ទីក្រុងហាណូយ ៖ រដ្ឋាភិបាលវៀតណាមកំពុងមានគម្រោងលុបចោលពន្ធនាំចូលប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងគ្រាមានការរំខាន ដែលបង្កឡើងដោយជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ថា ការលុបចោលពន្ធនាំចូលប្រេងឥន្ធនៈ ត្រូវបានរំពឹងថានឹងមានរយៈពេលរហូតដល់ចុងខែមេសា ដោយបន្ថែមថា ក្រសួងហិរញ្ញវត្ថុកំពុងរៀបចំដំណោះស្រាយពាក់ព័ន្ធរឿងនេះ។
ពន្ធនាំចូលលើប្រេងឥន្ធនៈរបស់វៀតណាមមានរហូតដល់ ២០% ដោយភាគច្រើននៃការនាំចូលគឹពីប្រទេសដែលវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដែលត្រូវបានលើកលែងពីពន្ធ។
តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាមបានកើនឡើងរួចទៅហើយពី ២១% ទៅ ៣២% ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ រដ្ឋាភិបាលវៀតណាមបានអះអាងថា ការលុបចោលពន្ធរហូតដល់ចុងខែមេសា នឹងកាត់បន្ថយចំណូលរដ្ឋចំនួន ១.០២ ទ្រីលានដុង ឬ ៣៩ លានដុល្លារអាមេរិក។
រដ្ឋាភិបាលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានឱ្យដឹងថា «ដំណោះស្រាយលុបបំបាត់ពន្ធនេះ ត្រូវបានចាត់ទុកថា ចាំបាច់ដើម្បីគាំទ្រដល់អាជីវកម្មនានាក្នុងការធានាប្រភពផ្គត់ផ្គង់របស់ពួកគេ ដោយចូលរួមចំណែកដល់ការធ្វើឱ្យទីផ្សារប្រេងឥន្ធនៈក្នុងស្រុកមានស្ថិរភាព និងធានាសន្តិសុខថាមពលជាតិ៕

ចែករំលែកព័តមាននេះ