រាជធានីភ្នំពេញ ៖ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងចូលខ្លួនទៅបំភ្លឺសាលាដំបូងរាជធានីភ្នំពេញតាមដីកោះរបស់តុលាការនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ជាសាក្សីខាងមុខក្នុងសំណុំរឿងរបស់លោក កឹម សុខា ដែលបានចោទប្រកាន់ និងឃុំខ្លួនពីបទ «សន្ធិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។
លោកស្រី ចក់ សុភាព ជាសាក្សីម្នាក់ក្នុងចំណោម៨នាក់ដែលចៅក្រមស៊ើបសួរលោក គី ឫទ្ធី ដែលកាន់សំណុំរឿងរបស់លោក កឹម សុខា បានកោះហៅកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។ ការគ្រោងចូលបំភ្លឺនេះត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ។
មជ្ឈមណ្ឌលសិទ្ធិបានលើកឡើងថា មានមន្ត្រីចំនួន៤រូបក្នុងចំណោមនោះម្នាក់ស្លៀកសំលៀកបំពាក់នគរបាលបានប្រគល់ដីកាដល់លោកស្រី ចក់ សុភាព នៅគេហដ្ឋានរបស់លោកស្រី ។ តាមដីកានោះតម្រូវឱ្យលោកស្រីត្រូវចូលទៅបំភ្លឺជាសាក្សីនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាដំបូងរាជធានីភ្នំពេញ(ជាន់ទី៣បន្ទប់គ) ។
លោកស្រី ចក់ សុភាព បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រៅរបងតុលាការថា លោកស្រីមិនចង់និយាយលើការតុលាការច្រើនទេ តែលោកស្រីលើកឡើងថា តុលាការបានសួរលោកស្រីជុំវិញមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងការងាររបសលោកស្រីនៅក្នុងមជ្ឈមណ្ឌលនេះផ្ទាល់ ។ កិច្ចការងារច្រើនណាស់នៅក្នុងនោះទោះបីលោកស្រីចូលធ្វើការងារយូរក្តីតែមិនដឹងអស់ទេ ។
លោកស្រីលើកឡើងថា «តុលាការបានសួរពីការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក កឹម សុខា និងការងារបច្ចុប្បន្នខ្លះដែរ» ។ លោកស្រីថា មិននិយាយលម្អិតលើនីតិវិធីតុលាការទេ ។ ការចូលបំភ្លឺនេះជាសាក្សី និងចង់ឃើញនីតិវិធីជំនុំជម្រះដោយយុត្តិធម៌សម្រាប់សាក្សី និងជនជាប់ចោទ ។
គួររំលឹកថាលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងផ្ទះរបស់លោកសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមបទចោទសន្ធិដ្ឋិភាពជាមួយបរទេសឬក្បត់ជាតិ ។ បន្ទាប់ពីខ្សែអាត់សម្លេងក្នុងវីដេអូត្រូវបានគេបង្ហោះភ្លាមដែលលោកបាននិយាយនៅបរទេសកំឡុងឆ្នាំ២០១៣ ។ តាមច្បាប់ព្រហ្មទណ្ឌកម្ពុជាប្រសិនជាតុលាការរកឃើញកំហុសដូចចោទលោក កឹម សុខា ប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ដល់៣០ឆ្នាំ ។
ជនជាប់ចោទលោក កឹម សុខា ពេលនេះកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ(ម៣)ត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវបានតុលាការឃុំខ្លួន៦ខែមកហើយ លោកត្រូវបាននាំមកកាន់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបើកសវនាការលើបណ្តឹងប្រឆាំងការឃុំខ្លួនហើយតុលាការបានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល ៕
ចែករំលែកព័តមាននេះ