បាល់ទះអង្គុយបុរសកម្ពុជាបំបាក់ថៃ រកឃើញជ័យជម្នះដំបូងនៅអាស៊ីប៉ារ៉ាហ្គេមលើកទី៤
ប្រទេសចិន ៖ ក្រុមបាល់ទះអង្គុយបុរសកម្ពុជា រកឃើញជ័យជម្នះដំបូងនៅក្នុងការប្រកួតវគ្គចែកពូល
ប្រទេសចិន ៖ ក្រុមបាល់ទះអង្គុយបុរសកម្ពុជា រកឃើញជ័យជម្នះដំបូងនៅក្នុងការប្រកួតវគ្គចែកពូល
ប្រទេសចិន ៖ ក្រុមបាល់ទះអង្គុយបុរសកម្ពុជា រកឃើញជ័យជម្នះដំបូងនៅក្នុងការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ (4th Asian Para Games) នៅក្រុងហាងចូវ ប្រទេសចិន បន្ទាប់ពីបានយកឈ្នះលើថៃ នៅក្នុងលទ្ធផល ៣សិតទល់នឹង១ (២៥-១៩,២៥-១៦, ២១-២៥ និង ២៥-២២) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
នេះគឺជ័យជម្នះលើកដំបូងសម្រាប់ក្រុមបាល់ទះអង្គុយបុរសកម្ពុជា នៅក្នុងពូល B នៃព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ បន្ទាប់ពីការប្រកួតបើកឆាកបានចាញ់ក្រុមកាហ្សាក់ស្ថាន នៅក្នុងលទ្ធផល ៣សិតទល់នឹង០ កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ។
នៅថ្ងៃទី២៥ ខែតុលា កម្ពុជាត្រូវបន្តប៉ះក្រុមនៅកំពូលតារាង អ៊ីរ៉ង់ នៅការប្រកួតចុងក្រោយវគ្គចែកពូល វេលាម៉ោង ០៨:០០នាទីយប់ (ម៉ោងនៅកម្ពុជា)។ ចំណែកថៃ ដែលចាញ់អ៊ីរ៉ង់ នៅជំនួបបើកឆាក និងកំពុងឈរនៅបាតតារាង ត្រូវបន្តប៉ះកាហ្សាក់ស្ថាន ដែលឈរនៅលេខ ២ នៅវេលាម៉ោង ០៦:០០នាទីល្ងាច ។
សូមជម្រាបជូនថា នៅក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ក្រុមដែលឈរនៅលេខ ១ និង ២ ត្រូវបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមឈរនៅលេខ ៣ ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៥ និងក្រុមឈរនៅបាតតារាង ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៧ ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ចូនប្រភេទកីឡាចំនួន ៦ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមលើកទី៤ នៅក្រុងហាងចូវ ប្រទេសចិន ដែលបានចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ដោយរួមមានដូចជា កីឡាអត្តពលិកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយបុរស បាល់បោះជិះរទេះនារី និងកីឡាវាយសី។
កីឡាករ សេន វ៉ារី អត្ដពលិកប៉ារ៉ាឡាំពិកកីឡាយវាយសីកម្ពុជាតែម្នាក់គត់ បានបញ្ចប់ភារកិច្ចប្រកួតរបស់ខ្លួនត្រឹមវគ្គចែកពូលវិញ្ញាសាឯកត្តជន SL3 នៅក្នុងពូល E ដោយឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២ ។
ការប្រកួតទី១ ថ្ងៃទី២០ ខែតុលា កីឡាករ សេន វ៉ារី ចាញ់កីឡាករឥណ្ឌូនេស៊ី Ukun Rukaendi លទ្ធផល ២សិតទល់០ (២១-១០, ២១-៥)។ ការប្រកួតទី២ កាលពីថ្ងៃទី២១ ខែតុលា បន្តចាញ់ កីឡាករថៃ Mongkhong Bunsun លទ្ធផល ២សិតទល់០ (២១-៤, ២១-៣) មុនឈ្នះការប្រកួតទី៣ កាលពីថ្ងៃទី២៣ ខែតុលា លើកីឡាករម៉ុងហ្គោលី Munkhzul Munkhbayar លទ្ធផល ២សិតទល់ ០ (២១-៥, ២១-២)៕ (រូបភាពឯកសារ ៖ Cambodia 2023)
ចែករំលែកព័តមាននេះ