ខេត្តស្ទឹងត្រែង៖ ក្នុងអំឡុងពេលដែលអាកាសធាតុកំពុងឡើងកម្តៅខ្លាំង កសិករនៅក្នុងខេត្តស្ទឹង
ត្រែងបាននិងកំពុងនាំគ្នាផ្លាស់ប្តូរទម្លាប់ពីការលក់ដំឡូងមីស្រស់ មកជាការកាប់ហាលស្ងួតវិញ ដែលវិធីសាស្ត្រនេះអាចជួយឱ្យពួកគេទទួលបានប្រាក់ចំណូលខ្ពស់ជាងមុនជិតមួយទ្វេជាពីរ។
នៅក្នុងសកម្មភាពនៃការប្រមូលផលរបស់កសិករនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុក សេសាន នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ លោក សេក ឡោម កសិករក្នុងតំបន់បានឱ្យដឹងថា ៖ទោះបីជាការកាប់ហាលត្រូវចំណាយកម្លាំង និងពេលវេលាបន្ថែម ប៉ុន្តែវាជាជម្រើសដ៏ល្អបំផុតក្នុងរដូវក្ដៅនេះ។លោកបញ្ជាក់ថា ការលក់ដំឡូងស្រស់អាចធ្វើឱ្យកសិករខាតបង់ប្រាក់ចំណូលជិតពាក់កណ្តាល បើធៀបនឹងការលក់ដំឡូងស្ងួត។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី រើយ មៀច ក៏បានលើកឡើងពីភាពខុសគ្នានៃតម្លៃយ៉ាងដូច្នេះថា៖ដំឡូងស្រស់ តម្លៃចន្លោះពី ២៦០ ទៅ ៣០០ រៀល ក្នុងមួយគីឡូក្រាម។ឯដំឡូងហាលស្ងួត តម្លៃចន្លោះពី ៥១០ ទៅ ៧០០ រៀល ក្នុងមួយគីឡូក្រាម។លោកស្រីបន្ថែមថា៖ទោះបីយើងត្រូវហត់នឹងការចំណាយកម្លាំងពលកម្មបន្តិច ប៉ុន្តែវាជួយលើកកម្ពស់តម្លៃកសិផលរបស់យើង និងធ្វើឱ្យយើងទទួលបានប្រាក់ចំណេញច្រើនសម្រាប់គ្រួសារ។
ម្ចាស់ដេប៉ូទទួលទិញកសិផលក្នុងឃុំក្បាលរមាស លោក សន ស៊ីន បានបង្ហាញការគាំទ្រចំពោះភាពឧស្សាហ៍ព្យាយាមរបស់កសិករ។ លោកពន្យល់ថា ទីផ្សារមានតម្រូវការដំឡូងស្ងួតខ្លាំងជាងដំឡូងស្រស់ ដោយសារវាអាចរក្សាទុកបានយូរ ងាយស្រួលក្នុងការនាំចេញ និងមិនសូវត្រូវបានឈ្មួញកាត់ថ្លៃច្រើន។ គេមើលឃើញថាការសហការគ្នារវាងកសិករ និងម្ចាស់ដេប៉ូតាមរយៈកិច្ចព្រមព្រៀងនានា កំពុងជួយឱ្យជីវភាពរស់នៅតាមជនបទមានភាពប្រសើរឡើងជាលំដាប់។
សកម្មភាពទាំងនេះ គឺស្របទៅនឹងគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជំរុញឱ្យមាន សន្តិសុខស្បៀងមានហូប មានប្រើ និងសេដ្ឋកិច្ចមាននិរន្តរភាព។
យោងតាមទិន្នន័យពីមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០២៦នេះ ខេត្តបានបង្កើតសហ
គមន៍ដំឡូងមីចំនួន ៤៥ សហគមន៍ ដែលមានសមាជិកជាង ៥,០០០ គ្រួសារ និងមានផ្ទៃដីដាំ
ដុះសរុបជិត ៣ម៉ឺនហិកតា។
តួលេខនេះសបញ្ជាក់ឱ្យឃើញថា ដំឡូងមីគឺជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចក្នុងខេត្តភាគឦសានមួយនេះ៕









ចែករំលែកព័តមាននេះ