ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រាក់ខែ​នៅ​តែ​ជា​ចំណោទរបស់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ប្រាក់​ប្រចាំខែ​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ត្រូវ​​គេ​កត់​សម្គាល់ថា មានការ​កើនឡើង​ខុស​ពី​មុន​ដាច់​ឆ្ងាយ ដោយ​បន្ថែម​ពីលើ​ប្រាក់ខែ ក៏​មាន​ប្រាក់​ធ្វើ​ដំណើរ ប្រាក់​បេសកកម្ម និង​ប្រាក់​ថ្ងៃ​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដែរ ស្របគ្នា​ដែលកីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ក៏​ត្រូវ​បាន​បង្កើន​ចំនួន​តម្រូវ​ទៅ​តាម​ការ​រីក​ចម្រើន​​របស់​វិស័យ​កីឡា​។…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ប្រាក់​ប្រចាំខែ​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ត្រូវ​​គេ​កត់​សម្គាល់ថា មានការ​កើនឡើង​ខុស​ពី​មុន​ដាច់​ឆ្ងាយ ដោយ​បន្ថែម​ពីលើ​ប្រាក់ខែ ក៏​មាន​ប្រាក់​ធ្វើ​ដំណើរ ប្រាក់​បេសកកម្ម និង​ប្រាក់​ថ្ងៃ​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដែរ ស្របគ្នា​ដែលកីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ក៏​ត្រូវ​បាន​បង្កើន​ចំនួន​តម្រូវ​ទៅ​តាម​ការ​រីក​ចម្រើន​​របស់​វិស័យ​កីឡា​។ ទោះបី​យ៉ាង ណា បញ្ហា​ប្រាក់ខែ​នេះ នៅ​តែ​ជា​ចំណោទ​ចំពោះ​​កីឡាករ​-​កីឡាការិនី​នៅ ឡើយ​ទេ ដោយសារ​តែ​ប្រាក់ខែ​ដែល​ត្រូវដំឡើង​​ឱ្យ​ពួក​គេ​នៅ​តែ​មិន​គ្រប់ការ​ចំណាយ​ចំពោះ​តម្លៃ​ទំនិញ​ដែល​ចេះ​តែ​ឡើងថ្លៃ​នោះ​ដែរ​។

យោង​តាម​ការ​ទម្លាយ​ពី​មន្ត្រី​គណៈកម្មាធិការជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រាក់ខែ​កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក មាន​ចំនួន​តែ​ប៉ុន្មាន​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​កើន​ដល់​ជាង​មួយ​លាន​រៀល ដោយ​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់ខែ​ជា​ប្រចាំ​ចំនួន​៦០​ម៉ឺន​រៀល ដោយ​បូក​ទាំង​ថ្លៃ​អាហារ និង​ថ្លៃ​ធ្វើ​ដំណើរ គឺ​ទទួល​បាន​១​លាន​៨០​ម៉ឺន​រៀល ខណៈ​ដែល​គ្រូបង្វឹក ក្រោយ​ពី​បូក​ថ្លៃ​អាហារ និង​ថ្លៃធ្វើ​ដំណើរ​ដូច​គ្នា គឺ​បាន​មួយ​ខែ​១​លាន​៩០​ម៉ឺន​រៀល ។ ប៉ុន្តែ​លក្ខ​ខណ្ឌ​​នៃ​ការ​ទទួល​បាន​ប្រាក់​នេះ គឺ​លុះត្រាតែ​កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក មក​បំពេញ​ការងារ​នៅ​ក្នុង​សហព័ន្ធ​ដែល​ខ្លួន​ស្ថិត​នៅ​ទៀងទាត់​យ៉ាង​ហោច​ព្រឹក​២​ម៉ោង និង​ល្ងាច​២​ម៉ោង​ជា​កំហិត ដោយ​មិន​អាច​ចេះ​តែ​ឈប់​បាន​ទេ​ទើប​អាច​បន្ត​តំណែង​ជា​ជម្រើស​ជាតិ​បាន ដែល​នោះ​ជា​រឿង​លំបាក​សម្រាប់​អ្នក​គ្មាន​ការងារ​ពី​ខាងក្រៅ​មក​ទប់ ។

ប្រភព​ដដែល​បាន​ទម្លាយ​ថា ចំនួន​ប្រាក់ខែ​នេះ​ត្រូវ​បាន​បើក​ឱ្យ​ជា​ប្រចាំ ប៉ុន្តែ​នៅ​ក្នុង​ខែ​ខ្លះ​ក៏​បើក​យឺតយ៉ាវ​ផង​ដែរ ទើប​ឱ្យ​តែ​មុន​ពេល​ទទួល​បាន​ប្រាក់ខែ​ម្ដង​ៗ កីឡាករ​ភាគ​ច្រើន​រមែង​ថ្ងូរ​ថា​ពិបាក​រស់​។

អតីត​កីឡាការិនី ចូ​វ សុធា​រ៉ា ដែល​ក្នុង​ពេល​នេះ​បាន​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ បាន​អះអាង​ថា សម្រាប់​រូប​នាង​ចំនួន​ប្រាក់ខែ​ដែល​បាន​ផ្ដល់​ឱ្យ​គឺ​មិន​ចោទ​នោះ​ទេ ដោយ​សារ​​តែ​នាង​ក៏​ជា​គ្រូ​នៅ​ក្នុង​សាលា​រដ្ឋ​ដែល​មាន​ប្រាក់ខែ​មួយ​កន្លែង​ផ្សេង​ទៀត​មក​ទប់ ។ ប៉ុន្តែ​​សម្រាប់​កីឡាករ​-​កីឡាការិនី​ដែល​ពឹង​តែ​លើ​ប្រាក់ខែ គឺ​នឹង​លំបាក ដោយសារ​តែ​ការ​ជាប់​ជម្រើសជាតិ​មិន​អាច​ឱ្យ​ពួក​គេ​ធ្វើការ​មួយ​ផ្សេង​បាន​ទេ ដោយសារ​តែ​លក្ខខណ្ឌ​តម្រូវ​ឱ្យមក​ហ្វឹកហាត់​ព្រឹក​២​ម៉ោង និង​ល្ងាច​២​ម៉ោង ដែល​មិន​អាច​ឱ្យ​ពួក​គេ​ទទួល​ការ​ងារ​​ផ្សេង​បាន​ដូច​នាង​ដែល​ជា​គ្រូ​សាលា​រដ្ឋ ហើយ​រង់​ចាំតែ​ចាយ​ប្រាក់ខែ​ពី​សហព័ន្ធ​តែ​មួយ​មុខ ។

នាង​ថា ប្រាក់​សរុប​មួយ​ខែ​១​លាន​៨​សែន មិន​គ្រប់​តម្រូវការ​របស់​កីឡាករ​នោះ​ទេ ដោយ​សារ​តែ​ទឹកប្រាក់​នេះ គឺ​តម្រូវ​ឱ្យ​កីឡាករ​-​កីឡាការិនី​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​រាល់ថ្ងៃ និង​ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដោយ​មិន​ទាន់​បូក​បញ្ចូល​ថ្លៃ​សាំង និង​អាហារ​បន្ទាប់បន្សំ​ផង​ទេ ។ នាង​ថា កូនសិស្ស​របស់​នាង​ច្រើន​នាក់​ថ្ងូរ​ពី​ការ​លំបាក ប៉ុន្តែ​សម្រាប់​រូប​នាង​គឺ​អត់​បញ្ហា​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​នាង​តស៊ូ​ហ្វឹកហាត់​នៅ​ក្នុង​សហព័ន្ធ​ចំបាប់​បាន​ជាប់​ជា​កីឡា​ការិនី​ជម្រើសជាតិ​រហូត​មក​ដោយ​បាន​ទាំង​ក្លាយជា​កីឡាការិនី​ដែល​មាន​មេដាយ​ជូន​​ជាតិ​ច្រើន​គ្រឿង​ផង ។ ប៉ុន្តែ​សម្រាប់​កីឡាករ​-កីឡាការិនី​ខ្លះ គឺ​ត្រូវ​បង្ខំចិត្ត​មក​ហាត់​ខ្លះ​អត់ខ្លះ​ហើយ​ភាគី​លោកគ្រូ​អ្នកគ្រូ​ក៏​បិទ​ភ្នែក ដោយសារ​តែ​ស្ដាយ​សមត្ថភាព​ពួក​គាត់ មិន​ចង់ឱ្យ​បាត់បង់​អ្នក​ល្អ​ទេ ។

អ្នក​នាង​ថា គឺជា​រឿង​ពិបាក​បន្ទោស​ដោយសារ​តែ​កីឡាករ​-​កីឡាការិនី​ខ្លះ​គាត់​មាន​សមត្ថ​​ភាព ប៉ុន្តែ​ដល់​ពេល​តម្រូវ​ឱ្យ​ពួក​គេ​មក​ហ្វឹកហាត់​ព្រឹក​២​ម៉ោង​ល្ងាច​២​ម៉ោង ហើយ
មិន​អាច​ធ្វើការ​កន្លែង​ផ្សេង​យក​លុយ​មក​ទប់​បាន ដោយ​ពឹង​តែ​ប្រាក់​ជាង​មួយ​លាន​រៀល​នោះ គឺ​មិន​អាច​ឱ្យ​ពួក​គាត់​មក​ហ្វឹកហាត់​ដោយ​បេះដូង​ទេ ។ ទោះបី​យ៉ាងណា អ្នក​នាង​ថា ចំនួន​ប្រាក់ខែ​គឺ​ខ្ពស់​ជាង​ចំនួន​ដែល​នាង​ធ្លាប់​ទទួល​បាន​កាលពី​នៅ​ជា​កីឡាការិនី​ជម្រើសជាតិ​ឆ្ងាយ​ណាស់​ទើប​នាង​យល់​ថា ភាព​ខ្លាំង​របស់​កីឡាករ​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ គឺជា​រឿង​មិនធម្មតា បើ​ធៀប​នឹង​កីឡាករ​បរទេស ដែល​គេ​មាន​ប្រាក់ខែ​រាប់រយ​ដុល្លារ ហើយ​រស់​យ៉ាង​ស្រួល​ដោយ​រង់​ចាំតែ​ហ្វឹកហាត់ ដែល​ផ្ទុយ​ពី​កីឡាករ​កម្ពុជា​ត្រូវ​ស្វះ​ស្វែងរក​ការងារ​ផ្សេង​ដូច​ជា​នាង​ត្រូវ​បង្រៀន​នៅ​សាលា​រដ្ឋ​ផង ហើយ​ខ្លះ​ត្រូវ​ទទួល​បង្ហាត់​សិស្ស​ផង ដើម្បី​បាន​ចំណូល​ច្រើន​មក​ទប់​។ ម្យ៉ាង អាជីព​កីឡាករ​មិន​អាច​ហូប​ចុក​ធម្មតា​ៗ​ដូច​ជា​មនុស្ស​ធម្មតា​នោះ​ទេ គឺ​ត្រូវ​ហូប​សាច់​ៗ ហូប​ប៉ូវ​ៗទើប​នាង​បញ្ជាក់​ថា បើ​ឱ្យ​នាង​គិត​គឺ​ប្រាក់ខែ​១​លានជាង​សរុប​ទាំង​ថ្លៃ​បាយ មិន​គ្រប់គ្រាន់​សម្រាប់​កីឡាករ​ជម្រើសជាតិ​កម្ពុជាទេ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា ធ្លាប់​ថ្លែង​បញ្ជាក់​​ថា ប្រាក់ខែ​កីឡាករ​-​កីឡាការិនី​ដ្បិតថា​មិន​ទាន់​ល្អ​ប្រសើរ ក៏​ជួយ​សម្រួលការ​លំបាក​​របស់​កីឡាករ​ជម្រើសជាតិ​បាន​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​លោក​ថា ប្រាក់ខែ​ជម្រើស​ជាតិ​នេះ មិនមែន​កីឡាករ​ទទួល​បាន​ពេញ​មួយ​ឆ្នាំ​នោះ​ទេ គឺ​បាន​ត្រឹមតែ​ពេល​រដូវ​កាល​ប្រមូលផ្ដុំ​ជម្រើសជាតិ​ម្ដង​ៗ ដែល​មាន​រយៈពេល​៨​ខែ​ក្នុងមួយ​ឆ្នាំ​ប៉ុណ្ណោះ​សម្រាប់​ជម្រើស​ជាតិ​ឈុត​តូចនិង​១០​ខែ​សម្រាប់​ជម្រើសជាតិ​ឈុត​ធំ​ដើម្បី​ប្រមូល​យក​មក​បំប៉ន។

លោក​ថា ការ​ប្រមូល​កីឡាករ​មិន​ត្រូវ​បាន​កំណត់​ខែ​ដដែល​ៗ​ក្នុង​ឆ្នាំ​នីមួយ​ៗ​នោះ​ទេ ដោយ​​ក្នុង​ឆ្នាំ​ខ្លះ​ចាប់ផ្ដើម​ប្រមូល​ខែ​២ ហើយ​ឆ្នាំ​ខ្លះ​ក៏​ប្រមូល​ខែ​ផ្សេង​ពោល​គឺ​អាស្រ័យ​ទៅ​លើ​ព្រឹត្តិការណ៍​កីឡា តែ​ធ្វើ​យ៉ាងម៉េច​គឺ​រាប់​ពី​ការ​ប្រមូល ការ​ហាត់​បំប៉ន រហូត​ដល់​ចេញ​ប្រកួត​ចប់​សព្វគ្រប់ គឺ​មាន​រយៈពេល​៨​ខែ និង​១០​ខែ ដែល​បាន​កំណត់ ដោយសារ​តែ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​មិន​មាន​លុយ​ច្រើន​ដើម្បី​ចំណាយ ។ លោក​ធ្លាប់​បង្ហើប​ថា កីឡាករ​ជម្រើសជាតិ​ប្រចាំឆ្នាំ​មាន​ចំនួន​ជាង​៣០០​នាក់ និង​គ្រូ​ជាង​៣០​រូប ទើប​ជា​បន្ទុក​ដ៏​ធំ​ក្នុង​ការ​ចំណាយ​បើ​ទោះជា​កីឡាករ និង​គ្រូបង្វឹក​ម្នាក់​ៗទទួល​បាន​ប្រាក់ខែ​ត្រឹមតែ​ជាង​១​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​មក​ហាត់​២​ម៉ោង​ព្រឹក និង​២​ម៉ោង​ល្ងាច ។

លោក​ថា គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា​កំពុង​ស្វះ​ស្វែងរក​ជំនួយ​ជា​ច្រើន​ជួយ​ដល់​កីឡាករ​ជម្រើសជាតិ ដោយ​ភាព​ជាក់ស្ដែង​គឺ​កីឡាករ​ជម្រើសជាតិ​ល្បី​ៗ​ក៏​មាន​ក្រុមហ៊ុន​ជួយឧបត្ថម្ភ​បន្ថែម​ផង​ដែរ ដើម្បី​ជំរុញ​ឱ្យ​កីឡាករ​ទាំងនោះ​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ហ្វឹកហាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ