រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិថ្មី គឺអាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ព្រហ្ម ឌិន អនុប្រធានសហព័ន្ធ លោក មាស សារិន អគ្គលេខាធិការសហព័ន្ធ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសមាជិកជាច្រើនរូបទៀត ។
ជាមួយនឹងការរំសាយសមាជិកគណៈកម្មាធិការប្រតិបត្តិចាស់នោះ មហាសន្និបាតបានបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មីចំនួន១៥រូប សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣-២០១៦ ។ លទ្ធផលនៃការបោះឆ្នោតលោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានជាប់ឆ្នោតជាប្រធានសហព័ន្ធម្តងទៀត, អនុប្រធានមានលោកឧត្តមសេនីយ៍ ព្រហ្ម ឌិន, លោក សោម ចិន, លោកអ៊ាង ផល្លាប, លោកឌុយ ធៅ និងលោកស៊ុម សុជាតិ ។ លោក មាស សារិន បន្តតំណែងជាអគ្គលេខាធិការសហព័ន្ធ លោក ឯម ហៀង ជាអគ្គលេខាធិការរង និងសមាជិកប្រតិបត្តិ៧រូបទៀត មានលោកអ៊ុន គឹមស្រ៊ុន លោក កែ វណ្ណៈ លោក ទេស សូរ លោកឡាយ សែម លោកពៅ វណ្ណា លោកលី បូវីណា និងកញ្ញា ដួង ឌីណា ។
អង្គសន្និបាតបានត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុកន្លងមក ព្រមទាំងធ្វើការកែសម្រួលលើផ្នែកជាច្រើននៃលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ។ បញ្ហាសំខាន់មួយចំនួនទៀតនោះ អង្គសន្និបាតក៏បានពិនិត្យទៅលើការពង្រីកវិសាលភាពប្រកួតរបស់ប៉េតុងទៅក្នុងក្របខ័ណ្ឌកីឡាសិស្ស-និស្សិត ហើយជាមួយគ្នានេះដែរ សហព័ន្ធបានបង្កើតឱ្យមានការប្រកួតសម្រាប់ប្រភេទអាយុក្រោម១៧ឆ្នាំក្នុងក្របខ័ណ្ឌជើងឯកទូទាំងប្រទេស ។
គួរបញ្ជាក់ថា កីឡាប៉េតុងជាប្រភេទកីឡាដែលទទួលបានមេដាយច្រើនជាងគេក្នុងចំណោមប្រភេទកីឡាជាច្រើនក្នុងប្រទេស កម្ពុជា ។ សហព័ន្ធកីឡាប៉េតុងកម្ពុជាក្នុងឆ្នាំ២០១៣នេះ មានទិសដៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិដូចជា Labour Culture Palace Open Petanque Championship ជើងឯកអាស៊ីប្រចាំឆ្នាំ២០១៣-២០១៤-២០១៥-២០១៦ SEAGAME លើកទី២៧ ឆ្នាំ២០១៣ និងលើកទី២៨ ឆ្នាំ២០១៥ ។ ចូលរួមប្រកួតកីឡាសាកលវិទ្យាល័យ ASIAN លើកទី១៧ ឆ្នាំ២០១៤ និងលើកទី១៨ ឆ្នាំ២០១៦ ចូលរួមប្រកួតកីឡាបេ៉តុងជ្រើសរើសជើងឯកពិភពលោកប្រចាំឆ្នាំ (បុរស-នារី) ៕
ចែករំលែកព័តមាននេះ