ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សករាជ​ថ្មី​! កីឡាករ​ជប៉ុន Yudai Ogawa ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​កម្ពុជា​បាន​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន អំពី​សមាជិក​ថ្មី​នៃ​ក្រុម​ជម្រើសជាតិ គឺ ខ្សែបម្រើ​ជនជាតិ​ជប៉ុន Yudai Ogawa ។

សករាជ​ថ្មី​នៅ​លើ​ទឹកដី​អង្គរ​! ស្វាគមន៍​កីឡាករ Yudai Ogawa មក​កាន់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ សហព័ន្ធ​ក៏​បាន​ជូន​ដល់​សមាជិក​ថ្មី​របស់​ខ្លួន​ផង​ដែរ ដោយ​សរសេរ​បន្ថែម​ថា «​ជូនពរ​ជោគជ័យ​លើ​វិ​ថី​បាល់ទាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​យើង​»​។

សូម​ជម្រាប​ជូន​ថា ខ្សែបម្រើ Yudai Ogawa អាយុ​២៧​ឆ្នាំ ដែល​កើត​នៅ​ក្នុង​ខេត្ត​កាន់​ណា​ហ្គា​វ៉ា (Kanagawa) បាន​ប្រឡូក​អាជីព​បាល់ទាត់​ជាមួយ​ក្លិប​ជប៉ុន FC Gifu នៅ​ឆ្នាំ ២០១៥ និង ២០១៦ និង​ក្លិប Widzew Lodz របស់​ប៉ូ​ឡ​ញ នៅ​ឆ្នាំ ២០១៧ មុន​ពេល​បោះ​ជំហាន​មក​ប្រកប​អាជីព​លើ​ទឹកដី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៨ ដោយ​ចូលរួម​ជាមួយ​ក្លិប​ក្រសួងការពារជាតិ ហើយ​បាន​បន្ត​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ឆ្នាំ ២០១៩ មុន​ពេល​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ ២០២១ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​។

អាជីព​នៅ​កម្ពុជា​ជាមួយ​ភ្នំពេញ​ក្រោ​ន Yudai Ogawa បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ដូច​ជា ជើងឯក​លី​គ Cambodian Premier League ២​លើក​, Cambodian Super Cup ២​លើក និង Cambodian League Cup ២​លើក​ផង​ដែរ​។

ស្ថិត​ក្រោម​មាត្រា ៦.១ នៃ​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ការ​អនុវត្ត​លក្ខន្តិកៈ​របស់ FIFA អំពី​សញ្ជាតិ​ដែល​ផ្តល់​សិទ្ធិ​ដល់​កីឡាករ​លេង​តំណាង​សហព័ន្ធ​បាល់ទាត់​លើស​ពី​មួយ​។ ប្រសិនបើ​កីឡាករ​មិន​បាន​កើត​ក្នុង​ទឹកដី​សហព័ន្ធ​នោះ​, មិន​មាន​ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​កើត​ក្នុង​ទឹកដី​សហព័ន្ធ​នោះ កីឡាករ​អាច​លេង​តំណាង​ឱ្យ​សហព័ន្ធ​ផ្សេង​ទៀត ដោយ​មាន​សញ្ជាតិ​រួម​ដូច​គ្នា បន្ទាប់​ពី​ស្នាក់​នៅ​ទឹកដី​សហព័ន្ធ​នោះ​រយៈពេល​៥​ឆ្នាំ ក្រោយ​មាន​អាយុ​១៨​ឆ្នាំ​។

វត្តមាន​ខ្សែបម្រើ​ឆ្នើម Yudai Ogawa របស់​ក្រុម​ភ្នំពេញ​ក្រោ​ន មក​កាន់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បានការ​ស្វាគមន៍ និង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា តាម​រយៈ​ការ​បញ្ចេញមតិ​យ៉ាងច្រើន នៅ​លើ​ការ​បង្ហោះ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។

គួរ​បញ្ជាក់​ថា ការ​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Felix Dalmas ជនជាតិ​អា​ហ្ស​ង់​ទី​ន កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​បឋម FIFA World Cup 2026 ប្រចាំ​តំបន់​អាស៊ី ដោយ​កម្ពុជា​ត្រូវ​ស្វាគមន៍​ប៉ា​គី​ស្ថាន សម្រាប់​ជំនួប​ជើង​ទី​១ នៅ​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក នា​ថ្ងៃ​ទី​១២ ខែតុលា ខាង​មុខ​នេះ មុន​ពេល​ធ្វើ​ដំណើរ​ទឹកដី​ប៉ា​គី​ស្ថាន សម្រាប់​ជើង​ទី​២ នា​ថ្ងៃ​ទី​១៧ ខែតុលា នៅ​កីឡដ្ឋាន Jinnah Sports៕ (​រូបភាព ៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា​, ភ្នំពេញ​ក្រោ​ន និង Cambodian Premier League)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ