ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានបង្ហាញពីការសោកស្តាយនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ដែលបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ញា ខណៈប្រទេសចិនបានជាប់ក្នុងជម្លោះស្រដៀងគ្នានេះជាមួយសហរដ្ឋអាមេរិក ។
EU បានដាក់ពាក្យបណ្តឹងទៅកាន់ WTO កាលពីថ្ងៃទី១ ខែមិថុនា កន្លងមក ដោយចោទប្រកាន់ប្រទេសចិនថា ទាមទារឲ្យក្រុមហ៊ុនបរទេសផ្ទេរបច្ចេកវិទ្យារបស់ពួកគេទៅឲ្យក្រុមហ៊ុនចិន ដើម្បីអាចប្រកបអាជីវកម្មនៅក្នុងប្រទេសនេះបាន ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យថា ៖« ប្រទេសចិនសោកស្តាយដែល EU ដាក់ពាក្យបណ្តឹងនេះ ហើយចិននឹងដោះស្រាយដោយយោងទៅតាមដំណើរការដោះស្រាយជម្លោះរបស់ WTO » ។
សេចក្តីថ្លែងការណ៍បន្តថា ៖« រដ្ឋាភិបាលចិនតែងតែផ្តល់សារសំខាន់ដល់ការការពារសិទ្ធិកម្មសិទ្ធិបញ្ញា ។ ចិនបានអនុម័តវិធានការជាច្រើន ដើម្បីការពារសិទ្ធិតាមច្បាប់ និងអត្ថប្រយោជន៍របស់បុគ្គលក្នុងស្រុក និងបរទេសដែលមានសិទ្ធិកម្មសិទ្ធិបញ្ញា » ។
វិនិយោគិនបរទេសត្រូវតែបង្កើតក្រុមហ៊ុនរួមជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រកបអាជីវកម្មក្នុងទីផ្សារដ៏ធំរបស់ប្រទេសចិន ដែលភាគច្រើនក្រុមហ៊ុនបរទេសត្រូវចែករំលែកនូវបច្ចេកវិទ្យា និងចំណេះដឹងរវាងគ្នា និងគ្នា ។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ប្រទេសចិនបានលួចរឿងសម្ងាត់ក្រុមហ៊ុននោះ ក៏ជាចំណុចសំខាន់នៃជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោកផងដែរ ។ សហរដ្ឋអាមេរិក និងប្រទេសចិន បានចរចាគ្នាជាច្រើនលើកដើម្បីចៀសវាងពីសង្គ្រាមពាណិជ្ជកម្ម ៕
ចែករំលែកព័តមាននេះ