រាជធានីភ្នំពេញ ៖ នារាត្រីថ្ងៃអាទិត្យ ទី២៤ កុម្ភៈនៅសង្វៀនបាយ័នព័ត៌មានកោះពេជ្រ មានការប្រកួតប្រដាល់ដូចសព្វដង ដោយមានការចូលរួមពីកីឡាករជើងខ្លាំងជាច្រើនគូឡើងមកសម្តែងឫទ្ធិដាក់គ្នាជូនទស្សនិកជនបានទស្សនាមិនឱ្យខកចិត្តឡើយ ។ ក្នុងចំណោមកីឡាករដែលចូលរួមអុកឡុកសង្វៀននាថ្ងៃនោះមានកីឡាករ ចាន់ ប៊ុនលាភ មកពីក្លិបនិរោធមានជ័យ ប៉ះជាមួយកីឡាករ នួន ភិរក្ស មកពីក្លិបក្រសួងមហាផ្ទៃ និងកីឡាករ ចាន់ សុខហួន មកពីក្លិបនិរោធមានជ័យ ជួបកីឡាករ ពុទ្ធ ឆាយកុសល មកពីក្លិបពុទ្ធសេរីវង្សកីឡា ។
សម្រាប់គូឯកប្រចាំសប្តាហ៍នាសង្វៀនបាយ័នកោះពេជ្រ ដែលមហាជនកំពុងរង់ចាំតាមដាននោះ គឺការជួបគ្នារវាងកីឡាករ ចាន់ ប៊ុនលាភ និងកីឡាករ នួន ភិរក្ស ។ អ្នកប្រដាល់ទាំង២រូបនេះមានប្រវត្តិឡើងប្រកួតច្រើនដងដូចគ្នា និងសុទ្ធតែមានបទពិសោធន៍ក្នុងការវាយលុកមិនអន់ជាងគ្នាប៉ុន្មានឡើយ ។ ចាន់ ប៊ុនលាភ ជាកីឡាករដែលមានភាពស៊ូណាស់មិនសូវចេះដកថយទេ ទោះជាត្រូវដៃគូវាយទ្រមខ្លួន ក៏គេខំចូលវាយវិញទាំងត្រដាបត្រដួសរហូតធ្វើឱ្យដៃគូខ្លះភ័យស្លន់ស្លោវិញនៅពេលផ្តួល ប៊ុនលាភ មិនបាន ។ ប៊ុនលាភ កាយវិការវាយរបស់គេលឿនបន្តិច គេពូកែខាងកែងបក ម៉ាត់ ជង្គង់បានមួយៗ ភាគរយនៃជ័យជម្នះ ប៊ុនលាភ ទទួលបានច្រើនគួរសម ។ ចំណែក នួន ភិរក្ស ក៏ជាជើងខ្លាំងគួរសមដែរ គេជាអ្នកប្រដាល់ចិត្តស៊ូមិនចេះខ្លាចញញើតអ្នកណាទេ កាន់តែវាយត្រូវភិរក្ស កាន់តែដើរចូលដោយមិនដឹងថាសន្លប់ឬមិនសន្លប់ទេ គឺស្ទុះទៅវាយថែម ដែលនេះជាយុទ្ធវិធីធ្វើឱ្យដៃគូពិបាកបំបាក់ណាស់ ។ នួន ភិរក្ស ល្អខាងកណ្តាប់ដៃ ជើង ជង្គង់ បូករួមជាមួយនឹងកម្លាំងស៊ុហ្វក៏ល្អ ការវាយលុករបស់គេកន្លងមកអាចកំដរដៃគូបាន៥ទឹកពេញ ។
ដោយឡែក ចំពោះការប្រកួតរវាងកីឡាករ ចាន់ សុខហួន និងកីឡាករ ពុទ្ធ ឆាយកុសល វិញរឹតតែពិសេសដូចគ្នា ដោយសារតែអ្នកប្រដាល់១គូនេះសុទ្ធតែជាអ្នកធ្លាប់ឡើងសង្វៀន ស្គាល់បច្ចេកទេសរៀងៗខ្លួន ។ ចាន់ សុខហួន បើយោងទៅលើប្រវតិ្តប្រកួតគេធ្លាប់ឈ្នះច្រើន ហើយរបៀបវាយច្រើនតែចង់វាយផ្តាច់យកត្រឹមទឹកទី១ដល់ទី៣ច្រើនជាងការចង់បណ្តែតដល់៥ទឹកពេញ ។ ដោយសារស្នៀតរបៀបនេះហើយ ទើបពេលខ្លះគេត្រូវដេកដួលក្រោមស្នាដៃដៃគូ ព្រោះតែខំបញ្ចេញកម្លាំងខ្លាំងពេករហូតនៅទីបញ្ចប់អស់ថាមពលពីខ្លួន ដែលជាការបង្កឱ្យដៃគូងាយស្រួលយកឈ្នះ បើសិនជាដៃគូនោះចេះចាប់ចំណុចខ្សោយនេះបាន ។
រីឯ ពុទ្ធ ឆាយកុសល វិញ ក៏មានចំណុចទាក់ទាញប្រហែលនឹង សុខហួន ដែរ តែអ្នកប្រដាល់រូបនេះរបៀបវាយរបស់គេចេញទៅលឿនរហ័ស ចំគោលដៅល្អណាស់ មិនសូវជាខុសពេកទេ បើដៃគូគេចមិនទាន់ច្បាស់ជាដាច់ផ្ងារដោយសារតែកណ្តាប់ដៃដែករបស់គេមិនខាន។
ក្រៅពីគូឯក២គូនេះទៅ នៅមានកីឡាករជើងខ្លាំង៣គូផ្សេងទៀតឡើងមកសាកកណ្តាប់ដៃគ្នាដើម្បីកំដរបរិយាកាសឱ្យកាន់តែពិសេសឡើង ៕
ចែករំលែកព័តមាននេះ