ក្រុម​នេះ​ឈ្នះ​ជើងឯក Champions League 3 លើក​ជាប់​ៗ​គ្នា​ថា វា​ជា​ការ​ចាកចេញ​មិនធម្មតា​មួយ ។

ក្រោយ​ពី​នាំ​ក្រុម​មេឃ​ខៀវ Manchester City ទទួល​បាន​ពានរង្វាន់​ក្របខ័ណ្ឌ Premier League លោក Guardiola ក៏​បាន​សម្រាក​លំហែកាយ​វាយកូនគោល​មួយ​នៅ Caldes de Malavella ក្នុង​ទីក្រុង Girona ។ លោក​បាន​វែកញែក​ពី​ការ​ចាកចេញ​របស់​លោក Zidane ពី​ក្លិប​អធិរាជ​ស Real Madrid ថា​តើ​វា​មាន​ភាព​ស្រ​ដៀង​គ្នា​ជាមួយនឹង​ការ​ចាក​ចេញពី Barcelona របស់​លោក​ដែរ​ឬទេ? ។

លោក Guardiola បាន​និយាយ​ថា «​យើង​មិន​បាន​ឈ្នះ​ជើងឯក Champions League ចំនួន​បី​រដូវ​កាល​ជាប់​គ្នា​ទេ​នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញពី Barcelona ដូច្នេះ​ខ្ញុំ​មិនមែន​ជា​អ្នក​វិនិច្ឆ័យ​មូលហេតុ​នោះ​ទេ ។ គ្រូបង្វឹក​តែងតែ​ចាក​ចេញពី​ក្លិប​ដោយសារ​តែ​លទ្ធផល​អាក្រក់ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​គាត់​ធ្វើ​បែប​នេះ ។ តើ​វា​មាន​ភាព​ស្រ​ដៀង​គ្នា​រវាង​ពួក​យើង​ទេ? ខ្ញុំ​សរសើរ​គាត់​ច្រើន​ណាស់ គាត់​ធ្លាប់​ជា​កីឡាករ​ល្អ និង​ជា​គ្រូបង្វឹក​ល្អ​មួយ​រូប ។ ការ​ចាកចេញ​របស់​គាត់​ស្រ​ដៀង​គ្នា​ទៅ​នឹង​លោក Luis Enrique ដែល​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ជាមួយនឹង​ក្លិប Barcelona ហើយ​លោក​ធ្វើ​បែប​នេះ​ដូច​គ្នា​» ។

លោក Guardiola ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ដែល​បាន​លេចឮ​កាលពី​ពេល​កន្លង​មក​ថា កីឡាករ Yaya Toure បាន​ចោទប្រកាន់​គ្រូបង្វឹក​រូប​នេះ​ថា​រើស​អើ​ស​ជាតិ​សាសន៍​ចំពោះ​កីឡាករ​អាហ្វ្រិក ។ លោក​បាន​និយាយ​ថា «​ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ពាក្យ​សម្ដី​របស់​កីឡាករ Toure ឡើយ ។ ខ្ញុំ​គ្មាន​អ្វី​និយាយ​អំពី Toure ទេ​» ។

អតីត​គ្រូបង្វឹក​ក្រុម Barcelona រូប​នេះ​ក៏​អាច​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​កីឡាករ Leroy Sane នៅ​រដូវ​កាល​នេះ​ផង​ដែរ នៅ​ឯ​កីឡដ្ឋាន Etihad បើ​ទោះបីជា​វា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ជាប់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ក៏​ដោយ ក៏​លោក Guardiola មិន​រិះគន់​ការ​សម្រេចចិត្ត​របស់​លោក Joachim Low គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ដែរ ។

លោក​បាន​និយាយ​ថា «​ខ្ញុំ​គោរព​គ្រូបង្វឹក​អា​ល្លឺ​ម៉​ង់​ច្រើន ហើយ​គាត់​បាន​ធ្វើការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​អ្វី​ដែល​គាត់​បានឃើញ​ហើយ​ជឿជាក់​ថា វា​ល្អ​បំផុត ។ គាត់ (Leroy Sane) អាច​សម្រាក​ឥឡូវនេះ ហើយ​សង្ឃឹមថា​គាត់​នឹង​ត្រលប់​មក​លេង​វិញ និង​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​ជា​គាត់​កាលពី​រដូវ​កាល​មុន​» ៕

ប្រភព ៖ Marca, ប្រែ​សម្រួល ៖ សំណាង