ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​តម្លៃ​មាស ​ធ្លាក់​ចុះ​យ៉ាង​គំហុក ខណៈ​ដែល​សង្គ្រា.ម​មជ្ឈិមបូព៌ា​កាន់តែ​ក្តៅ​ខ្លាំង?

1 នាទី មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​សម្ពាធ​ពី​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​កើនឡើង និង​ការ​ព្រួយបារម្ភ​ពី​អត្រា​ការ​ប្រាក់​ខ្ពស់ ខណៈ​ដែល​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​បន្ត​ដល់​ស​ប្តា​ហ៍​ទី ២ ហើយ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើន​លើស​ពី ១១០ ដុល្លារ​ក្នុង​១​បារ៉ែល…

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​សម្ពាធ​ពី​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​កើនឡើង និង​ការ​ព្រួយបារម្ភ​ពី​អត្រា​ការ​ប្រាក់​ខ្ពស់ ខណៈ​ដែល​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​បន្ត​ដល់​ស​ប្តា​ហ៍​ទី ២ ហើយ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើន​លើស​ពី ១១០ ដុល្លារ​ក្នុង​១​បារ៉ែល (​ធុង​)​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Bloomberg ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦​។

តម្លៃ​មាស​អន្តរជាតិ​ធ្លាក់​ចុះ​ដល់ ២,៥% មក​នៅ​ក្រោម ៥,០៥០ ដុល្លារ​ក្នុង​មួយ​អោន ឬ ៦ ០៨៤ ដុល្លារ​ក្នុង​១​តម្លឹង​ក្នុង​ការ​ជួញដូរ​ដំបូង​នៃ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ មុន​ពេល​រក្សា​តម្លៃ​ត្រឹម ៥ ០៧៥ ដុល្លារ​/​អោន ឬ ៦ ១១៤ ដុល្លារ​/​តម្លឹង គិត​ត្រឹម​ម៉ោង ៩ និង ៣០ នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)​។

ក្រុមហ៊ុន​ផលិត​ប្រេង​ធំ​ៗ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស (Persian Gulf) បាន​កាត់​បន្ថយ​ផលិតផល​របស់​ខ្លួន ដោយសារ​តែ​សង្គ្រាម​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល​ជាមួយ​អ៊ី​រ៉​ង់ ដែល​មិន​ទាន់​បង្ហាញ​សញ្ញា​ថមថយ ឬ​ដំណោះស្រាយ​ណាមួយ​នៅឡើយ ចំ​ពេល​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​ដល់​ទៅ ០,៦%​។

បើ​ទោះជា​ការ​ជួញដូរ​មាន​ភាព​ប្រែប្រួល និង​សន្ទុះ​តម្លៃ​កើនឡើង​បាន​ជាប់​គាំង​ក៏​ពិតមែន ប៉ុន្តែ​មាស​នៅ​តែ​កើនឡើង​ប្រហែល ១៧% រហូត​ទល់​ពេល​នេះ សម្រាប់​ឆ្នាំ​២០២៦​។ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​សកល និង​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ក៏​ដូច​ជា​ការ​គំរាមកំហែង​ដល់​ឯករាជ្យ​ភាព​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក (Fed) បាន​ជំរុញ​តម្លៃ​មាស​ដែល​ត្រូវ​បាន​ចាត់ជា​ទ្រព្យសកម្ម​ដ៏​មាន​សុវត្ថិភាព​បំផុត អំឡុង​ពេល​ភាព​មិន​ប្រាកដប្រជា​សកល​នោះ​បាន​កើនឡើង ដោយ​បំបែក​កំណត់​ត្រា​តម្លៃ​ជា​បន្តបន្ទាប់​។ ការ​ទិញ​របស់​បណ្តា​ធនាគារកណ្តាល​ពិភពលោក​កើនឡើង ក៏​បាន​គាំទ្រ​ដល់​កំណើន​តម្លៃ​ផង​ដែរ ជា​ពិសេស​ធនាគារ​ចិន​បាន​ទិញ​មាស​បន្ថែម​ទៀត​នៅ​ក្នុង​ខែកុម្ភៈ ដោយ​ពង្រីក​ការ​ទិញ​របស់​ខ្លួន​ដល់ ១៦ ខែ​ជាប់​គ្នា​។

អ្នកជំនាញ កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ លើក​ឡើង​ថា ការ​បញ្ចប់​ជម្លោះ​ឆាប់រហ័ស​ទំនងជា​នឹង​ធ្វើ​ឱ្យប្រាក់​ដុល្លារ​ធ្លាក់​ចុះ ហើយ​ពេល​នោះ មាស​នឹង​ឡើងថ្លៃ ខណៈ​សង្គ្រាម​អូស​បន្លាយ​នឹង​ធ្វើ​ឱ្យប្រាក់​ដុល្លារ​ឡើងថ្លៃ ដោយសារ​ការ​រំពឹង​ទុក​នៃ​អតិផរណា​ខ្ពស់ ដែល​ជា​លទ្ធផល​បង្កើត​លទ្ធភាព​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ