ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំ​គណបក្ស​CPP​ស្នើ​ពលរដ្ឋ​ពិចារណា​ម៉ត់ចត់​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ផ​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​រំ​លិ​ក​ខិត​ជិត​មក​ដល់ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​ស្នើ​ពលរដ្ឋ​ពិចារណា​ឲ្យ​ម៉ត់ចត់​ក្នុង​ការ​បោះ​ឆ្នោត​ជូន​គណបក្ស​នយោបាយ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​ថា សមត្ថភាព​ដឹកនាំ​ប្រទេស​បាន​រីក​ចម្រើន​អាស្រ័យ​លើ​ឧត្តមគតិ​ស្នេហា​ជាតិ​ជា​ចម្បង​គួប​ផ្សំ​នឹង​ការ​ខិតខំ​រៀនសូត្រ​ដក​ពិសោធន៍​ការងារ​ជាក់ស្តែង…

រាជធានី​ផ​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​រំ​លិ​ក​ខិត​ជិត​មក​ដល់ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​ស្នើ​ពលរដ្ឋ​ពិចារណា​ឲ្យ​ម៉ត់ចត់​ក្នុង​ការ​បោះ​ឆ្នោត​ជូន​គណបក្ស​នយោបាយ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​ថា សមត្ថភាព​ដឹកនាំ​ប្រទេស​បាន​រីក​ចម្រើន​អាស្រ័យ​លើ​ឧត្តមគតិ​ស្នេហា​ជាតិ​ជា​ចម្បង​គួប​ផ្សំ​នឹង​ការ​ខិតខំ​រៀនសូត្រ​ដក​ពិសោធន៍​ការងារ​ជាក់ស្តែង ព្រមទាំង​ស្តាប់​សំណូមពរ​របស់​ប្រជាជន​មក​គិតពិចារណា និង​មាន​វិធាន​ការណ៍​ដោះស្រាយ​ទាន់​ពេលវេលា ។

លោក​បញ្ជាក់​ថា «​បើ​ផ្អែក​តែ​លើ​សញ្ញាប័ត្រ ហើយ​អត់​មាន​ឧត្តមគតិ អត់​មាន​ស្គាល់​ការ​លំបាក​របស់​ប្រជាជន និង​សំណូមពរ​របស់​ប្រជាជន​នោះ​មិន​អាច​ធានា​ការ​ដឹកនាំ​បាន​ឡើយ​ដូច​ករណី​ទណ្ឌិត​សម រង្សី មាន​តែ​សញ្ញាប័ត្រ​អត់​ដែល​ដឹង​សុខទុក្ខ​របស់​ប្រជាជន​មិន​បាន​ប្រឡូក​ក្នុង​ចលនា​មហាជន​ប្រជាជន ធ្វើ​ម៉េច​ចេះ​យកចិត្តទុកដាក់​លើ​ប្រជាជន ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​បាន​តាម​សំណូមពរ ។ ហេតុនេះ​សម​រង្សី​ចេះ​ត្រឹម​ជា​ការ​និយាយ​ជា​ទ្រឹស្តី ចេះ​តែ​សន្យា​ចេះ​តែ​លាប​ពណ៌​គេ​អ្នក​ដទៃ​» ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ពី​របប​ក្នុង​សម័យ​ខ្មែរក្រហម​ដូច​ជា​ប៉ុ​ល ពត អៀង សារី ខៀវ សំ​ផ​ន​ទោះបីជា​បញ្ញវ័ន្ត​ក្តី​តែ​គ្មាន​បានការ​សោះ តែ​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ តើ ស្លាប់​ប្រជាជន​កម្ពុជា​អស់​ប៉ុន្មាន ? អស់​រាប់​លាន​នាក់ ? ដូច្នេះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រី​ស​រើស​យក​មេដឹកនាំ​ប្រទេស​គប្បី​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​មិន​អាច​លំ​ៗ​បានជា​ដាច់ខាត ពីព្រោះ ជា​ជោគវាសនា អនាគត​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​យើង​ទាំងមូល ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​តាម​រយៈ​ការ​បោះ​ឆ្នោត​ខុស គឺ​វា​ជា​ការ​ឆោតល្ងង់​ដែល​ជ្រើសរើស​មេដឹកនាំ​ខុស នាំ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន ។
ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ដែរ​លោក យ៉ែ​ម បុញា​ឬ​ទ្ធិ​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា ការ​តស៊ូ​របស់​បុព្វបុរស​យើង​ក្នុង​ការ​ចូលរួម​ថែរក្សា​ការពារ​មាតុភូមិ​កម្ពុជា​ក៏​ដូច​ជា ការ​អភិវឌ្ឍ​កន្លង​មក​បាន​បន្សល់​ទុក​នូវ​ទាំង​ភាព​បរាជ័យ និង​ភាព​ជោគជ័យ​ដែល​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​រួម​មាន​មហិច្ឆតា​បុគ្គល មហិច្ឆតា​បរទេស​ឈ្លានពាន ដែល​ខ្មែរ​យើង​បាន​សង្កេត​ឃើញ​ជា​និច្ចកាល គឹ​យុទ្ធសាស្ត្រ​បំផ្លាញ​សាមគ្គី​ជាតិ ។

លោក​បន្ត​ថា ការ​តស៊ូ​ដ៏​ស្វិតស្វាញ​កន្លះ​សតវត្ស​ចុង​ក្រោយ​នេះ ដើម្បី​ឯករាជ្យ​ជាតិ ដើម្បី​ការ​រស់រាន​មានជីវិត ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ឡើង​វិញ​បាន​បោះ​ជំហាន​ទៅ​មុខគួរ​ឱ្យ​កត់សម្គាល់ ទន្ទឹម​នឹង​នោះ ការ​តស៊ូ​បណ្តុះ​គោលការណ៍​សិទ្ធិ​មនុស្ស​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​សង្គម​ឡើង​វិញ ។

យ៉ាងណា​ក្តី​លោក​ក៏​បាន​លើក​ឡើង​ថា ការ​តស៊ូ​ដ៏​ស្វិតស្វាញ​ដែល​បាន​បោះ​ជំហាន​ទៅ​មុខ​មក​ជួបនឹង​កល​យុគ្គ ២០១៧-២០១៨ ដែល​ឈាន​ដល់​ការ​បែកបាក់​ជាតិ​យ៉ាង​ធំ ហើយ​ការ​ប្រមូល​ផ្តុះ​អំណាច​ការ​បិទ​បាំង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ការ​បង្ខំ​សម្លុត​គម្រាមកំហែង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ចាប់ផ្តើម​កម្រើក​ឡើង​វិញ ពេល​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ការ​ព្យាយាម​ផ្សះផ្សា​ជាតិ ការពារ​ឱ្យ​ខាង​តែ​បាន​កុំឱ្យ​ជាតិ​បែកបាក់ ។

ជាមួយ​គ្នា​នោះ​ដែរ​លោ​ក៏​បាន​លើក​ឡើង​ថា ដំណើរ​ឆ្ពោះទៅ​មូលដ្ឋាន​ភូមិ​ឃុំ​យើង​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន មាន​យុវជន​ជា​ច្រើន​បាន​ចូលរួម​ធ្វើ​សកម្មភាព ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដោយ​សមានចិត្ត​ស្ម័គ្រចិត្ត​លះបង់​ពេលវេលា​ប្រាក់​កាស​ថែម​ទាំង​សុខចិត្ត​បិទទ្វារ​អាជីវកម្ម​ខកខាន​ការ​សិក្សា​រៀនសូត្រ និង​ការងារ​ផ្សេង​ៗ ។

សូម​ជម្រាប​ថា ទោះបីជា​មានការ​លើក​ឡើង​បែប​ណា​ក្តី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​តែ​ដំណើរការ​ជា​ធម្មតា ។ គឺ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​២០​គណបក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ