ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​កាយសម្ព័ន្ធ​អាណត្តិ​ថ្មី ជំរុញ​ដល់​អ្នក​បន្ត​វេន​ខិតខំ​ពង្រឹងសមត្ថភាព​បន្ថែម​ត្រៀម​ប្រកួត​កីឡា​យុវជន​អាស៊ី​២០២៩

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ទើបតែ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​សម្ព័​ន្ឋ​អាណត្តិ​ថ្មី​ឆ្នាំ​២០២៣-២០២៧ បាន​ធ្វើការ​ក្រើនរ​ម្លឺ​ក​ទៅ​ដល់​សមាជិក​សហព័ន្ធ​ទាំងអស់ ក៏​ដូច​ជា​កីឡាករ កីឡាការិនី​ដែល​ជា​យុវជន​បន្តវេន ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ឈាន​ឆ្ពោះទៅ​ដណ្ដើម​ជ័យជម្នះ នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ធ្វើ​មហាសន្និបាត​បោះ​ឆ្នោត​បញ្ចប់​អាណត្តិ​ចាស់​ទី​៦ និង​ជ្រើសតាំង​អ្នក​បន្តវេន​អាណត្តិ​ថ្មី​លើក​ទី​៧​ឆ្នាំ​២០២៣-២០២៧​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ឯកឧត្តម​ទេស រដ្ឋមន្ត្រី​ថោ​ង ខុន ទទួល​បាន​សំឡេង​គាំទ្រ​១០០%​ដើម្បី​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​ដឹកនាំ ។ ក្នុង​នោះ​ក៏​មាន​វត្តមាន​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​អាណត្តិ​ចាស់ និង​ថ្មី​១០​នាក់​បន្ថែម​ទៀត​។

លោក​ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​លើក​ឡើង​ថា កាលពី​អាណត្តិ​ចាស់​កន្លង​ទៅ គឺជា​អាណត្តិ​ដ៏​ជោគជ័យ ដែល​កម្ពុជា​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ប្រាក់​និង​សំរឹទ្ធ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នៅ​ពេល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន ប្រធាន​សហព័ន្ធ​បាន​ជំរុញ​ទៅ​ដល់​កីឡាករ កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​រហូត​ឈាន​ទៅ​ដណ្ដើម​បាន​មេដាយមាស​ជើងឯក​អាស៊ី​លើក​ទី​៨​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នោះ ។

ទន្ទឹម​គ្នា​នេះ​ដែរ ក្នុង​នាម​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី ឯកឧត្តម​ថោ​ង ខុនបាន​ជំរុញ​ទៅ​ដល់​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ទាំងអស់ ត្រូវ​រួម​គ្នា​ធ្វើការ​បន្ថែម​ទៀតទាំង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស កីឡាករ​កីឡាការិនី គ្រូបង្វឹក មន្ត្រី​បច្ចេកទេស​ឈានទៅ​ដល់​កម្រិត​អន្តរជាតិ ។ ជា​ពិសេស​ក្នុង​ការ​ស្វែងរក​លទ្ធភាព​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើន​សមត្ថភាព និង​ពង្រឹង​បច្ចេកទេស​កីឡាករ កីឡាការិនី​ក៏​ដូច​ជា​ធនធាន​បន្តវេន សម្រាប់​ត្រៀម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នានា ពិសេស​សម្រាប់​ត្រៀម​ប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ