សង្គ្រាមអ៉ីរ៉ង់ ៖ អណ្ដាតភ្លើង និងពពកផ្សែងយ៉ាងខ្មួលខ្មាញ់ បានរាតត្បាតរដ្ឋធានីអ៉ីរ៉ង់ បន្ទាប់ពីទីតាំងស្តុកប្រេង៤កន្លែង និងទីតាំងភស្ដុភារនៃផលិតផលប្រេងមួយ រងការវាយប្រហារនាពេលយប់ថ្ងៃទី៧ មក៨មីនា ដោយអាមេរិក និងអ៉ីស្រាអែល លើក្រុងតេហេរ៉ង់និងតំបន់ជុំវិញ ។ នេះជាការគូសបញ្ជាក់កាលពីថ្ងៃទី៨ មីនា របស់អ្នកទទួលខុសត្រូវអ៉ីរ៉ង់ម្នាក់។ មនុស្ស៤នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារទាំងនេះ ។ ប៉ុន្មានម៉ោងក្រោយមកក្រុងវ៉ាស៊ីនតោនបានបដិសេធថា មិនបានវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់ឡើយ ។

មេដឹកនាំក្រុមហ៊ុនជាតិចែកចាយផលិតផលប្រេងអ៉ីរ៉ង់ លោកកេរ៉ាម៉ាតវេសា្ករ៉ាមី បញ្ជាក់ប្រាប់ទូរទស្សន៍អ៉ីរ៉ង់ថា ទីតាំងប្រេងដល់៦កន្លែងរងការវាយប្រហារ និងរងការខូចខាត តែភ្លើងឆេះត្រូវបានគ្រប់គ្រងបានហើយ ។ និយោជិតរបស់យើង៤នាក់ ក្នុងនោះមានអ្នកបើករថយន្ត២នាក់បានត្រូវស្លាប់ ។ នេះជាការវាយប្រហារលើកដំបូងប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់តាំងពីចាប់ផ្ដើមសង្គ្រាមពីថ្ងៃទី២៨ កុម្ភៈ មក ។ តាមកាសែតញូវយ៉កថែមថា រហូតមកទល់ពេលនេះការវាយប្រហាររបស់អ៉ីស្រាអែលនិងអាមេរិក សំដៅជាពិសេសកម្ទេចបណ្ដាទីបញ្ជាការដ្ឋានយោធាអ៉ីរ៉ង់និងបំផ្លាញសមត្ថភាពរបស់ប្រទេសនោះ ក្នុងការផលិតនិងការបាញ់មីស៊ីល ។
ក្រោយការវាយប្រហារលើបណ្ដាទីតាំងស្តុកប្រេងទាំងនោះមក ការចែកចាយប្រេងនៅក្រុងតេហេរ៉ង់ត្រូវបានផ្អាកបណ្ដោះអាសន្ន។ នេះជាការអះអាងរបស់អភិបាលក្រុងតេហេរ៉ង់លោកម៉ូហាម៉ាដដាដេសម៉ូតាមេឌីយ៉ាន។ លោកថាសភាពការណ៍កំពុងតែដោះស្រាយ។ កងទ័ពអ៉ីស្រាអែលនិយាយថា បានវាយប្រហារអាងស្តុកប្រេងជាច្រើនដែលខ្លួនថា អ៉ីរ៉ង់ប្រើ សម្រាប់ដំណើរការបណ្ដាហេដ្ឋារចនាសម្ព័ន្ធយោធា។ បន្ទាប់មក អ៉ីស្រាអែលប្រកាសពីរលកថ្មីនៃការវាយប្រហារបណ្ដាទីតាំងយោធាអ៉ីរ៉ង់តាមកន្លែងជាច្រើនក្នុងប្រទេសនោះ។
ពេលដែលអាមេរិកនិងអ៉ីស្រាអែលបន្តវាយប្រហារខ្លាំងក្លា ចូលដល់ថ្ងៃទី១០ អ់ីរ៉ង់អះអាងនាថ្ងៃទី៨មីនាថា ខ្លួនអាចបន្តប្រយុទ្ធជាមួយអាមេរិក និងអ៉ីស្រាអែលបានយ៉ាងតិច៦ខែទៀត ។
សង្គ្រាមនៅអ៉ីរ៉ង់មកដល់ថ្ងៃទី៨ មីនា ឈានចូលថ្ងៃទី៩ ជាថ្ងៃមានការវាយប្រហារតាមអាកាសរបស់អ៉ីរ៉ង់នាពេលយប់ថ្មីៗ ក្នុងប្រទេសជាច្រើននៅឈូងសមុទ្រពែរ្ស៍។ លោកអាលីម៉ូហាម៉ាដណាអ៉ីនី អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ថ្លែងថា កងទ័ពអ៉ីរ៉ង់មានលទ្ធភាពបន្តសង្គ្រាមខ្លាំងក្លាដូចក្នុងសង្វាក់បច្ចុប្បន្នបានយ៉ាងតិច៦ខែទៀត។
ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំវិញ បានលើកកាលពីថ្ងៃទី៧មីនា ពីលទ្ធភាពបញ្ជូនកងទ័ពជើងគោកអាមេរិកមកកាន់ដែនដីអ៉ីរ៉ង់ ដើម្បីត្រួតត្រាការស្តុកអ៊ុយរ៉នីញ៉ូមចម្រាញ់របស់ប្រទេសនោះ ។ សង្គ្រាមនៅអ៉ីរ៉ង់កំពុងបង្កអស្ថេរភាពក្នុងតំបន់មជ្ឈឹមបូព៌ាទាំងមូលនិងហួសពីនេះទៀតពិសេសនាំឲ្យប៉ះពាល់ដល់ផលិតកម្មនិងការចែកចាយប្រេងនិងឧស្ម័នលើពិភពលោក នាំឲ្យតម្លៃប្រេងនិងឧស្ម័នកើនឡើងខ្ពស់បំផុត ។
នៅគុយវ៉ែតបណ្ដាដ្រូនអ៉ីរ៉ង់វាយប្រហារបណ្ដាអាងស្តុកប្រេងនៃព្រលានយន្តហោះអន្តរជាតិ ។
ក្រសូងការពារប្រទេសនេះ បានបរិហារដល់ការវាយប្រហារប្រឆាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់
មួយ។ នៅអារ៉ាប៊ីសាអូឌីតសង្កាត់ការទូតក្រុងរីយ៉ាដ រងការវាយប្រហារដោយដ្រូន។ អាជ្ញាធរអ៉ី
រ៉ង់លើកឡើងពីមនុស្សជាង១០០០នាក់ស្លាប់នៅអ៉ីរ៉ង់តាំងពីចាប់ផ្ដើមសង្គ្រាមមកក្នុងនោះ៣០%ជាកុមារ ៕
ចែករំលែកព័តមាននេះ