រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មមួយចំនួន ដែលរំលោភចិញ្ចើមផ្លូវសាធារណៈ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរ ។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក គ្រួច សុធន់ នាយករងរដ្ឋបាល និងលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរង ទទួលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់អាជីវកម្មមួយចំនួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្បែរបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលយកផ្លូវសាធារណៈ ប្រកបអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សាធារណៈជន អ្នកធ្វើដំណើរ ។
លោក គ្រួច សុធន់ នាយករងរដ្ឋបាល នៃរដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ថា អាជ្ញាធរខណ្ឌ តែងចុះរៀបចំជាប្រចាំ តាមបណ្ដាផ្លូវផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌ បានណែនាំដល់បងប្អូនម្ចាស់អាជីវកម្ម សូមចូលរួមជាមួយអាជ្ញាធរខណ្ឌ ដើម្បីរក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ។
លោកបានបន្ថែមថា ពេលចុះរៀបចំសណ្ដាប់ធ្នាប់នេះ លោកបានណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកគ្រប់គ្រងសាលារៀនឯកជន និងទីតាំងជួសជុលរថយន្ត ចូលរួមរក្សារសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណត បង្កការកក់ស្ទះ ត្រូវរក្សាសម្រាប់អ្នកធ្វើដំណើរ ៕




ចែករំលែកព័តមាននេះ