ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមនៅអារ៉ាប៊ីសាអូឌីតបំបែកឯកទគ្គកម្មពិភព​លោក ឈ្នះច្រើនប្រកួតបំផុតជាប់ៗគ្នា

1 ខែ មុន

អារ៉ាប៊ីសាអូឌីត ៖ ក្រុមបាល់ទាត់ Al-Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បាន

អារ៉ាប៊ីសាអូឌីត ៖ ក្រុមបាល់ទាត់ Al-Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានបំបែកឯកទគ្គកម្មពិភពលោក សម្រាប់ការឈ្នះច្រើនប្រកួតបំផុតជាប់ៗគ្នា នៅក្នុងនាមជាក្រុមមានស្ថិតនៅលីគកម្រិតខ្ពស់។

ការទទួលបានជ័យជម្នះដោយលទ្ធផល ២-០ លើក្រុម Al-Ittihad កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ជើងឯកអាស៊ី AFC Champions League ជាជ័យជម្នះលើកទី២៨ប្រកួតជាប់ៗគ្នា សម្រាប់ក្រុម Al-Hilal ដែលបច្ចុប្បន្នកំពុងឈរកំពូលតារាងក្របខណ្ឌ Saudi Pro League គិតត្រឹមសប្តាហ៍ទី២៣ ដោយមាន៦៥ពិន្ទុ ដាច់រហូតដល់១២ពិន្ទុពីក្រុម Al-Nassr ដែលមានកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo លេងនៅទីនោះ។
ក្រុម Al-Hilal បានបំបែកកំណត់ត្រាពិភពលោក ដែលកាន់កាប់ដោយក្រុម The New Saints នៅលីគកំពូលវែលស៍ Cymru Premier ដែលបានឈ្នះ ២៧ប្រកួតជាប់ៗគ្នា នៅក្នុងឆ្នាំ ២០១៦ ។

ក្រុម Al-Hilal ដែលមានកីឡាករអន្តរជាតិល្បីៗលំដាប់ពិភពលោកដូចជា កីឡាករអន្តរជាតិស៊ែប Aleksandar Mitrović អតីតខ្សែប្រយុទ្ធក្រុម Fulham កីឡាករអន្តរជាតិសេណេហ្គាល់ Kalidou Koulibaly អតីតខ្សែការពារក្រុម Chelsea និងកីឡាករអន្តរជាតិព័រទុយហ្គាល់ Rúben Neves អតីតខ្សែបម្រើការពារក្រុម Wolves បានឈ្នះរាល់ការប្រកួតរបស់ពួកគេ ចាប់តាំងពីការប្រកួតលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Damac កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

ក្រុម Al-Hilal កាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលដែលពួកគេបានចុះហត្ថលេខានាំយកកីឡាករ Neymar ពីក្លិបអ្នកមានបារាំង PSG កាលពីរដូវក្ដៅមុន នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រហែល៩០លានអឺរ៉ូ ហើយកំពូលខ្សែប្រយុទ្ធប្រេស៊ីលវ័យ៣២ឆ្នាំរូបនេះ ទទួលបានថ្លៃពលកម្មរហូតដល់ ៣០០លានដុល្លារអឺរ៉ូ នៅក្នុងកុងត្រារយៈពេល២ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ Neymar បានអវត្តមានពីទីលាន ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ចាប់តាំងពីខែតុលា ឆ្នាំមុនមកម្ល៉េះ។

សូមជម្រាបថា ការឈ្នះសរុបទាំង២ជើងលទ្ធផល ៤-០ លើក្រុម Al-Ittihad ជួយឱ្យក្រុម Al-Hilal ឡើងទៅវគ្គពាក់កណ្ដាលពានរង្វាន់ AFC Champions League ដែលត្រូវជួបជាមួយក្រុម Al Ain មកពីអារ៉ាប់រួម ដោយត្រូវធ្វើការប្រកួតចំនួន២ជើង ដោយជើងទី១ នៅថ្ងៃទី១៦ ខែមេសា និងជើងទី២ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ